អ្នក​ស្រី​ស៊ូសាន ប៊ី អ៊ែនថូនី(Susan B. Anthony ឆ្នាំ ១៨២០ ដល់ ១៩០៦) មាន​ឈ្មោះ​ល្បី​ល្បាញ ដោយ​សារ​គាត់​មាន​ជំហរ​ដ៏​រឹង​មាំ នៅ​ក្នុង​ការ​ទាម​ទា​សិទ្ធិ​ស្រ្តី នៅ​សហ​រដ្ឋ​អាមេរិក។ គាត់​បាន​ប្រកាស់​ថា “ចលនា​ទាម​ទា​សិទ្ធិ​ស្រ្តី​មិន​អាច​បរាជ័យ​ឡើយ”។ គាត់​បាន​ទទួល​រង​ការ​រិះ​គន់​ជា​ប្រចាំ ហើយ​ក្រោយ​មក​ក៏​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​កាត់​ទោស ពី​បទ​បោះ​ឆ្នោត​ដោយ​ខុស​ច្បាប់។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​មិន​បញ្ឈប់​ការ​ទាម​ទា​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​បោះ​ឆ្នោត ដោយ​ជឿ​ថា ចលនា​របស់​គាត់ ជា​បុព្វ​ហេតុ​ដ៏​យុត្តិ​ធម៌។ គាត់​មិន​បាន​ឃើញ​ផល​ផ្លែ​នៃ​ចលនា​របស់​គាត់ មុន​ពេល​គាត់​ស្លាប់​ឡើយ​ តែ​ការ​ប្រកាស់​របស់​គាត់ គឺ​បាន​ក្លាយ​ជា​ការ​ពិត​។ នៅ​ឆ្នាំ​១៩២០ សហរដ្ឋ​អាមេរិក​ក៏​បាន​កែ​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​បោះ​ឆ្នោត។

បរាជ័យ​ក៏​មិន​មែន​ជា​ជម្រើស​របស់​លោក​នេហេមា​ដែរ ព្រោះ​គាត់​មាន​ជំនួយ​ដ៏​មាន​ចេស្តា ពី​ព្រះ​ជា​ម្ចាស់។ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន​សូម​ព្រះ​ពរ​សម្រាប់​ការ​ជួល​ជុល​កំផែង​ក្រុង​យេរូសាឡិម​ហើយ គាត់​និង​អ្នក​ដែល​បាន​ត្រឡប់​ពី​ការ​និរទេស​នៅ​ចក្រ​ភព​បាប៊ីឡូន ក៏​បាន​នាំ​គ្នា​ចាប់​ផ្តើម​ការ​ជួស​ជុល​នេះ។ ពួក​គេ​ត្រូវ​ការ​កំផែង​ក្រុង ដើម្បី​ការពារ​ប្រជាជន​ពី​ការ​វាយ​ប្រហារ​របស់​សត្រូវ​។ ប៉ុន្តែ កិច្ចការ​ជួស​ជុល​កំផែង​ក្រុង​នេះ​បាន​ជួប​ការ​ប្រឆាំង តាម​រូប​ភាព​នៃ​ការ​បោក​បញ្ឆោត និង​ការ​គំរាម​កំហែង។ លោក​នេហេមា​មិន​បណ្តោយ​ឲ្យ​ការ​ប្រឆាំង​នេះ រារាំង​កិច្ចការ​របស់​គាត់​ឡើយ។ គាត់​ក៏​បាន​ប្រាប់​អ្នក​ប្រឆាំង​ទាំង​នោះ​ថា “ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ”(នេហេមា ៦:៣)។ បន្ទាប់​មក គាត់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់ ចម្រើន​កម្លាំង​ដៃ​របស់​គាត់​(ខ.៩)។ ដោយសារ​ការ​ស៊ូ​ទ្រាំ​នេះ ការងារ​ជួស​ជុល​កំផែង​ក្រុង​យេរូសាឡិម ក៏​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​(ខ.១៥)។

ព្រះ​ជាម្ចាស់​បាន​ប្រទាន​កម្លាំង ឲ្យ​លោក​នេហេមា ស៊ូទ្រាំ នៅ​ចំពោះ​មុខ​នៃ​ការ​ប្រឆាំង​របស់​សត្រូវ​។​ តើ​មាន​កិច្ចការ​ណា​មួយ ដែល​អ្នក​ចង់​បោះ​បង់​ចោល ដោយសារ​ឧបស័គ្គ​ឬ​ទេ? ចូរ​ទូល​សូម​ព្រះ​ជាម្ចាស់ ឲ្យ​ផ្គត់​ផ្គង់​អ្វី ដែល​អ្នក​ត្រូវ​ការ ដើម្បី​បន្ត​ដំណើរទៅ​មុខ​ទៀត។—LINDA WASHINGTON