លោក​ម៉ាលខម ក្លាដវែល(Malcolm Gladwell) គឺ​ជា​អ្នក​និពន្ធ ដែល​បាន​លើក​ឡើង​ថា មនុស្ស​ម្នាក់​ៗ​ត្រូវ​ចំណាយ​ពេល​អនុវត្ត​ឲ្យ​បាន​១​ម៉ឺន​ម៉ោង ដើម្បី​ចេះ​ជំនាញ​ណា​មួយ​ឲ្យ​ប្រាកដ។ សូម្បី​តែ​វិចិត្រករ និង​តន្រ្តី​ករ​ដែល​ល្បី​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​ក៏​អញ្ចឹង​ដែរ ព្រោះ​បើ​គ្រាន់​តែ​ពឹង​ផ្អែក​លើ​អំណោយ​ទាន​ដ៏​អស្ចារ្យ​ដែល​ពួក​គេ​មាន​ពី​កំណើត នោះ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។ ពួក​គេ​ត្រូវ​យក​ជំនាញ​របស់​ខ្លួន​មក​អនុវត្ត​ឲ្យ​បាន​ច្រើន​ម៉ោង ជា​រៀង​រាល់​ថ្ងៃ។

រឿង​នេះ​ហាក់​ដូច​ជា​ចម្លែក ប៉ុន្តែ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ចាំ​បាច់​ត្រូវ​មាន​ផ្នត់​គំនិត​ស្រដៀង​នេះ​ដែរ គឺ​នៅ​ពេល​ដែល​យើង​ត្រូវ​រៀន​រស់​នៅ ក្នុង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ក្នុង​កណ្ឌ​គម្ពីរ​កាឡាទី  សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ ឲ្យ​ញែកខ្លួន​ថ្វាយ​ព្រះ។ ប៉ុន្តែ គាត់​បាន​ពន្យល់​ថា ការ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន ដោយ​គ្រាន់​តែ​អនុវត្ត​គោលការណ៍​តែ​ម្យ៉ាង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ក្រិក តាម​ន័យ​ត្រង់ ពាក្យ “ដើរ” ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ក្នុង​បទ​គម្ពីរ​កាឡាទី ៥:១៦ គឺ​មាន​ន័យ​ថា ដើរ​ជុំវិញ​អ្វី​មួយ​ម្តង​ហើយ​ម្តង​ទៀត ឬ ធ្វើ​ដំណើរ(peripateo)។ ដូច​នេះ​សាវ័ក​ប៉ុល​ចង់​ប្រាប់​យើង​ថា ការ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ គឺ​ជា​ការ​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ គឺ​មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​តែ​ម្តង​ជា​សម្រេច​នោះ​ឡើយ។

ចូរ​យើង​អធិស្ឋាន សូម​ឲ្យ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចុះ​ចូល​នឹង​កិច្ចការ​ដែល​ព្រះ​អង្គ​ធ្វើ​នៅ​ក្នុង​យើង ដោយ​ផ្តល់​ប្រឹក្សា នាំ​ផ្លូវ កម្សាន្ត​ចិត្ត និង​រង់​ចាំ​ជួយ​យើង​ជា​និច្ច។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ដឹក​នាំ​ជីវិត​យើង តាម​របៀប​នេះ​(ខ.១៨) យើង​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ និង​ដើរ​តាម​ការ​ដឹក​នាំ​របស់ព្រះអង្គ។ ឱ​ព្រះ​អម្ចាស់ សូម​ឲ្យ​ទូល​បង្គំ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ។​ —PETER CHIN