អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ថា ភព​ផែន​ដី​របស់​យើង ​ស្ថិត​នៅ​ចម្ងាយ​ដ៏​ត្រឹម​ត្រូវ ​ពី​ព្រះ​អាទិត្យ បាន​ជា​វា​អាច​ទទួល​ផលប្រយោជន៍​ពី​កម្តៅ​របស់​ព្រះ​អាទិត្យ។ បើ​វា​ស្ថិត​នៅ​ចម្ងាយ​ជិត​ជាង​នេះ ទឹក​ទាំង​អស់ ​នឹង​ត្រូវ​ហួត​អស់ គឺ​ដូច​ភព​សុក្រ​អញ្ចឹង។ តែបើ​វា​នៅ​ឆ្ងាយ​ជាង​នេះ​ អ្វី​ៗ​ទាំង​អស់​នឹង​ត្រូវ​កក​ដោយសារ​អាកាស​ធាតុ​ត្រជាក់​ជ្រុល គឺ​មិន​ខុស​ពី​ភព​អង្គារ​ឡើយ។ ផែន​ដី​ក៏​មាន​ទំហំ​ធំ​ល្មម​នឹង​អាច​បង្កើត​ទំនាញ​ផែន​ដី​ក្នុង​កំរិត​ដ៏​ត្រឹម​ត្រូវ។ បើ​វា​មាន​ទំនាញ​ផែន​ដី​តិច​ជាង​នេះ អ្វី​ៗ​នឹង​ត្រូវ​បាត់​បង់​លំនឹង និងទម្ងន់​ដូច​នៅ​ស្ថាន​ព្រះ​ច័ន្ទ  តែ​បើ​វា​មាន​ទំនាញ​ផែន​ដី​ខ្លាំង​ជាង​នេះ នោះ​ទំនាញ​ផែន​ដី​ដ៏​ខ្លាំង​នោះ នឹង​ធ្វើ​ឲ្យ​ឧស្ម័ន​ពុល​ជាប់​នៅក្នុង​ស្រទាប់​បរិយា​កាស​ទៀប​ៗ​ធ្វើ​ឲ្យ​ជីវិត​ទាំង​អស់​ត្រូវ​ថប់​ដង្ហើម​ស្លាប់​ ដូច​នៅ​ភព​ព្រហស្បត្តិ៍។

ធាតុ​ផ្សំ​ផ្នែក​រូប​សាស្រ្ត ផ្នែក​គីមី និង​ជីវ​សាស្រ្ត​បាន​ផ្សំ​គ្នា បង្កើត​ជា​ពិភព​លោក ហើយ​សុទ្ធ​តែ​ជា​ស្នា​ព្រះហស្ត​របស់ព្រះ​អាទិករ ដែល​មាន​ប្រាជ្ញា​ដ៏​ខ្ពស់​បំផុត ដែល​បាន​រៀប​ចំ និង​រចនា​របស់​សព្វ​សារពើ​។ យើង​អាច​ដឹង​អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ ពេល​ដែល​យើង​ស្វែង​យល់​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​មាន​ន័យ​លើស​ការ​យល់​ដឹង​របស់​យើង។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សួរ​លោក​យ៉ូប​ថា “តើ​ឯង​នៅ​ឯណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែន​ដី​ឡើង ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់?” “បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់ តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ”(យ៉ូប ៣៨:៤-៦)។

ជាង​នេះ​ទៅ​ទៀត យើង​ក៏​គួរ​តែ​ដឹង​ផង​ដែរ​ថា មហា​សមុទ្រ​ដ៏​ធំ​មហិមារ​បាន​ក្រាប​នៅ​ចំពោះ​ព្រះ​អង្គ​ដែល​ “បាន​បិទ​ទ្វារ​ទប់​សមុទ្រ​ទុក ក្នុង​កាល​ដែល​ធ្លាយ​ចេញ​មក បែប​ដូច​ជា​សំរាល​ចេញ​ពី​ផ្ទៃ​ម្តាយ … ព្រម​ទាំង​ដាក់​គោល​ចារឹក​ឲ្យ ហើយ​ក៏​ដាក់​រនុក និង​ទ្វារ​ផង ដោយ​ពាក្យ​ថា ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ នឹង​ហួស​ទៅ​ទៀត​មិន​បាន”(ខ.៨-១១)។ យើង​អាច​ស្រែក​ច្រៀង​សរសើរ ជា​មួយ​ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ និង​បន្លឺ​សម្លេង​ដោយ​អំណរ ជា​មួយ​ពួក​ទេវតា ថ្វាយ​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់(ខ.៧) ដ្បិត​ព្រះអង្គ​បាន​បង្កើត​ពិភព​លោក​មក​សម្រាប់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​អាច​ស្គាល់ និង​ជឿ​ព្រះ​អង្គ​។—REMI OYEDELE