នៅ​ក្នុង​ខ្សែ​ភាព​យន្ត​របស់​ប្រទេស​ដាណឺម៉ាក មាន​ចំណង​ជើង​ថា ពិធី​ជប់​លៀង​របស់​បាបេត(Babette) គេ​ឃើញ​មាន​ជន​ភាស​ខ្លួន​ម្នាក់​ឈ្មោះ​បាបេត​បាន​បង្ហាញ​មុខ​ក្នុង​ភូមិ​មួយ នៅ​មាត់​សមុទ្រ។ មាន​បង​ប្អូន​ស្រី​ពីរ​នាក់ ដែល​ជា​ចាស់​ទុំ និង​អ្នក​ដឹក​នាំ​ខាង​ជំនឿ នៅ​ក្នុង​សហគមន៍​នោះ បាន​ឲ្យ​នាង​ចូល​ជ្រក​កោន​នៅ​ក្នុង​ភូមិ​របស់​ពួក​គេ ហើយ​បាបេត​ក៏​បាន​ធ្វើ​ការ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ​របស់​ពួក​គេ​អស់​រយៈ​ពេល​១៤​ឆ្នាំ។ ពេល​​គាត់​សន្សំ​បាន​លុយ​ច្រើន គាត់​ក៏បាន​អញ្ជើញ​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​របស់​គាត់​ដែល​មាន​គ្នា​១២​នាក់ ឲ្យ​មក​ចូល​រួម​ជា​មួយ​នាង នៅ​ក្នុង​ការ​បរិភោគ​ម្ហូប​ថ្លៃ​ៗ​របស់​ជន​ជាតិ​បារាំង ដែល​មាន​ពង​ត្រី​ប្រឡាក់ ក្រួច​បំពង​ម្ស៉ៅ​មី និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត។

ពេល​ដែល​ពួក​គេ​ញាំ​អាហារ​ចប់​មួយ​វគ្គ​ហើយ ភ្ញៀវ​ទាំង​ឡាយ​ក៏​បាន​សម្រាក ដោយ​ខ្លះ​បាន​រក​ឃើញ​ការ​អត់​ទោសបាប ខ្លះ​រក​ឃើញ​ចំណង​នៃ​សេចក្តី​ស្រឡាញ់​ឡើង​វិញ ហើយ​ខ្លះ​ទៀត​ក៏​បាន​ចាប់​ផ្តើម​រាប់​ការ​អស្ចារ្យ​ដែល​ពួក​គេឃើ​ញ និង​សេចក្តី​ពិត​ដែល​ពួក​គេ​បាន​រៀន​កាល​ពី​ក្មេង។ ពួក​គេ​សួរ​ថា “តើ​យើង​នៅ​ចាំ​អ្វី​ដែល​គេ​បាន​បង្រៀន​យើង​ទេ? ក្មេង​ៗ​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”។ ពេល​ដែល​ការ​ញាំ​អាហារ​បាន​បញ្ចប់ បាបេត​ក៏​បាន​ប្រាប់​បង​ប្អូនទាំង​ពីរ​នាក់​នោះ​ថា នាង​បាន​ចំណាយ​លុយ​ទាំង​អស់​ដែល​នាង​បាន​សន្សំ ទៅ​លើ​អាហារ​ទាំង​នោះ។ ហើយ​ដើម្បី​ឲ្យមិត្ត​ភក្តិ​របស់​នាង​បាន​ញាំ​អាហារ ហើយ​បើក​ចំហរ​ចិត្ត នាង​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដែល​រាប់​បញ្ចូល​ទាំង​ឱកាសវិល​ត្រឡប់​ទៅ​រក​ជីវិត​ចាស់​របស់​នាង ដែល​ជា​ចុង​ភៅ​ដ៏​ល្បី​ល្បាញ នៅ​ទីក្រុង​បារីស។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​លើ​ផែនដី ក្នុង​នាម​ជា​អ្នក​ក្រៅ និង​អ្នក​បម្រើ ហើយ​ទ្រង់​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​​ចម្អែត​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​យើង។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន ទ្រង់​បាន​រំឭក​អ្នក​ស្តាប់​របស់​ទ្រង់​ថា កាល​បុព្វ​បុរស​របស់​ពួក​គេ​បាន​វិល​វល់​នៅ​ក្នុង​វាល​រហោ​ស្ថាន ដោយ​ការ​ស្រេក​ឃ្លាន ព្រះ​ជាម្ចាស់​បាន​ប្រទាន​សត្វ​ក្រួច និង​នំប៉័ង ដើម្បី​ចម្អែត​ពួក​គេ​(និក្ខមនំ ១៦)។ អាហារ​នោះ​អាច​ចម្អែត​ពួក​គេ​បាន​មួយពេល តែ​ព្រះ​យេស៊ូវ​បាន​សន្យា​ថា អ្នក​ដែល​បាន​ទទួល​ទ្រង់ ជា “នំប៉័ង​នៃ​ជីវិត” និង “មាន​ជីវិត​អស់​កល្ប​ជា​និច្ច”(យ៉ូហាន ៦:៤៨,៥១)។ ការ​លះ​បង់​របស់​ទ្រង់ បាន​ចម្អែត​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​យើង។—AMY PETERSON