មាន​ពេល​មួយ​ខ្ញុំ​ឃើញ​គេ​ផ្សាយពាណិជ្ជ​កម្ម ដោយ​និយាយ​ថា “នេះ​ជា​ស្រោម​ជើង​ដែល​មាន​ផា​សុខភាព​បំផុត នៅ​ក្នុងប្រវត្តិ​សាស្រ្ត​របស់​ជើង”។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ នាំ​ឲ្យ​ខ្ញុំ​មាន​ទឹក​មុខ​ញញឹម។ បន្ទាប់​មក អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏បាន​អះ​អាង​ថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ជើង​របស់​បុរស​ស្រ្តី​ទាំង​ឡាយ ហើយ​ក៏​បាន​បន្ថែម​ទៀត​ថា ដោយសារ​ជន​អនាថា​នៅ​ប្រទេស​ត្រជាក់ ត្រូវ​ការ​ស្រោម​ជើង​ខ្លាំង​ជាង​សម្លៀក​បំពាក់ ដូច្នេះពេល​ដែល​គេ​ជាវ​ស្រោម​ជើង​មួយគូរ ក្រុម​ហ៊ុន​របស់​គាត់​នឹង​បរិច្ចាក​ស្រោម​ជើង​មួយ​គូរ​ដល់​អ្នក​ទាល់​ក្រ។

សូម​យើង​នឹក​ស្រមៃ​អំពី​ស្នាម​ញញឹម​ដែល​កើត​មាន ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​ជើង​បុរស​ម្នាក់​ឲ្យ​ជា បន្ទាប់​ពី​គាត់​បាន​ពិការ​មិន​អាច​ដើរ​បាន​អស់​រយៈ​ពេល​៣៨​ឆ្នំា​(យ៉ូហាន ៥:២-៨)។ ឥឡូវ​នេះ សូម​យើង​ងាក​មក​ស្រមៃ​អំពី​ទឹក​មុខ​របស់​អ្នក​ដឹក​នាំ​សាសនា នៅ​សម័យ​នោះ ដែល​មិន​មាន​ការ​រំភើប​ចិត្ត ចំពោះ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រោស​ជើង ឬ​ចិត្ត​របស់​មនុស្ស ដែល​ត្រូវ​ការ​ជំនួយ​អស់​ជា​ច្រើន​ឆ្នាំ។ ពួក​គេ​បាន​ចោទ​បុរស​នោះ និង​ព្រះ​យេស៊ូវ​ថា បាន​បំពាន​ច្បាប់សាសនា ដែល​បាន​ហាម​មិន​ឲ្យ​ធ្វើ​ការ នៅ​ថ្ងៃ​ឈប់​សម្រាក​(ខ.៩-១០,១៦-១៧)។ ពួក​គេ​មើល​ឃើញ​តែ​ច្បាប់​សាសនា ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ទត​ឃើញ​មនុស្ស ដែល​ត្រូវ​ការ​សេចក្តី​មេត្តា។

នៅ​ពេល​នោះ បុរស​នោះ​មិន​ទាំង​បាន​ដឹង​ថា នរណា​បាន​ឲ្យ​គាត់​មាន​ជើង​ថ្មី​នោះ​ទេ។ ក្រោយ​មក គាត់​ក៏​អាច​និយាយ​ថា ព្រះ​យេស៊ូវ​បាន​ប្រោស​គាត់​ឲ្យ​ជា​(ខ.១៣-១៥)​។ ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បាន​អនុញ្ញាត​ឲ្យ​គេ​ដំ​ជើង​ទ្រង់​នឹង​ដែកគោល ជាប់​នឹង​ឈើ​ឆ្កាង ដើម្បី​ប្រទាន​ដំណឹង​ដែល​ល្អ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​រូប​កាយ ចិត្ត និង​គំនិត​ដែល​ខ្ទេច​ខ្ទាំ ដល់​យើង​រាល់​គ្នា។ —MART DEHAAN