មាន​ពេល​មួយ​កូន​ស្រី​របស់​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ខ្ញុំ ដោយ​ការ​ភិត​ភ័យ ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើក​ឡាន ចូល​ទៅ​ក្នុង​ផ្លូវ​ចូល​ផ្ទះ។ នាង​សួរ​ខ្ញុំ​ថា “ប៉ា នៅឯណា?” ខ្ញុំ​ត្រូវ​ទៅ​ដល់​ផ្ទះ​នៅ​ម៉ោង​៦ ដើម្បី​ជូន​នាង​ទៅ​ហាត់​សម​ការ​សម្តែង​រឿង។ ខ្ញុំ​បាន​មក​ដល់​ផ្ទះទាន់​ម៉ោង​ហើយ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្លេង​របស់​កូន​ស្រី​ខ្ញុំ បាន​បង្ហាញ​ថា គាត់​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា “ប៉ា​នៅ​ទីនេះ​ទេ ហេតុ​អ្វី​កូន​មិន​ទុក​ចិត្ត​ប៉ា?”

ពេល​ដែល​ខ្ញុំ​និយាយ​ពាក្យ​នេះ​ចេញ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​មិន​បាន​ទុក​ចិត្ត​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌? នៅ​ពេល​ខ្លះ ខ្ញុំ​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង ខ្ញុំ​ក៏​ខ្វះ​ភាព​អត់​ធ្មត់​ផង​ដែរ។ ​ខ្ញុំ​ក៏​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ព្រះ​អង្គ គឺ​ពិបាក​នឹង​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ដូច​នេះ ខ្ញុំ​ក៏​បាន​សួរ​ព្រះអង្គថា “ព្រះវរបិតា តើ​ព្រះ​អង្គ​នៅ​ទីណា?”

ក្នុង​ពេល​ដែល​មាន​ភាព​តាន​តឹង និង​ភាព​មិន​ច្បាស់​លាស់ ជូន​កាល ខ្ញុំ​មាន​ការ​សង្ស័យ​ចំពោះ​ព្រះ​វត្ត​មាន​ព្រះ ឬ​ថែម​ទាំង​សង្ស័យ​ចំពោះ​សេចក្តី​ល្អ និង​បំណង​ព្រះ​ទ័យ​ដែល​ទ្រង់​មាន​ចំពោះ​ខ្ញុំ​ផង​ដែរ។ ពួក​អ៊ីស្រាអែល​ក៏​មាន​បញ្ហា​នេះ​ដែរ។ ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក​៣១ ពួក​គេ​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា ដោយ​ដឹង​ថា លោក​ម៉ូសេ ដែល​ជា​អ្នក​ដឹក​នាំ​របស់​ពួក​គេ ​នឹង​មិន​បាន​ចូល​ទឹក​ដី​សន្យា​ឡើយ។ លោក​ម៉ូសេ​ក៏​បាន​ព្យាយាម​កំឡា​ចិត្ត​រាស្រ្ត​របស់​ព្រះ ដោយ​រំឭក​ពួក​គេ​ថា “គឺ​ព្រះ​យេហូវ៉ាដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ”(ខ.៨)។

ព្រះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ព្រះ​បន្ទូល​សន្យា​នេះ​នៅ​តែ​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​យើង ក្នុង​ពេល​បច្ចុប្បន្ន​(មើល ម៉ាថាយ ១:២៣ និង ហេព្រើរ ១៣:៥)។ ជា​ការ​ពិត​ណាស់ បទ​គម្ពីរ​វិវរណៈ ២១:៣ បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា “មើល​រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ”។

តើ​ព្រះ​ទ្រង់​នៅ​ទីណា ពេល​យើង​មាន​បញ្ហា? ទ្រង់​នៅ​ក្បែរ​យើង​ជា​និច្ច រាល់​វេលា ដោយ​ត្រៀម​ជា​ស្រេច ដើម្បី​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង។—ADAM HOLZ