ចាប់​តាំង​ពី​ពេល​ដែល​នាឡិការ​អេឡិច​ត្រូនិច​ត្រូវ​បាន​គេ​ច្នៃ​បង្កើត ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨៤០ អ្វី​ៗ​ជា​ច្រើន​មាន​ការ​ផ្លាស់​ប្តូរ។ សព្វ​ថ្ងៃ​នេះ យើង​អាច​មើល​ម៉ោង នៅ​ក្នុង​នាឡិការ​ទំនើប ទូរស័ព្ទ​ទំនើប និង​នៅ​លើ​កំព្យូទ័រ​យួរ​ដៃ​ជា​ដើម។ ជីវិត​របស់​មនុស្ស​ហាក់​ដូចជា​បោះ​ជំហាន​កាន់​តែ​លឿន​ជាង​មុន ជាក់​ស្តែង អ្នក​រស់​នៅ ក្នុង​ទីក្រុង​របស់​បណ្តា​ប្រទេស​ជឿន​លឿន បាន​មាន​ទំលាប់​ដើរ​ដោយ​បោះ​ជំហាន​កាន់​តែ​លឿន​ជាង​មុន។ អ្នក​ជំនាញ​បាន​អះ​អាង​ថា ការ​មាន​ទំលាប់​ដើរ​ច្រើន​មាន​ប្រយោជន៍​ដល់​សុខ​ភាព តែ​វា​ក៏​មាន​ផល​អវិជ្ជមាន មក​លើ​សុខភាព​របស់​យើង​ផង​ដែរ។ លោក​សាស្រ្តា​ចារ្យ រីឆាត វាយស៍មែន(Richard Wiseman) បាន​សង្កេត​ឃើញ​ថា “យើង​កំពុង​តែ​ផ្លាស់​ទី​កាន់​តែ​លឿន​ជាង​មុន ហើយ​ក៏​ប្រញាប់​ឆ្លើយ​តប​ចំពោះ​អ្នក​ដទៃ ឲ្យ​បាន​ឆាប់​រហ័សបំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ការ​នេះ​បាន​ជំរុញ​ឲ្យ​យើង​មាន​ចិត្ត​អន្ទះ​សារ​ចង់​បាន​អ្វី​ៗ​ភ្លាម​ៗ”។

លោក​ម៉ូសេ ជា​អ្នក​និពន្ធ​ទំនុក​ដំកើង​ដែល​មាន​ចំណាស់​បំផុត ក្នុង​ព្រះ​គម្ពីរ។ គាត់​ក៏​បាន​និយាយ​អំពី​ពេល​វេលា​ផង​ដែរ។ គាត់​បាន​រំឭក​យើង​ថា ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​ពេល​វេលា​នៃ​ជីវិត​មនុស្ស​គ្រប់​វិនាទី។​ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា​ “ដ្បិត​នៅ​ព្រះនេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ហួស​ទៅ​ហើយ ក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ”(ទំនុកដំកើង ៩០:៤)។

ដូច​នេះ អាថ៌​កំបាំង​នៃ​ការ​គ្រប់​គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ មិន​ស្ថិត​នៅ​លើ​ល្បឿន​នៃ​ការ​បោះ​ជំហាន ឲ្យ​បាន​លឿន ឬ​យឺត​ជាង​មុននោះ​ឡើយ។ តែ​ដើម្បី​គ្រប់​គ្រង​ពេល​វេលា​បាន​ល្អ យើង​ត្រូវ​នៅ​ជាប់​នឹង​ព្រះ​ ដោយ​ចំណាយ​ពេល​ជា​មួយ​ព្រះ​អង្គ​ឲ្យ​កាន់​តែ​ច្រើន​។ បន្ទាប់​មក យើង​ត្រូវ​បោះ​ជំហាន​ជា​មួយ​គ្នា ​តែ​ជា​ដំបូង​យើង​ត្រូវ​បោះ​ជំហាន​ជា​មួយ​ព្រះ​អង្គ ជា​ព្រះ​ដែល​បាន​បង្កើត​យើងមក​(១៣៩:១៣) ហើយ​ជ្រាប​អំ​ពី​គោល​បំណង និង​ផែន​ការ​របស់​យើង(ខ.១៦)។

ពេល​វេលា​ដែល​យើង​មាន​នៅ​លើ​ផែន​ដី​មិន​ស្ថិត​ស្ថេរ​ទេ។ តែ​យើង​អាច​គ្រប់​គ្រង​វា ដោយ​ប្រើ​ប្រាជ្ញា មិន​មែន​ដោយ​មើល​នាឡិការ​ជាប់​ជា​និច្ច តែ​ដោយ​ថ្វាយ​ថ្ងៃ​នីមួយ​ៗ ដល់​ព្រះ​អង្គ។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​ទូល​សូម​ព្រះ​អង្គ​ថា “ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុនៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា” (៩០:១២)។ បន្ទាប់​មក ពេល​ដែល​យើង​ដើរ​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង​ធ្វើ​អ្វី​ៗ ត្រូវ​តាម​ពេល​វេលា ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត។​—PATRICIA RAYBON