មាន​ពេល​មួយ ខ្យល់​ព្យុះ​កំបុត​ត្បូង​ផ្លូរិន កំពុង​តែ​បក់​បោក​មក​លើ​ទីក្រុង​វីលមីងតុន រដ្ឋ​ឃែរ៉ូឡាយណា​ខាង​ជើង ដោយ​កម្លាំង​ដ៏​វិនាស​កម្ម។ ពេល​នោះ កូន​ស្រី​របស់​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ផ្ទះ​របស់​នាង។ នាង​បាន​រង់​ចំា​រហូត​ដល់​ពេល​ចុង​ក្រោយ ដោយ​សង្ឃឹម​ថា ខ្យល់​ព្យុះ​នឹង​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​វា។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន នាង​ក៏​បាន​ប្រញ៉ាប់​ប្រញ៉ាល់​ប្រមូល​ក្រដាស់ រូប​ថត និង​របស់​ទ្រព្យ​សំខាន់​ៗ ដោយ​សម្រេច​ចិត្ត​ថា អ្វី​ត្រូវ​ទុក អ្វី​ត្រូវ​យក​ទៅ។ ក្រោយ​មក នាង​ក៏​បាន​ប្រាប់​ខ្ញុំ​ថា នាង​មិន​នឹក​ស្មាន​ថា នាង​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ចាក​ចេញ​សោះ ប៉ុន្តែ នៅ​ពេល​នោះ នាង​មិន​ដឹង​ថា នឹង​មាន​អ្វី​ខ្លះ​នៅ​សេស​សល់​ពេល​ដែល​នាងត្រឡប់​មក​វិញ។

ខ្យល់​ព្យុះ​នៃ​ជីវិត​បាន​ចូល​មក​រក​យើង តាម​ទម្រង់​ខុស​ៗ​គ្នា​ជា​ច្រើន ដូច​ជា ខ្យល់​ព្យុះ​កំបុត​ត្បូង ខ្យល់​កូច​យក្ស​ថូនេដូ រញ្ជួយ​ដី ទឹក​ជំនន់ និង​បញ្ហា​ដែល​មិន​នឹក​ស្មាន​ដល់ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ប្តី​ប្រពន្ធ ឬ​ជា​មួយ​កូន បញ្ហា​សុខភាព ឬ​ហិរញ្ញ​វត្ថុ​ដែល​កើត​ឡើង​ភ្លាម​ៗ។  របស់​ជា​ច្រើន​ដែល​យើង​ឲ្យ​តម្លៃ អាច​ត្រូវ​ខ្យល់​ព្យុះ​ទាំង​នោះ​បក់​នាំ​យក​ទៅ​បាត់ ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក។

ព្រះ​គម្ពីរ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត ពេល​ដែល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន។ ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែនដី​ប្រែប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះ នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ”(ទំនុកដំកើង ៤៦:១-២)។

អ្នក​និពន្ធ​នៃ​ទំនុក​ដំកើង​នេះ ជា​កូន​ចៅ​ជំនាន់​ក្រោយ​របស់​បុរស​ម្នាក់​ដែល​ធ្លាប់​បម្រើ​ព្រះ តែ​ក្រោយ​មក​ក៏​បាន​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់ ហើយ​ក៏​ជួប​សេចក្តី​ហិន​វិនាស នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​(មើល​ជន​គណនា ២៦:៩-១១)។ បទ​គម្ពីរ​ទំនុក​ដំកើង​ទាំង​នោះ​បាន​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន និង​ការ​យល់​ដឹង​ស៊ី​ជម្រៅ អំពី​ភាព​ធំ​ប្រសើរ ក្តី​អាណឹត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ប្រោស​លោះ​ពួក​គេ។

បញ្ហា​ចូល​មក​ក្នុង​ជីវិត​យើង​មិន​ឈប់​ឈរ តែ​ព្រះ​ទ្រង់​ធំ​ជាង​បញ្ហា​ទាំង​អស់​នោះ។ អស់​អ្នក​ដែល​រត់​ទៅ​រក​ព្រះ​អង្គ​សង្រ្គោះ នឹងបាន​ដឹង​ថា គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​អង្គ​រង្គោះ​រង្គើរ​នោះ​ឡើយ។ នៅ​ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​របស់​ទ្រង់ យើង​អាច​រក​ឃើញ​កន្លែង​ដ៏​សុខ​សាន្ត។—JAMES BANKS