ពេល​ដែល​ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់ ឈ្មោះ​វីលី(Willie) ត្រូវ​គេ​ចាប់​ជំរិត ក្នុង​ទី​ធ្លា​មុខ​ផ្ទះ កាល​ពី​ឆ្នាំ​២០១៤ គាត់​ក៏បាន​ច្រៀង​បទ​ចម្រៀង​ដំណឹង​ល្អ​ដែល​គាត់​ចូល​ចិត្ត មាន​ចំណង​ជើង​ថា ការ​សរសើរ​ដំកើង​នីមួយ​ៗ ។ គាត់​ក៏​បានច្រៀង​បទ​នេះ​ម្តង​ហើយ​ម្តង​ទៀត។ នៅ​ក្នុង​រយៈ​ពេល​បី​ម៉ោង​ដ៏​លំបាក​នោះ វីលី​នៅ​តែ​បន្ត​ច្រៀង ដោយ​មិន​ខ្វល់​អំពីការ​បញ្ជា​របស់​អ្នក​ចាប់​ជំរិត ដែល​បាន​ប្រាប់​គាត់​ជា​ច្រើន​ដង ឲ្យ​ឈប់​ច្រៀង ខណៈ​ពេល​ដែល​ឡាន​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ។ ទី​បំផុត អ្នក​ចាប់​ជំរិត​ក៏​បាន​ឲ្យ​វីលី​ចេញ​ពី​ក្នុង​ឡាន ដោយ​សុវត្ថិ​ភាព។ ក្រោយ​មក វីលី​ក៏​បាន​រៀប​រាប់ អំពី​រឿង​ដែល​គាត់​បាន​ជួប​ប្រទះ​នោះ​ថា ពេល​ដែល​អារម្មណ៍​​ភ័យ​ខ្លាច​របស់​គាត់​ប្រែ​ក្លាយ​ជា​សេចក្តី​ជំនឿ អ្នក​ចាប់​ជំរិត​ហាក់​ដូច​ជា​មាន​ការ​ប៉ះ​ពាល​ចិត្ត ដោយ​សារ​បទ​ចម្រៀង​មួយ​បទ​នោះ។

ការ​ឆ្លើយ​តប​របស់​វីលី ចំពោះ​ស្ថានភាព​ដ៏​លំបាក​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ដែល​សាវ័ក​ប៉ុល​និង​លោក​ស៊ីឡាស​បាន​ជួប​ប្រទះ។ បន្ទាប់​ពី​ពួកទាហាន​បាន​វាយ​ដំ​ពួក​គេ ហើយ​ដាក់​ពួក​គេ​នៅ​ក្នុង​គុក ពួក​គេ​ក៏​បាន​ឆ្លើយ​តប ដោយ​ការ “​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ។ នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ”(កិច្ចការ ១៦:២៥-២៦)។

បន្ទាប់​ពី​មេភូឃុំ​បាន​ឃើញ​អំណាច​ចេស្តាដ៏​អសារ្យ​របស់​ព្រះ​ បង្ហាញ​ចេញ​មក​តាម​រយៈ​អ្នក​ទាំង​ពីរ គាត់​ក៏​បាន​ទទួល​ជឿ​ព្រះ ហើយ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​មួយ​គាត់​ផង​ដែរ​(ខ.២៧-៣៤)។ តាម​រយៈ​ការ​សរសើរ​ដំកើង​ព្រះ ច្រវ៉ាក់​ខាង​រូប​កាយ និង​ខាង​វិញ្ញាណ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ពេល​យប់​នោះ។

យើង​កម្រ​នឹង​បាន​ឃើញ​ការ​រំដោះ​ដ៏​អស្ចារ្យ ដូច​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស ឬ​ដូច​វីលី។ ប៉ុន្តែ យើង​ដឹង​ថា ព្រះ​ទ្រង់​ឆ្លើយ​តប​ចំពោះ​ការ​សរសើរ​ដំកើង​របស់​រាស្រ្ត​ទ្រង់! ពេល​ដែល​ទ្រង់​ធ្វើ​ការ​របស់​ទ្រង់ ច្រវាក់​ក៏​បាន​របូត​ចេញ។ —REMI OYEDELE