លោក​គ្រូ​គង្វាល វ៉ាតសិន ចូន(Watson Jones) បាន​រំឭក​អំពី​ពេល​ដែល​គាត់​រៀន​ជិះ​កង់ កាល​នៅ​ក្មេង។ ប៉ា​របស់​គាត់​បាន​ដើរ​ទន្ទឹម​នឹង​គាត់ ដើម្បី​ជួយ​ទប់​កង់​របស់​គាត់ ពេល​ដែល​គាត់​កំពុង​តែ​ជិះ​វា។ ពេល​គាត់​បាន​ឃើញ​ក្មេង​ស្រី​មួយ​ចំនួន កំពុង​តែ​អង្គុយ​នៅ​រៀន​ហាល​មុខ​ផ្ទះ គាត់​ក៏​បាន​ប្រាប់​ប៉ា​របស់​គាត់​ថា គាត់​អាច​ជិះ​ដោយ​ខ្លួន​ឯង​បាន​។ គាត់​គិត​ខុស​ហើយ។ គាត់​មិន​បាន​ដឹង​ទេ​ថា គាត់​មិន​ទាន់​ចេះ​ទប់​លំនឹង​កង់ ដោយ​គ្មាន​ជំនួយ​ពី​ប៉ា​របស់​គាត់។ គាត់​មិន​ទាន់​ពេញ​វ័យ ដូច​ដែល​គាត់​បាន​គិតនោះ​ទេ។

ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចម្រើន​វ័យ​ធំ​ឡើង ហើយ “ពេញវ័យ ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ”(អេភេសូរ ៤:១៣)។ ប៉ុន្តែ ការ​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​មាន​ភាព​ខុស​ប្លែក​ពី​ការ​ពេញ​វ័យ​ខាង​រូប​កាយ។​ ឪពុក​ម្តាយ​ចិញ្ចឹម​កូន ឲ្យ​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង ឲ្យ​អាច​រស់​ដោយ​ខ្លួន​ឯង​បាន។ ប៉ុន្តែ ព្រះ​វរបិតា​នៃ​យើង​បាន​ចិញ្ចឹម​យើង ឲ្យ​ចេះ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ឡើង ជា​រៀង​រាល់​ថ្ងៃ ។

នៅ​ដើម​ដំបូង​នៃ​សំបុត្រ​របស់​លោក​ពេត្រុស គាត់​បាន​និយាយ​អំពី​ព្រះ​គុណ និង​សន្តិ​ភាព ដែល​យើង​អាច​ទទួល​បាន​តាម​រយៈ​ការ​ស្គាល់​ព្រះ​យេស៊ូវ ជា​ព្រះ​អម្ចាស់ ហើយ​នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​នោះ គាត់​បាន​ជំរុញ​យើង ឲ្យ “ចម្រើន​វ័យ​ធំ​ឡើង” នៅ​ក្នុង “ព្រះ​គុណ និង​ការ​ស្គាល់​ព្រះ​យេស៊ូវ ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង”(២ពេត្រុស ១:២ ៣:១៨)។ គ្រីស្ទ​បរិស័ទដែល​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​មិន​ដែល​ឈប់​ត្រូវ​ការ​ព្រះ​យេស៊ូវ​នោះ​ឡើយ។

លោក​វ៉ាន​សិន​បាន​ដាស់​តឿន​ថា អ្នក​ខ្លះ​រវល់​តែ​រុញ​ព្រះ​ហស្ត​ព្រះ​យេស៊ូវ​ចេញ ពី​ចង្កូត​នៃ​ជីវិត​របស់​ខ្លួន”។ យើង​ហាក់​ដូច​ជា​គិត​ថា យើង​មិន​ត្រូវ​ការ​ឲ្យព្រះ​ហស្ត​ដ៏​រឹង​មាំ​របស់​ទ្រង់​ទប់​យើង​ឲ្យ​ជាប់ និង​លើក​យើង​ឡើង ហើយ​ឱប​យើង ពេល​ដែល​យើង​រេ​ចង្កូត​ដួល។ យើង​មិន​អាច​លូត​លាស់ ដោយ​ឈប់​ពឹង​ផ្អែក​លើ​ព្រះ​គ្រីស្ទ​បាន​ឡើយ។ យើង​អាច​លូត​លាស់​ទៅ​បាន ដោយ​ចាក់​ឫស​ចូល​កាន់​តែ​ជ្រៅ ទៅ​ក្នុង​ព្រះ​គុណ និង​ការ​ស្គាល់​ទ្រង់។—MIKE WITTMER