លោក​អេដវើត ផេយសិន(Edward Payson ឆ្នាំ ១៧៨៣-១៨២៧) បាន​ជួប​ការ​ពិបាក​ជា​ពន់​ពេក នៅ​ក្នុង​ការ​រស់​នៅ។ ការស្លាប់​របស់​ប្អូន​ប្រុស​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​បាន​តយុទ្ធ​នឹង​ជម្ងឺ​ខួរ​ក្បាល​ខុស​ប្រក្រតី ហើយ​គាត់​ក៏​ឈឺក្បាល​ប្រកាំង​ធ្ងន់​ធ្ងរ ដែល​មួយ​លើក​ៗ​មាន​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​ពិការ​ដៃ​មួយ​ចំហៀង ដោយសារ​ធ្លាក់​ពី​លើ​ខ្នង​សេះ ហើយ​គាត់​ស្ទើរ​តែ​បាត់​បង់​ជីវិត​ ដោយសារ​ជម្ងឺរ​បេង​ទៀត! អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​គាត់​មិន​បាន​ឆ្លើយ​តប ចំពោះ​ទុក្ខ​លំបាក ដោយ​ភាព​អស់​សង្ឃឹម​នោះ​ឡើយ។ មិត្ត​ភក្តិ​គាត់​បាន​និយាយ​ថា មុន​ពេល​លោក​អេដវើត​លា​ចាក​លោក គាត់​មាន​ក្តី​អំណរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ជីវិត។ តើ​គាត់​អាច​មាន​ក្តី​អំណរ​ដោយ​របៀប​ណា?

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត​ទាំង​ស្រុង ចំពោះ​ភាព​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ទោះ​គាត់​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ គាត់​ក៏​បាន​ចោទ​ជា​សំណួរ ដោយ​ចិត្ត​ក្លាហាន​ថា “បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន(រ៉ូម ៨:៣១)។ បើ​សិន​ជា​ព្រះ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ព្រះ​នាម​យេស៊ូវ ដើម្បី​ជួយ​សង្រ្គោះ​យើង នោះ​ទ្រង់​ក៏​នឹង​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ការ ដើម្បី​រស់​នៅ​ឲ្យ​បាន​ល្អ។ សាវ័ក​ប៉ុល​ក៏​បាន​លើក​ឡើង អំពី​បញ្ហា​៧​មុខ ដែល​គាត់​បាន​ជួប​ប្រទះ ដែល​មាន​ដូច​ជា: ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​(ខ.៣៥)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​និយាយ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ នឹង​ការពារ​មិន​ឲ្យ​ការ​អាក្រក់​កើត​ឡើង ចំពោះ​យើង​នោះ​ឡើយ។ ប៉ុន្តែ គាត់​បាន​និយាយ​ថា “គឺ​ក្នុង​សេចក្តី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជំនះ​ទៅ​ទៀត ដោយសារ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង”(ខ.៣៧)។

ក្នុង​លោកិយ​ដែល​ពេញ​ដោយ​ភាព​មិន​ច្បាស់​លាស់ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ព្រះ​ទាំង​ស្រុង ដោយ​ដឹង​ថា គ្មាន​អ្វី “ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ”(ខ.៣៩)។—ESTERA PIROSCA ESCOBAR