មាន​ពេល​មួយ ខ្ញុំ​បាន​និយាយ ទាំង​ដក​ដង្ហើម​ធំ​ថា ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទេ បើ​កិច្ចការ​ច្រើន​យ៉ាង​នេះ។ សម្លេង​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​បន្លឺ​ឡើង ចេញ​ពី​ទូរស័ព្ទ​ថា ខ្ញុំ​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង ព្រោះ​ខ្ញុំ​បាន​សម្រេច​នូវ​កិច្ច​ការ​ជា​ច្រើន។ បន្ទាប់​មក គាត់​ក៏​បាន​រៀប​រាប់ អំពី​កិច្ច​ការ​ជា​ច្រើន​ដែល​​ខ្ញុំ​អាច​ធ្វើ​បាន ដែល​មាន​ដូច​ជា ការថែ​ទាំ​សុខ​ភាព​បាន​ល្អ ការ​សម្រេច​ការងារ ការ​បញ្ចប់​ការ​សិក្សា​បាន​និទេ្ទស​ល្អ ការ​និពន្ធ​សៀវភៅ និង​ការ​ទៅ​រៀន​នៅ​សាលា​ព្រះ​គម្ពីរ​ជា​ដើម។ ខ្ញុំ​ចង់​ធ្វើ​កិច្ច​ការ​ទាំង​អស់​នេះ​ ថ្វាយ​ព្រះ​ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បែរ​ជា​ផ្តោត​ទៅ​លើ​ព្រះ តិច​ជាង​កិច្ចការ​អ្វី​ដែល​ខ្ញុំកំពុង​ធ្វើ ឬ​ខ្ញុំ​ប្រហែល​ជា​កំពុង​តែ​ព្យាយាម​ធ្វើ​កិច្ចការ​ច្រើន​ពេក។

សាវ័ក​ប៉ុល​បាន​រំឭក​ពួក​ជំនុំ​នៅ​ក្រុង​កូល៉ុស​ថា ពួក​គេ​ត្រូវ​រស់​នៅ ក្នុង​ជីវិត​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ ការ​អ្វី​ដែល​ពួក​គេធ្វើ​ជា​រៀង​រាល់​ថ្ងៃ មិន​សូវ​សំខាន់​ដូច​របៀប​ដែល​ពួក​គេ​ធ្វើ​ការ​ទាំង​អស់​នោះ​ឡើយ។ ពួក​គេ​ត្រូវ​ធ្វើ​កិច្ចការ ដោយ “ក្តីអាណិត ចិត្ត​សប្បុរស ការ​បន្ទាប​ខ្លួន សេចក្តី​សំឡូត និង​ចិត្ត​អត់​ធ្មត់”(កូល៉ុស ៣:១២) ដោយ​ការ​អត់​ឱន​ទោស និងសំខាន់​បំផុត គឺ​ត្រូវ​មាន​ក្តី​ស្រឡាញ់(ខ.១៣-១៤) ហើយ “ត្រូវ​ធ្វើ​ការ​គ្រប់​យ៉ាង ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ”(ខ.១៧)។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ មិន​ត្រូវ​ឃ្លាត​ចាក​ពី​ការ​រស់​នៅ តាម​គំរូ​ព្រះ​គ្រីស្ទ​នោះ​ឡើយ។

ការ​អ្វី​ដែល​យើង​ធ្វើ គឺ​សំខាន់ តែ​របៀប​ដែល​យើង​ធ្វើ មូល​ហេតុ និង​អ្នក​ដែល​យើង​ធ្វើ​សម្រាប់ គឺ​កាន់​តែ​សំខាន់។ ជារៀង​រាល់​ថ្ងៃ តើ​យើង​ចង់​សម្រេច​ចិត្ត​ធ្វើ​ការ ដោយ​ចិត្ត​តប់​ប្រម៉ល់ ឬ​ចង់​ធ្វើ​ការ​តាម​របៀប ដែល​ថ្វាយ​ព្រះ​កិត្តនាម​ដល់ព្រះ​អង្គ ហើយ​ស្វែង​រក​អត្ថ​ន័យ នៃ​កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយ​ព្រះ​អង្គ។ ពេល​ណា​យើង​រស់​នៅ​ថ្វាយ​ព្រះ​អង្គ យើង​នឹង​រក​ឃើញ​ការ​ស្កប់​ចិត្ត។—JULIE SCHWAB