អេមា(Emma) ជា​យុវតី​អាយុ​១៨​ឆ្នាំ ដែល​បាន​ជជែក​អំពី​ព្រះ​យេស៊ូវ ដោយ​ចិត្ត​ស្មោះ​ត្រង់ នៅ​លើ​បណ្តាញ​សង្គម  ទោះ​គេ​បាន​រិះ​គន់​នាង ដោយសារ​នាង​មាន​ក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ដ៏​ឆេះ​ឆួល ចំពោះ​ព្រះ​គ្រីស្ទ​ក៏​ដោយ។ អ្នកខ្លះ​បាន​វាយ​ប្រហារ​នាង ដោយ​ទិទៀន​រូប​សម្រស់​របស់​នាង។ អ្នក​ខ្លះ​ទៀត​និយាយ​ថា នាង​ខ្វះ​បញ្ញា ដោយសារ​នាងមាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ។ ពាក្យ​សម្តី​ដ៏​សាហាវ​ទាំង​នោះ បាន​ចាក់​ចូល​ជ្រៅ​ទៅ​ក្នុង​ចិត្ត​របស់​អេម៉ា តែ​នាង​នៅ​តែ​បន្ត​ផ្សាយ​ដំណឹង​ល្អ ដោយ​ជំនឿ និង​សេចក្តី​ស្រឡាញ់​ដ៏​ក្លាហាន សម្រាប់​ព្រះ​យេស៊ូវ និង​អ្នក​ដទៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល នាង​ត្រូវ​បាន​ល្បួង​ឲ្យ​ជឿ​ថា អត្ត​សញ្ញាណ និង​តម្លៃ​របស់​នាង ត្រូវ​បាន​កំណត់​ដោយ​ការ​រិះ​គន់​របស់​អ្នក​ដទៃ។ ពេល​ដែល​នាង​មាន​អារម្មណ៍​បែប​នេះ នាង​ក៏​បាន​ទូល​សូម​ជំនួយ​មក​ពី​ព្រះ ដោយ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​បាន​បៀត​បៀន​នាង និង​ជញ្ជឹង​គិត​ព្រះ​បន្ទូល ក្នុង​ព្រះ​គម្ពីរ និង​អត់​ទ្រាំ​ដោយ​សេចក្តី​ក្លាហាន និង​ទំនុក​ចិត្ត ដែល​ព្រះវិញ្ញាណ​បាន​បណ្តាល​ឡើង ក្នុង​ចិត្ត​នាង។

លោក​គេ​ឌាន​បាន​ជួប​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដ៏​សាហាវ ពី​សាសន៍​មី​ឌាន​(ពួកចៅហ្វាយ ៦:១-១០)។ ព្រះ​ទ្រង់​បានហៅ​គាត់​ថា “អ្នក​ក្លាហាន​ដ៏​ពូកែ” តែ​គាត់​នៅ​តែ​មាន​ការ​សង្ស័យ ការ​ផ្តោត​ទៅ​លើ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ឯង និង​ខ្លាច​គ្រោះ​ថ្នាក់​(ខ.១១-១៥)។ គាត់​បាន​ទូល​សួរ​ព្រះ​អម្ចាស់​ម្តង​ហើយ​ម្តង​ទៀត អំពី​ព្រះ​វត្ត​មាន​របស់​ទ្រង់ និង​លក្ខណៈ​សម្បត្តិ​របស់​គាត់​ ប៉ុន្តែ ទី​បំផុត គាត់​ក៏​បាន​ចុះ​ចូល​ចំពោះ​ទ្រង់ ដោយ​ជំនឿ។

ពេល​ណា​យើង​ទុក​ចិត្ត​ព្រះ យើង​អាច​រស់​នៅ ដោយ​ជឿ​ជាក់​ថា អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​យើង គឺ​សុទ្ធ​តែ​ជា​ការ​ពិត។ ការ​បៀត​បៀន​នាំ​ឲ្យ​យើង​មាន​ការ​សង្ស័យ អំពី​អត្ត​សញ្ញាណ​របស់​យើង  ប៉ុន្តែ ស្ថិត​ក្នុង​ពេល​នោះ ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង នៅ​តែ​ធានា​ថា ព្រះ​វត្ត​មាន​ទ្រង់​នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច ហើយ​ទ្រង់​កំពុង​តែ​ប្រយុទ្ធ​ជំនួស​យើង។ ទ្រង់​បញ្ជាក់​ថា យើង​អាច​ដើរ​ដូច​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​ពូកែ ដែល​បំពាក់​ទៅ​ដោយ​គ្រឿង​សឹក​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ទ្រង់ និង​ការពារ​ដោយ​ព្រះ​គុណ​ដ៏​បរិបូរ និង​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​របស់​ទ្រង់ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត។—XOCHITL DIXON