នៅ​ក្នុង​សៀវភៅ​ដែល​លោក​ស៊ីអេស លូអ៊ីស(C.S. Lewis)បាន​និពន្ធ មាន​ចំណង​ជើង​ថា​ មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ គាត់​បាន​សរសេរ​ថា “ព្រះ​ជា​ម្ចាស់​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ពេល​វេលា​ឡើយ។ ព្រះ​ជន្ម​រស់​ទ្រង់ មិន​មាន​ពេល​វេលា​កំណត់ ដែល​បន្ត​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ទៀត … ហើយ​ពេល​វេលា​ទាំង​អស់ ចាប់​តាំង​ពី​ដើម​កំណើត​ពិភព​លោក គឺ​សុទ្ធ​តែ​ជា​ពេល​បច្ចុប្បន្ន​របស់​ព្រះ​អង្គ​ទំាង​អស់”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មិន​អាច​គេច​ផុត​ពី​អំណាច​នៃ​ពេល​វេលា​បាន​ឡើយ។ ជា​ញឹក​ញាប់ រដូវ​កាល​នៃ​ការ​រង់​ចាំ​របស់​មនុស្ស ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ប៉ុន្តែ ពេល​ណា​យើង​រៀន​ទុក​ចិត្ត​ព្រះ ដែល​ជា​អ្នក​បង្កើត​ពេល​វេលា​ដ៏​អស់​កល្ប​ជា​និច្ច យើង​អាច​ទទួល​ស្គាល់​ការ​ពិត ដែល​ថា ជីវិត​ដ៏​ផុយ​ស្រួយ​របស់​យើង បាន​នៅ​ជាប់​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ ដោយ​សុវត្ថិ​ភាព។

អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ពោល​ទំនួញ នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០២ ដោយ​ទទួល​ស្គាល់​ថា “អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅ ហើយ​ទូលបង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។ ប៉ុន្តែ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយរាជ្យ

នៅ​អស់កល្ប​ជានិច្ច ហើយ​នឹង​មាន​សេចក្តី​នឹក​ចាំ​ពី​ទ្រង់ នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ”(ខ.១១-១២)។ អ្នក​និពន្ធ​បទ​គម្ពីរ​នេះ មាន​ការ​នឿយ​លំបាក ដោយ​សារ​ទុក្ខ​វេទនា បាន​ជា​គាត់​ប្រកាស់​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​លើ​បល្ល័ង្ក​ជា​រៀង​រហូត (ខ.១២)។ គាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ចេស្តា និង​សេចក្តី​អាណឹត​ដ៏​ស្ថិត​ស្ថេរ ចំពោះ​គាត់ លើស​ពី​ការ​រំពឹង​គិត​របស់​គាត់​(ខ.១៣-១៨)។ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​មាន​ការ​អស់​សង្ឃឹម​(ខ.១៩-២៤) គាត់​បាន​ផ្តោត​ទៅ​លើ​ព្រះ​ចេស្តា​ព្រះ ​ដែល​ជា​ព្រះ​អាទិករ(ខ.២៥)។ របស់​ទំាង​ឡាយ​ដែល​ព្រះ​អង្គ​បង្កើត​នឹង​វិនាស​ទៅ តែ​ព្រះ​អង្គ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​(ខ.២៦-២៧)។

នៅ​ពេល​ដែល​ពេល​វេលា​ហាក់​ដូច​ជា​នៅ​ត្រឹង​មួយ​កន្លែង ឬ​អូស​បន្លាយ​យូរ យើង​ប្រហែល​ជា​ងាយ​នឹង​ចោទ​ប្រកាន់​ព្រះ​ជាម្ចាស់ថា ព្រះ​អង្គ​មាន​ភាព​យឺត​យ៉ាវ ឬ​មិន​ឆ្លើយ​តប​ចំពោះ​យើង។ យើង​ប្រហែល​ជា​មាន​ចិត្ត​អន្ទះ​សារ​កាន់​តែ​ខ្លាំង ហើយ​មាន​អារម្មណ៍​នឿយ​ណាយ ចំពោះ​ព្រះ​អង្គ ដែល​ហាក់​ដូច​ជា​នៅ​ស្ងៀម។ យើង​ប្រហែល​ជា​ភ្លេច​ហើយ​ថា ព្រះ​អង្គ​បាន​ជ្រើស​រើស​ថ្ម​រាប​នីមួយ​ៗ​ដើម្បី​សង់​ផ្លូវ ដែល​ទ្រង់​បាន​រៀប​ចំ​សម្រាប់​យើង។ ប៉ុន្តែ ព្រះ​អង្គ​មិន​ដែល​ទុក​ឲ្យ​យើង​ជួយ​ខ្លួន​ឯង​ឡើយ។ កាល​ណា​យើង​រស់​នៅ​ដោយ​ជំនឿ ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ យើង​អាច​ដើរ ជា​មួយ​ព្រះ​អង្គ ក្នុង​ពេល​បច្ចុប្បន្ន។​—XOCHITL DIXON