នៅ​ក្នុង​ខ្សែ​វីដេអូ​យូធូប​មួយ ខ្ញុំ​ឃើញ​លោក​អ័ឡិន គ្លូស្តហ្វ(Alan Glustoff) ដែល​ជា​កសិករ​ផលិត​ប្រូម៉ា នៅ​ក្រុង​ហ្គូសេន រដ្ឋ​ញូយ៉ក ពិពណ៌នា អំពី​ដំណើរ​ការ​នៃ​ការ​ផលិត​ប្រូម៉ា​ដែល​មាន​អាយុ​យូរ​ខែ គឺ​ជា​ដំណើរ​ការ​មួយ ដែល​បាន​បន្ថែម​រស់​ជាតិ និង​ពណ៌​ដល់​ប្រូម៉ា។ មុន​ពេល​គេ​យក​ប្រូម៉ា​ទាំង​នោះ​ទៅ​លក់​នៅ​ទីផ្សា ដុំ​ប្រូម៉ានី​មួយ​ៗ ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​ធ្នើរ ក្នុង​រូង​ក្រោម​ដី​ ពី​៦ ទៅ​១២​ខែ។ នៅ​ក្នុង​កន្លែង​ដែល​មាន​សំណើម​ច្រើន​បែប​នេះ គេ​បាន​ថែរក្សា​ប្រូម៉ា​ទាំង​នោះ​យ៉ាង​ប្រុង​ប្រយ័ត្ន។ លោក​គ្លូស្តហ្វ​ក៏បាន​ពន្យល់​ថា “យើង​បាន​ប្រឹត​ប្រៀន​បំផុត ដើម្បី​ឲ្យ​ពួក​វា​មាន​បរិយាកាស​ដ៏​ត្រឹម​ត្រូវ សម្រាប់​ការ​បង្កើន​គុណ​ភាព​ឲ្យ​កាន់​តែ​ប្រសើរ … ហើយ​ដើម្បី​ឲ្យ​វា​ឈាន​ទៅ​ដល់​សក្តានុពល​ដ៏​ពិត​ប្រាកដ​របស់​ពួក​វា”។

ចំណង​ចំណូល​ចិត្ត​ដែល​លោក​គ្លូស្តហ្វ​មាន នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សក្តានុពល​របស់​ប្រូម៉ា​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ព្រះ​ទ័យរបស់​ព្រះ នៅ​ក្នុង​ការ​អភិវឌ្ឍន៍ “សក្តានុពល​ដ៏​ពិត​ប្រាកដ” របស់​កូន​ទ្រង់ ដើម្បី​ឲ្យ​ពួក​គេ​មាន​ផល​ផ្លែ និង​ពេញ​វ័យ​ខាង​វិញ្ញាណ​។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក​៤ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​មនុស្ស​ដែល​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នេះ ដែល​មាន​ដូច​ជា ពួក​សាវ័ក ពួក​គ្រូ​អធិប្បាយ គ្រូ​ផ្សាយ​ដំណឹង​ល្អ គ្រូ​គង្វាល និង​គ្រូ​បង្រៀន​ព្រះ​បន្ទូល(ខ.១១)។ អស់​អ្នក​ដែល​មាន​អំណោយ​ទាន​ទំាង​នោះ ជួយ​ជំរុញ​អ្នក​ជឿ​ម្នាក់​ៗ ឲ្យ​មាន​ការ​លូត​លាស់ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បម្រើ(គឺ​ធ្វើ​ការ ដែល​បាន​លើក​ឡើង​ក្នុងខ.១២)។ គោល​ដៅ​របស់​ពួក​គេ គឺ​ដើម្បី​ឲ្យ​កូន​របស់​ព្រះ​ពេញ​វ័យ​ខាង​វិញ្ញាណ ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ(ខ.១៣)។

ការ​លូត​លាស់​ខាង​វិញ្ញាណ​កើត​មាន តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ខណៈ​ពេល​ដែល​យើង​ចុះ​ចូល​នឹង​ដំណើរ​ការ​របស់​ព្រះ​អង្គ ដែល​ជួយ​ឲ្យ​យើង​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ។ ពេល​ណា​យើង​ដើរ​តាម​ការ​ដឹក​នាំ របស់​មនុស្ស​ដែល​ទ្រង់​បាន​ដាក់​ក្នុង​ជីវិត​យើង យើង​នឹង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព នៅ​ក្នុង​ការ​ចេញ​ទៅ​បម្រើ តាម​ព្រះ​ទ័យ​ទ្រង់។ —LINDA WASHINGTON