ម្តាយ​របស់​លោក​វ៉លលេស ស្ទេកន័រ(Wallace Stegner) បាន​លា​ចាក​លោក ក្នុង​អាយុ​៨០​ឆ្នាំ។ ពេល​ដែល​លោក​វ៉លលេស​មាន​អាយុ​៨០​ឆ្នាំ ទី​បំផុត​គាត់​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​ម្តាយ​គាត់ ទោះ​វា​បាន​យឺត​ពេល​ទៅ​ហើយ​ក្តី។ នៅ​ក្នុង​សំបុត្រ​នោះ គាត់​បាន​សរសើរ​ចរិយា​សម្បត្តិ​របស់​ម្តាយ​គាត់​ដែល​ជា​ស្រ្តី បាន​រៀប​ការ និង​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់ ក្នុង​ភាពយ៉ាប់​យឺន​យ៉ាង​ខ្លាំង នៅ​ភាគ​ខាង​លិច​នៃ​សហ​រដ្ឋ​អាមេរិក។ ម្តាយ​របស់​គាត់​ជា​ឧត្តម​ភរិយា និង​ម្តាយ​ ដែល​ចូល​ចិត្ត​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ទោះ​ពួក​គេ​ជា​មនុស្ស​ដែល​គេ​មិន​ចង់​រាប់​អាន​ក៏​ដោយ។ លោក​វ៉លលេស​បាន​នឹក​ចាំ អំពី​កម្លាំង​ដែល​ម្តាយ​របស់​គាត់​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​ការ​បន្លឺ​សម្លេង​ច្រៀង​សរសើរ​ដំកើង​ព្រះ។ គឺ​ដូច​ដែល​លោក​វ៉លលេស​បាន​សរសេរ​ថា “អ្នក​ម្តាយតែង​តែ​ស្វែង​រក​ឱកាស​ច្រៀង​សរសើរ​ដំកើង​ព្រះ​ជា​និច្ច”។ ដរាប​ណា​ម្តាយ​របស់​គាត់​នៅ​មាន​ជីវិត ម្តាយ​របស់​គាត់​បាន​បន្លឺ​សម្លេង​ច្រៀង ដោយ​ការ​ដឹង​គុណ​ព្រះ សម្រាប់​ព្រះ​ពរ​ទាំង​តូច​ទាំង​ធំ។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​បាន​ស្វែង​រក​ឱកាស​ច្រៀង​សរសើរ​ដំកើង​ព្រះ​ផង​ដែរ។ គាត់​ច្រៀង​នៅ​ពេល​ដែល​គាត់​ជួប​រឿង​ល្អ ក៏​ដូច​ជា​នៅ​ពេល​ដែល​គាត់​ជួប​រឿង​អាក្រក់។ គាត់​មិន​បាន​ច្រៀង​ដោយ​បង្ខំ​ចិត្ត​ តែ​គាត់​បាន​ច្រៀង ដោយ​ចិត្ត​ដែល​ចង់ ឆ្លើយ​តប ​ចំពោះ “ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី”(១៤៦:៦) និង​បាន​ប្រទាន​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន(ខ.៧) និង “ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ”(ខ.៨) ហើយ “បាន​ចិញ្ចឹម​ក្មេង​កំព្រា និង​ស្រ្តី​មេម៉ាយ”(ខ.៩)។ ការ​ច្រៀង​សរសើរ​ដំកើង​ព្រះ គឺ​ជាទម្លាប់​នៃ​ការ​រស់​នៅ​ដ៏ល្អ ដែល​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​លើ​ព្រះ​របស់​លោក​យ៉ាកុប ដែល​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ជា​រៀង​រហូត(ខ.៥-៦)។

ដែល​យើង​មាន​សម្លេង​ពិរោះ​ឬ​អត់ គឺ​មិន​មែន​ជា​បញ្ហា​ឡើយ។ អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ច្រៀង​ដើម្បី​ឆ្លើយ​តប ចំពោះ​សេចក្តី​ល្អដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​ជា​ម្ចាស់ ដែល​ជា​ទម្លាប់​នៃ​ការ​រស់​នៅ​ដ៏​ល្អ។ សូម​យើង​ច្រៀង​សរសើរ​ដំកើង​ព្រះ នៅ​ក្នុង​ចិត្ត​យើង​ផង​ដែរ។—JOHN BLASE