លោក​អូម៉ាវូមី អេហ្វ៊ូយេ(Omawumi Efueye) បាន​និពន្ធ​បទ​កំណាព្យ​ដែល​មាន​ចំណង​ជើង​ថា កូន​នេះ​ជា​កូន​ស្ងួន​ភ្ងា  ។ ក្នុង​កំណាព្យ​នេះ គាត់​បាន​សរសេរ​អំពី​ការ​ដែល​ឪពុក​ម្តាយ​គាត់​ប៉ុន​ប៉ង​រំលូត​គាត់​ចោល មុន​ពេល​គាត់​ចាប់​កំណើត។ បន្ទាប់​ពី​ហេតុ​ការណ៍​ចម្លែក​មួយ​ចំនួន បាន​កើត​ឡើង ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​រំលូត​គាត់​ចោល ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ស្វាគម​ន៍កំណើត​របស់​គាត់​។ លោក​អូម៉ាវូមី​ក៏​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​បាន​ការពារ​ជីវិត​គាត់ ហើយ​រឿង​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ទៅ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ​ពេញ​ពេល ដោយ​បោះ​បង់​ចោល​អាជីព​ដែល​អាច​រក​ប្រាក់​កំរៃ​បាន​ច្រើន។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​តែ​ដឹក​នាំ​ព្រះ​វិហារ​ទីក្រុង​ឡុងដ៍ ដោយ​ចិត្ត​ស្មោះ​ត្រង់។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ប្រជាជន​អ៊ីស្រាអែល ដែល​បាន​ទទួល​ការ​ការពារ​ពី​ព្រះ​ជាម្ចាស់ ក្នុង​ពេល​ដ៏​គ្រោះ​ថ្នាក់ ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ពួក​គេ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ដំណើរ​កាត់​វាល​រហោ​ស្ថាន បាឡាក​ដែល​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ។ ទ្រង់​ខ្លាច​សាសន៍​អ៊ីស្រាអែល​លើក​គ្នា​ដ៏​ច្រើន​សណ្ឋឹក មក​វាយ​យក​ទឹក​ដី​ទ្រង់  បាន​ជា​ទ្រង់​ផ្ញើសារ​ទៅ​លោក​បាឡាម ឲ្យ​ដាក់​បណ្តាសារ មក​លើ​សាសន៍​អ៊ីស្រាអែល(ជនគណនា ២២:២-៦)។

ប៉ុន្តែ ហេតុ​ការណ៍​ដ៏​អស្ចារ្យ​បាន​កើត​ឡើង។ ពេល​ណា​លោក​បាឡាម​បើក​មាត់ ដើម្បី​ដាក់​បណ្តា​សារ​ គាត់​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ​។ គាត់​បាន​ប្រកាស់​ថា “ទូលបង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ​ទូលបង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ។ ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្តី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្តី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ។ ព្រះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង​បែប​ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស”(ជនគណនា ២៣:២០-២២)។ ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ផុត​ពី​សង្រ្គាម ដែល​ពួក​គេ​មិន​បាន​ដឹង​សោះ​ថា កំពុង​តែ​ឆាប​ឆេះ!

ព្រះ​ជា​ម្ចាស់​នៅ​តែ​មើល​ថែ​រាស្រ្ត​របស់​ព្រះ​អង្គ​ជា​និច្ច ទោះ​យើង​អាច​មើល​ឃើញ​គ្រោះ​ថ្នាក់ ដែល​នៅ​ចំពោះ​មុខ​យើង​ឬ​អត់​ក៏​ដោយ​។ ចូរ​យើង​ថ្វាយ​បង្គំ ដោយ​ចិត្ត​ដែល​ដឹង​គុណ និង​ស្ញែង​ខ្លាច ចំពោះ​ព្រះ​មួយ​អង្គ ដែល​បាន​ហៅ​យើង​ថា មនុស្ស​ដ៏​មាន​ពរ​។ —REMI OYEDELE