កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ស្តាប់​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា “ព្រះ​អង្គ​ទត​រំលង​កំហុស​ខ្ញុំ ហើយ​ទត​ឃើញ​តម្រូវ​ការ​របស់​ខ្ញុំ” ដែល​និពន្ធ​ដោយ​អ្នកស្រី​ដូធី រេមបូ(Dottie Rambo) ក្នុង​ឆ្នាំ​១៩៦៧។ តែ​ខ្ញុំ​ច្រឡំ​ស្មាន​តែ​បទ​ចម្រៀង​នោះ មាន​ចំណង​ជើង​ថា “ព្រះ​អង្គ​ទត​រំលង​កំហុស​របស់​ខ្ញុំ ហើយ​ទត​ឃើញ​ជង្គង់​របស់​ខ្ញុំ”។ ដោយ​សារ​ខ្ញុំ​នៅ​ក្មេង នោះ​ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជាព្រះ​ទត​មើល​ជង្គង់​របស់​ខ្ញុំ​ទៅ​វិញ។ តើ​ដោយ​សារ​ជង្គង់​ខ្ញុំ​ខ្សោយ​ឬ? តែ​ខ្ញុំ​ដឹង​ថា ក្នុង​ភាសា​អង់​គ្លេស ជង្គង់​ដែល​ខ្សោយ គឺ​មាន​ន័យ​ថា “ភ័យ​ខ្លាច”។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត​អ្នក​ស្រី​ដូធី បាន​និពន្ធ​បទ​ចម្រៀង​នេះ ដើម្បី​រៀប​រាប់​អំពី​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​លក្ខ​ខ័ណ្ឌ​របស់​ព្រះ​ជាម្ចាស់ គឺ​ដើម្បី​ឆ្លើយ​តប​ចំពោះ​បង​ប្រុស​របស់​គាត់ ដែល​បាន​ជឿ​ថា គ្មាន​នរណា​ម្នាក់​ស្រឡាញ់​គាត់​ទេ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ខុស។ អ្នក​ស្រី​ដូធី​ក៏​បាន​ប្រើ​បទ​ចម្រៀង​នេះ ដើម្បី​ធានា​គាត់​ថា ព្រះ​អង្គ​បាន​ជ្រាប​អំពីភាព​កម្សោយ​របស់​គាត់ ហើយ​នៅ​តែ​ស្រឡាញ់​គាត់​ជា​និច្ច។

ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​លក្ខ​ខ័ណ្ឌ​របស់​ព្រះ​អង្គ នៅ​ក្នុង​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល និង​យូដាកំពុង​ជួប​ការ​ភ័យ​ខ្លាច​ជា​ច្រើន​លើក​ច្រើន​សារ។ ព្រះ​អង្គ​បាន​ចាត់​ហោរា ដូច​ជា​លោក​អេសាយ​ជា​ដើម ឲ្យ​នាំ​យក​ព្រះ​រាជ​សារ​ព្រះអង្គ​ទៅ​ប្រកាស់ ដល់​រាស្រ្ត​ដែល​បាន​វង្វេង​ចេញ​ពី​ព្រះ​អង្គ។ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​៣៥ លោក​ហោរា​រូប​នេះ​ប្រាប់​ពួក​គេ​ឲ្យ​មាន​សង្ឃឹម​ឡើង ព្រោះ​ព្រះ​ជា​ម្ចាស់​នឹង​ស្តារ​ពួក​គេ​ឡើង​វិញ​មិន​ខាន។ ការ​លើក​ទឹក​ចិត្ត​ដែល​នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​នោះ នឹង “ចំរើន​កំឡាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំមួន​ឡើង”(ខ.៣)។ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ដែល​ពួក​គេ​បាន​ទទួល រាស្រ្ត​របស់​ព្រះ​នឹង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ក្នុង​ខ.៤ លោក​អេសាយ​បាន​បង្គាប់​ពួក​គេ​ថា “ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ”។

តើ​អ្នក​កំពុង​តែ​មាន​ជង្គង់​ដែល​ខ្សោយ​ឬ​ទេ? ចូរ​ទូល​ថ្វាយ​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ចុះ។ ព្រះ​អង្គ​ចម្រើន​កម្លាំង​ដល់​ជង្គង់​ដែល​ខ្សោយ តាម​រយៈ​សេចក្តី​ពិត ក្នុង​ព្រះ​គម្ពីរ និង​ដោយ​អំណាច​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ បន្ទាប់​មក អ្នក​នឹង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ផង​ដែរ។—LINDA WASHINGTON