លោក​យូសែបពី វើឌី(Guiseppi Verdi ឆ្នាំ ១៨១៣-១៩១០) គឺ​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ដ៏​ល្បី​ល្បាញ។ កាល​គាត់​នៅ​ក្មេង គាត់​មាន​ចិត្ត​ស្រេក​ឃ្លាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ ហើយ​ការ​នេះ​ក៏​បាន​ជំរុញ​គាត់​ឲ្យ​ខិត​ខំ​ទាល់​តែ​បាន​ទទួល​ជោគ​ជ័យ។ លោក​វ៉រិន វៀស(Warren Wiersbe) បាន​សរសេរ​អំពី​លោក​យូសែប​ពី​យ៉ាង​ដូច​នេះ​ថា “ពេល​ដែល​លោក​យូសែបពី ចាប់​ផ្តើម​ការ​ប្រគុំ​តន្រ្តី​អូប៉េរ៉ា ជា​លើក​ទី​១ នៅ​ទី​ក្រុង​ផ្លូរិន អ្នក​និពន្ធ​បទ​ភ្លេង​រូប​នេះបាន​ឈរ​នៅ​ពី​មុខ​មនុស្ស​ជា​ច្រើន តែ​ភ្នែក​របស់​គាត់​បាន​បាញ់​ទៅរក​មុខ​របស់​មនុស្ស​ម្នាក់​គត់ ​ក្នុង​ចំណោម​ទស្សនិក​ជនទាំង​ឡាយ។ មនុស្ស​ម្នាក់​នោះ​គឺ​ជា​លោក​រ៉ូស៊ីនី(Rossini) ដែល​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ដ៏​ល្បី​ល្បាញ​បំផុត នៅ​សម័យ​នោះ។ គាត់​មិន​ខ្វល់​ថា មនុស្ស​ម្នា​នៅ​ក្នុង​សាល​មហោ​ស្រព​នោះ​នឹង​អប​អរសាទរ ឬ​ចំអក​ឲ្យ​គាត់​នោះ​ទេ ព្រោះ​គាត់​គ្រាន់​តែ​ចង់​បាន​ស្នាម​ញញឹម ពី​កំពូល​តន្រ្តីករ​ម្នាក់​នេះ ដែល​ជា​ការ​ទទួល​ស្គាល់​សមត្ថ​ភាព​របស់គាត់។”

តើ​យើង​កំពុង​តែ​ស្វែង​រក​ការ​ទទួល​ស្គាល់ ពី​នរណា? ពី​ឪពុក​ម្តាយ? ពី​ចៅ​ហ្វាយ​នាយ? ឬ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់? សម្រាប់​សាវ័ក​ប៉ុល គាត់​មាន​ចម្លើយ​តែ​មួយ​ប៉ុណ្ណោះ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ”(១ថែស្សាឡូនិច ២:៤)។

តើ​ការ​ស្វែង​រក​ការ​ទទួល​ស្គាល់​ពី​ព្រះ មាន​ន័យ​ដូច​ម្តេច? យ៉ាង​ហោច​ណាស់ ការ​ស្វែង​រក​ការ​ទទួល​ស្គាល់​ពី​ព្រះ រាប់​បញ្ចូល​ការ​ពីរ​យ៉ាង។ ទីមួយ យើង​ត្រូវ​ងាក​ចេញ​ពី​ការ​ប្រាថ្នា​ចង់​បាន​ការ​អប​អរ​ពី​អ្នក​ដទៃ ហើយ​ទីពីរ យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ទ្រង់ កែ​ប្រែ​យើង​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ ជា​ព្រះ​តែ​មួយ ដែល​ស្រឡាញ់​យើង និង​លះ​បង់​ព្រះ​ជន្ម​ទ្រង់ សម្រាប់​យើង។ កាល​ណា​យើង​ចុះ​ចូល​នឹង​គោល​បំណង​ដ៏​ឥត​ខ្ចោះ ដែល​ទ្រង់​មាន​សម្រាប់​ជីវិត​យើង យើង​អាច​ទន្ទឹង​រង់​ចាំ​ថ្ងៃ ដែល​យើង​នឹងបាន​ទទួល​ស្នាម​ញញឹម​នៃ​ការ​ទទួល​ស្គាល់​ពី​ព្រះ​អង្គ គឺ​ការ​ទទួល​ស្គាល់​ពី​ព្រះ ដែល​ជា​អង្គ​បុគ្គល​សំខាន់​បំផុត សម្រាប់​យើង។—BILL CROWDER