មាន​ពេល​មួយ ឪពុក​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​បាត់​បង់​ភាព​អត់​ធ្មត់។ កូន​របស់​គាត់​ដែល​ចេះ​ដើរ​តេស​តាស់​ចេះ​តែ​ស្រែក​ថា “ការ៉េម! ការ៉េម!” គាត់​ក៏​បាន​បាត់​បង់​ការ​គ្រប់​គ្រង​កូន នៅ​ក្នុង​កណ្តាល​ចំណោម​ហ្វូង​មនុស្ស​ នៅ​ក្នុង​ផ្សារ​ទំនើប។ គាត់​ក៏​បាន​ប្រាប់​កូន​គាត់​ថា គាត់​នឹង​ទិញ​ការ៉េម​ឲ្យ​វា​ញាំ តែ​គាត់​ត្រូវ​ធ្វើ​អ្វី​មួយ សម្រាប់​ម្តាយ​របស់​វា​សិន។ វា​ក៏​ស្រែកទៀត​ថា​ “អត់​ទេ! ទិញ​ការ៉េម”។ បន្ទាប់​មក រឿង​នេះ​ក៏​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ស្រ្តី​ម្នាក់ មាន​មាឌ​តូច ​មាន​សំលៀក​បំពាក់​ស្អាត​បាត ដោយ​មាន​ស្បែក​ជើង ដែល​សម​នឹង​ការ​បូប​យួរ​ដៃ​របស់​ខ្លួន។ នាង​ក៏​បាន​ចូល​មក​ជិត​ពួក​គេ។ ឪពុក​របស់​ក្មេង​ក៏​បាន​ប្រាប់​នាង​ថា​ “កូន​នេះ​ទម្រើស​ណាស់”។ ស្ត្រី​នោះ​ក៏​បាន​ញញឹម ហើយ​តប​ថា​ “ក្មេង​នេះនៅ​តូច​ណាស់។ វា​ត្រូវ​ការ​ឲ្យ​អ្នក​មាន​ចិត្ត​អត់​ធ្មត់ នឹង​មាន​ភាព​ជិត​ស្និទ្ធ​ចំពោះ​វា”។ រឿង​នេះ​មិន​បាន​បញ្ចប់​ភ្លាម​ៗ​ទេ តែ​ពាក្យ​លើក​ទឹក​ចិត្ត​របស់​ស្រ្តី​នោះ គឺ​ជា​អ្វី​ដែល​ឪពុក​នឹង​កូន​នោះ​ត្រូវ​ការ​ក្នុង​ពេល​នោះ។

ពាក្យ​សម្តី​របស់​ស្រ្តី​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៣។ ក្នុង​បទ​គម្ពីរ​នេះ សេ្តច​ដាវីឌ​បានពិពណ៌នា អំពី​ព្រះ​អម្ចាស់ ដែល “​មាន​សេចក្តី​មេត្តា​ករុណា ហើយ​នឹង​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​បរិបូរ”(ខ.៨)។ បន្ទាប់​មក ទ្រង់​ក៏​បាន​មាន​បន្ទូល​ប្រៀប​ប្រដូច​ថា ព្រះ​អង្គ “មាន​ព្រះទ័យ​អាណិត​ដល់អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់​ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ”(ខ.១៣)។ ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង “ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ”(ខ.១៤)។ ព្រះ​អង្គ​ជ្រាប​ថា យើង​តូច ហើយ​ផុយ​ស្រួយ។

យើង​ច្រើន​តែ​ជួប​បរាជ័យ ហើយ​ងាយ​នឹង​មាន​អារម្មណ៍​ថា​ពិបាក​ពេក ដោយ​សារ​ការ​អ្វី​ដែល​ពិភព​លោក​ដ៏​ធំ​នេះ​បាន​ផ្តល់​ឲ្យ​យើង។ តែ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​វរបិតា​នៃ​យើង​មាន​ព្រះ​ទ័យ​អត់​ធ្មត់ តែង​តែ​គង់​នៅ​ជា​មួយ ហើយ​មាន​ក្តីស្រឡាញ់​ជា​បរិបូរ។—JOHN BLASÉ