ពេល​ដែល​កូន​ប្រុស​ខ្ញុំ ដែល​មាន​ឈ្មោះ​ហ្សាវីយើរ(Xavier) កំពុង​តែ​ត្រៀម​ខ្លួន សម្រាប់​ការ​សម្ភាស ចូល​ធ្វើ​ការងារ​ជា​លើក​ដំបូង ស្វាមី​ខ្ញុំ ដែល​មាន​ឈ្មោះ អ័ឡិន(Alan) ក៏​បាន​ឲ្យ​កាត​ថ្លែង​អំណរ​គុណ​មួយ​កញ្ចប់ ទៅ​គាត់ សម្រាប់​ឲ្យ​គាត់​ប្រើ​នៅ​ក្នុង​ការ​សម្ភាស​ការងារ នៅ​ពេល​ខាង​មុខ។ បន្ទាប់​មក ស្វាមី​ខ្ញុំ​ក៏​បាន​ដើរ​តួ​ជា​អ្នក​សម្ភាស ដោយ​ប្រើ​បទ​ពិសោធន៍​ការងារ​ជា​អ្នក​គ្រប់​គ្រង អស់​ជា​ច្រើន​ទសវត្សរ៍ ដើម្បី​សួរ​សំណួរ​ហ្សាវីយើរ។ បន្ទាប់​ពី​ការ​សម្ភាស​នេះ​ចប់ កូន​ប្រុស​ខ្ញុំ​ក៏​បាន​យក​ប្រវត្តិ​រូប​របស់​គាត់​បី​បួនច្បាប់ ដាក់​ចូល​ទៅ​ក្នុង​សឺមី​មួយ។ គាត់​ក៏​បាន​ញញឹម ពេល​ដែល​ប៉ា​របស់​គាត់​រំឭក​គាត់​ អំពី​កាត​ថ្លែង​អំណរ​គុណ​នោះ។ គាត់​ក៏និយាយថា​ គាត់​ដឹង​ថា កាត​ថ្លែង​អំណរ​គុណ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​មួយ​សន្លឹក នឹង​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​ដាក់​ពាក្យសុំ​ធ្វើ​ការ​ដទៃ​ទៀត។

ពេល​ដែល​អ្នក​គ្រប់​គ្រង​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​ហ្សាវីយើរ​ឲ្យ​ចាប់​ផ្តើម​ចូល​ធ្វើ​ការ គាត់​ក៏​អរ​គុណ សម្រាប់​កាត​ថ្លែង​អំណរ​គុណ​នោះ ដែល​គាត់​បាន​ទទួល ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

ការ​ប្រើ​ពាក្យ​អរគុណ នាំ​ឲ្យ​មាន​ផល​ដ៏​ល្អ​កើត​ចេញ ជា​យូរ​អង្វែង។ កណ្ឌ​គម្ពីរ​ទំនុក​ដំកើង បាន​ចែង​អំពី​ការ​អធិស្ឋាន​អស់​ពី​ចិត្ត និង​ការ​ថ្វាយ​បង្គំ​ដោយ​ការ​អរ​ព្រះ​គុណ​របស់​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​នេះ។ កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​មាន​ទំនុក​ដំកើង​១៥០​បទ តែ​ខ្ញុំសូម​លើក​យក​ខគម្ពីរ​មួយ​ចំនួន​ដែល ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​អរ​ព្រះ​គុណ ដូច​ដែល​មាន​ចែង​ថា “ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះយេហូវ៉ា​អស់​អំពី​ចិត្ត ទូលបង្គំ​នឹង​និទាន ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់។ ទូលបង្គំ​នឹង​អរ​សប្បាយ ហើយ​រីករាយ​ឡើង​ក្នុង​ទ្រង់

ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀង​ដំកើង​ដល់​ព្រះនាម​ទ្រង់”(ទំនុកដំកើង ៩:១-២)។

យើង​អាច​បង្ហាញ​នូវ​ការ​អរ​ព្រះ​គុណ ជា​រៀង​រហូត សម្រាប់​ការ​ដ៏​អស្ចារ្យ ដែល​ព្រះទ្រង់​បាន​ធ្វើ។ ប៉ុន្តែ យើង​អាច​ចាប់​ផ្តើម ដោយអរ​ព្រះគុណ​ស្មោះ​អស់​ពី​ចិត្ត តាម​រយៈ​ការ​អធិស្ឋាន​របស់​យើង។ ហើយ​ទន្ទឹម​នឹង​នោះ យើង​អាច​រស់​នៅ ដោយ​ការ​ថ្វាយ​បង្គំ ការ​សរសើរ​ដំកើង​ព្រះ ដោយ​អរ​ព្រះ​គុណ​ទ្រង់ និង​ទទួល​ស្គាល់ ការ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ និង​ការ​ទាំង​អស់​ ដែល​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ធ្វើ។—XOCHITL DIXON