សព្វ​ថ្ងៃ​នេះ ការ​ប្រើ​ប្រាស់​ផែន​ទី​កាន់​តែ​មាន​ការ​ពេញ​និយម។ ជា​ទូទៅ យើង​អាច​ដឹង អំពី​ទី​កន្លែង​ដែល​គេ​គូ​ផែន​ទី​នី​មួយ​ៗ ដោយ​មើល​ទៅ​ចំណុច​កណ្តាល​នៃ​ផែន​ទី​នោះ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​គិត​ថា ផ្ទះ​របស់​យើង​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ពិភព​លោក ដូច​នេះ យើង​ក៏​បាន​គូស​ចំណាំ​ទីតាំង​ផ្ទះ​របស់​យើង​នៅ​លើ​ផែនទី ដោយ​គូស​ចំណុចមូល​ខ្មៅ​តូច​មួយ​ពី​លើ​វា ហើយ​គូស​ខ្សែ ឬ​បន្ទាត់​ចេញ​ពី​ចំណុច​ខ្មៅ​នោះ។ ក្រុង​ដែល​នៅ​ក្បែរ​តំបន់​យើង​រស់​នៅ ប្រហែល​ជា​នៅ​ខាង​ជើង ចម្ងាយ​តែ​៥០​គីឡូ​ម៉ែត្រ ឬ​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ដែល​ត្រូវ​បើក​បរ​រយៈ​ពេល​មួយ​ម៉ោង ប៉ុន្តែ យើងពិពណ៌នា​អំពី​ទីតាំង​ទាំង​នោះ ដោយ​ធៀប​នឹង​ទីតាំង​ដែល​យើង​កំពុង​តែ​ស្ថិត​នៅ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទគម្ពីរ​ទំនុក​ដំកើង ដែល​បាន​គូស “ផែនទី” ដោយ​ផ្អែក​ទៅ​លើ​ទីតាំង​របស់​ព្រះ​វិហារ​របស់​ព្រះ​អម្ចាស់ ក្នុង​សម័យ​សញ្ញាចាស់ ហេតុ​នេះ​ហើយ គេ​បាន​យក​ទីតាំង​របស់​ទីក្រុង​យេរូសាឡិម ជា​ចំណុច​កណ្តាល​នៃ​ផែន​ទី​ភូមិ​សាស្រ្ត​នៃ​ព្រះ​គម្ពីរ​។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤៨ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង​ជា​ច្រើន ដែល​ពោល​សរសើរ​ទី​ក្រុង​យេរូសាឡិម​។  គឺដូច​មាន​សេចក្តី​ចែង​ថា​ “ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំ គឺ​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់ ឯ​ភ្នំ​ស៊ីយ៉ូន​នៅ​ទិស​ខាង​ជើង នោះ​មាន​លំអរ ដោយ​នៅ​លើ​ទី​ខ្ពស់ ជា​ទី​រីករាយ​ចិត្ត​ដល់​ផែនដី​ទាំង​មូល គឺ​ជា​ទី​ក្រុង​នៃ​មហាក្សត្រ​ដ៏​ធំ”(ខ.១-២)។ ដោយសារ “ទ្រង់​ជា​ទី​ពឹង​នៅ​ក្នុង ព្រះរាជ​វាំង​នៃ​ក្រុង​នោះ នោះ ព្រះអង្គ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​នៅ​ជាប់​ជា​រៀងរាប​ដរាប​ទៅ(ខ.៣,៨)។ ព្រះ​កិត្ត​នាម​របស់​ព្រះ​អង្គ​បាន​ចាប់​ផ្តើម​ឮ​សុះ​សាយ ពី​ព្រះ​វិហារ​នៃ​ទីក្រុង​យេរូសាឡិម ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី​(ខ.៩-១០)។

ផ្ទះ​របស់​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល នៃ​ផែនទី​របស់​ព្រះ​គម្ពីរ​ឡើយ បើ​សិន​ជា​ផ្ទះ​របស់​អ្នក​មិន​ស្ថិត​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម​ទេ​នោះ។ តែ​តំបន់​ដែល​អ្នក​កំពុង​តែ​រស់​នៅ ក៏​សំខាន់​ដូច​តំបន់​ដទៃ​ទៀត​ផង​ដែរ ព្រោះ​ព្រះ​ជាម្ចាស់ ​នៅ​តែ​បន្ត​ត្រាស់ហៅ​យើង ឲ្យ​នាំ​ការ​សរសើរ​ព្រះ​នាម​ព្រះ​អង្គ ទៅ​ដល់​ចុង​បំផុត​នៃ​ផែន​ដី​(ខ.១០)។ តើ​អ្នក​ចង់​មានចំណែក​នៅ​ក្នុង​ផែនការ​ឈោង​ចាប់​របស់​ព្រះ​អង្គ​ឬ​ទេ? ចូរ​ថ្វាយ​បង្គំ​ព្រះ​ ជា​មួយ​រាស្រ្ត​ព្រះ​អង្គ​រៀង​រាល់​សប្តាហ៍ ហើយ​រស់​នៅ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ ដោយ​បើក​ចំហរ ជា​រៀង​រាល់​ថ្ងៃ។ ព្រះ​កិត្ត​នាម​របស់​ព្រះ​នឹង​ឮ​សុះ​សាយ​ ទៅ​ដល់ ​“ចុង​បំផុត​នៃ​ផែនដី” ពេល​ដែល​យើង​ថ្វាយ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​មាន​ដល់​ព្រះ​អង្គ និង​លះ​បង់​ជីវិត​ចាស់​របស់​យើង ​ថ្វាយ​ព្រះ​អង្គ។​—MIKE WITTMER