មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​រដ្ឋ​មួយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ ពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ក៏​រើស​បាន​របស់​មួយ។ កាល​នោះ​ ខ្ញុំ​កំពុង​តែ​ចុះ​ចាក់​សាំង​ឡាន ហើយ​ក៏​បាន​ឃើញ​ស្រោម​សំបុត្រ​ធំ​មួយ នៅ​លើ​ដី។ ខ្ញុំ​ក៏​បាន​រើស​ស្រោម​សំបុត្រ​ដែល​ប្រឡាក់​ដី​នោះ​ឡើង ហើយ​ក៏​បាន​បើក​មើល​ខាង​ក្នុង។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​លុយ​១រយ​ដុល្លា​នៅ​ខាង​ក្នុង។

ខ្ញុំ​ក៏​បាន​គិត​ថា ម្ចាស់​លុយ​១​រយ​ដុល្លា​នេះ ប្រហែល​ជា​កំពុង​តែ​ដើរ​រក​វា យ៉ាង​វក់​វី​ហើយ។ ខ្ញុំ​ក៏​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ខ្ញុំ ទៅ​បុគ្គលិក​ចាក់​សាំង នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ ក្រែង​លោ​មាន​នរណា​ម្នាក់​ត្រឡប់​មក​រក​វា។ ប៉ុន្តែ មិន​ឃើញ​មាន​នរណា​ម្នាក់​ទូរស័ព្ទ​មក​ខ្ញុំ​សោះ។

មនុស្ស​ម្នាក់​មាន​លុយ​នោះ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន តែ​គាត់​ក៏​បាន​បាត់​វា។ ទ្រព្យ​សម្បត្តិ​ក្នុង​លោកិយ គឺ​ច្រើន​តែ​មាន​លក្ខណៈ​ដូចនេះ​ឯង។ វា​អាច​បាត់​បង់ ត្រូវ​គេ​លូច ឬ​ប្លន់ ឬ​ក៏​បំផ្លាញ។ វា​អាច​បាត់​បង់​នៅ​ក្នុង​ការ​វិនិយោគ​ដែលមិន​ល្អ ឬ​នៅ​ក្នុង​ការ​រក​ស៊ី ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​ជីវិត​អស់​កល្ប គឺ​ជា​ទ្រព្យ​សម្បត្តិ នៅ​ស្ថាន​សួគ៌ ដែល​យើងមាន​ក្នុង​ព្រះយេស៊ូវ ដែល​មិន​ចេះ​បាត់​បង់​ឡើយ។​ យើង​មិន​អាច​ជ្រុះ​វា​បាត់ នៅ​កន្លែង​ចាក់​សាំង ឬ​នៅ​កន្លែង​ណា​មួយ​ឡើយ។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គ្រីស្ទ​ មាន​បន្ទូល​ប្រាប់​យើង​ ឲ្យ “​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”(ម៉ាថាយ ៦:២០)។ យើង​អាច​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​សួគ៌ នៅ​ពេល​ដែល​យើង “បាន​ធ្វើ​ការ​ល្អ ជា​បរិបូរ”(ម៉ាថាយ ៦:២០) ឬ “មាន​ជំនឿ​ច្រើន” (យ៉ាកុប ២:៥) ដោយ​ជួយ​អ្នក​ដទៃ និង​ប្រាប់​ពួក​គេ​អំពី​ព្រះ​យេស៊ូវ ដោយ​ក្តី​ស្រឡាញ់។ ចូរ​យើង​ប្រមូល​ទ្រព្យ​សម្បត្តិ​ដ៏​អស់​កល្ប ទុក​នៅ​ស្ថាន​សួគ៌ ដោយ​ពឹង​ផ្អែក​លើ​ការ​ដឹក​នាំ និង​ការ​ចម្រើន​កម្លាំង​ពី​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ពេល​ដែល​យើង​នឹង​បាន​នៅ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត។—DAVE BRANON