រៀង​រាល់​ឆ្នាំ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ពេល​ដែល​សត្វ​អណ្តើក​ពណ៌​ដឹង​ថា រដូវ​រងា​ជិត​មក​ដល់​ហើយ វា​ក៏​បាន​ជ្រមុជ​ទៅ​បាត​ស្រះ ដោយ​កប់​ខ្លួន​វា​នៅ​ក្នុង​ភក់។ ជើង និង​ក្បាល​របស់​វា​ក៏​បាន​លិប​ចូល​ទៅ​ក្នុង​ស្នូក ហើយ​វា​ក៏​នៅ​ស្ងៀម ដោយ​ចង្វាក់​បេះ​ដូង​របស់​វាបាន​ថយ​ចុះ គឺ​ស្ទើរ​តែ​លែង​ដើរ។ កម្តៅ​ក្នុង​ខ្លួន​របស់​វា​ក៏​បាន​ធ្លាក់​ចុះ គឺ​គ្រាន់​តែ​មាន​សីតុណ្ហ​ភាព​ត្រជាក់​លើស​ទឹកកក​តែ​បន្តិច​ប៉ុណ្ណោះ។ វា​ក៏​ឈប់​ដក​ដង្ហើម ហើយ​ក៏​បាន​នៅ​រង់​ចាំ។ វា​ក៏​បាន​នៅ​កប់​ក្នុង​ភក់​អស់​រយៈ​ពេល​៦​ខែ ហើយ​រាង​កាយ​របស់​វា​ក៏​បានបញ្ចេញ​ជាតិ​កាល់​ស្យូម​ពី​ក្នុង​ឆ្អឹង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​របស់​វា ដើម្បី​ឲ្យ​ខ្លួន​វា​ចុះ​ស្គម​យឺត​ៗ។

ប៉ុន្តែ ពេល​ដែល​ទឹកក​ក្នុង​ស្រះ​រលាយ វា​ក៏​បាន​អណ្តែត​មក​ខាង​លើ ហើយ​ចាប់​ផ្តើម​ដក​ដង្ហើម​ឡើង​វិញ។ ឆ្អឹង​របស់​វា​នឹង​លូតលាស់​ឡើង​វិញ ហើយ​វា​នឹង​ទទួល​កម្តៅ​ថ្ងៃ ដែល​បាន​ចាំង​មក​លើ​ស្នូក​របស់​វា។

ខ្ញុំ​បាន​នឹក​ចាំ អំពី​សត្វ​អណ្តើក​ពណ៌​នេះ ពេល​ដែល​ខ្ញុំ​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ពិពណ៌នា អំពី​ការ​រង់​ចាំ​ព្រះ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ជាប់​នៅ​ក្នុង​អន្លង់​ភក់​ស្អិត ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ស្តាប់​ឮ​សម្រែក​របស់​គាត់(ទំនុកដំកើង ៤០:២)។ ព្រះ​ជា​ម្ចាស់​ក៏​បាន​លើក​គាត់​ឡើង ហើយ​ក៏​បាន​ប្រទាន​កន្លែង​ដ៏​រឹង​មាំ សម្រាប់​ឲ្យ​គាត់​ឈរ។ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ព្រះ​អង្គ​ជា​ជំនួយ និង​ជា​អ្នក​ប្រោស​ឲ្យ​ទូល​បង្គំ​រួច”(ខ.១៧)។

អ្នក​ប្រហែល​ជា​កំពុង​តែ​រង់​ចាំ​ការ​ផ្លាស់​ប្តូរ ទំាង​ពី​យូរ​មក​ហើយ ដែល​មាន​ដូច​ជា​ទិស​ដៅ​ថ្មី នៅ​ក្នុង​អាជីព ការ​ផ្សះ​ផ្សា​ទំនាក់​ទំនង ការ​ជម្នះ​ទម្លាប់​អាក្រក់ ឬ​រង់​ចំា​ការ​រំដោះ​ឲ្យ​រួច​ពី​ស្ថាន​ភាព​ដ៏​ពិបាក​ណា​មួយ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​រំឭក​យើង​ថា យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ដ្បិត​ព្រះ​អង្គ​ស្តាប់​ឮ ហើយ​ព្រះ​អង្គ​នឹង​រំដោះ​យើង​ឲ្យ​រួច។—AMY PETERSON