ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ក៏​ដូច​ជា​តំបន់​ជា​ច្រើន​ទៀត គេ​ប្រើ​ប្រាស់​វិប​សាយ​មួយ ដើម្បី​ជួយ​យើង​តភ្ជាប់​ទំនាក់​ទំនង​ភ្លាម​ៗ ជា​មួយ​អ្នក​ជិត​ខាង​។ សមាជិក​នៃ​សហគមន៍​របស់​ខ្ញុំ ក៏​បាន​ប្រើ​វែបសាយ​នោះ ដើម្បី​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅមក អំពី​សត្វ​តោ​ភ្នំ​មួយ​ក្បាល ដែល​គេ​បាន​ប្រទះ​ឃើញ និង​អំពី​វិធី​សាស្រ្ត​ជំលាស​ចេញ​ពីភ្លើង​ឆេះ​ព្រៃ ក៏​ដូច​ជា​ជួយ​មើល​កូន​ឲ្យ​គ្នា ទៅ​វិញ​ទៅ​មក តាម​ដែល​ចាំ​បាច់។ គេ​បាន​ក៏​ប្រើ​វា ដើម្បី​ស្វែង​រក​សត្វ​ចិញ្ចឹម​ដែល​បាន​រត់​ចោល​ផ្ទះ​ផង​ដែរ។ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​អំណាច​របស់​អ៊ីនធើណិត​យ៉ាង​ដូច​នេះ អ្នក​ដែល​រស់​នៅ​ជិត​ខាង​គ្នា ក៏​បាន​មាន​ការ​តភ្ជាប់​ទំនាក់​ទំនង​សារ​ឡើង​វិញ តាម​របៀប​ថ្មី​មួយ ដែល​ជា​ញឹក​ញាប់ ទំនាក់ទំនង​ប្រភេទ​នេះ​ច្រើន​តែ​បាត់​បង់ ក្នុង​សង្គមមនុស្ស​សព្វ​ថ្ងៃ ដោយសារ​មនុស្ស​ចូល​ចិត្ត​ធ្វើ​អ្វីៗ​លឿន​ជាង​មុន។​

ការ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជិត​ខាង ក៏​មាន​សារៈ​សំខាន់ នៅ​សម័យ​ស្តេច​សាឡូម៉ូន​ផង​ដែរ។ ទំនាក់​ទំនង​ក្នុង​គ្រួសារ​ពិត​ជា​សំខាន់​ណាស់ ហើយ​អាច​ជា​ប្រភព​នៃ​ជំនួយ​ដ៏​ធំ ប៉ុន្តែ ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា តួនាទី​របស់​មិត្តភក្តិ​ក៏​សំខាន់​ណាស់​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​មាន​គ្រោះ​មហន្ត​រាយ​(សុភាសិត ២៧:១០)។ សមាជិក​គ្រួសារ​ប្រហែល​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ចង់​ជួយ​គ្នា ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ផង​ដែរ។ ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​នៅ​ឆ្ងាយ​ពី​យើង នោះ​ពួក​គេ​មិន​អាច​មក​ជួយ​យើង​ភ្លាម​ៗ​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ជិត​ខាង ដែល​កំពុង​តែ​រស់​នៅ​ក្បែរ​យើង​ ទំនង​ជា​អាច​ដឹង​អំពី​បញ្ហា​របស់​យើង​លឿន​ជាង ហើយ​ក៏ប្រហែល​ជា​អាច​ជួយ​យើង​បាន​ឆាប់​រហ័ស​ជាង​ផង​ដែរ។

ដោយ​សារ​បច្ចេក​វិទ្យា​បាន​ជួយ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ការ​បន្ត​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ទីស្រឡាញ់ នៅ​ជុំវិញ​ពិភព​លោក នោះ​យើង​ងាយ​នឹង​មើល​រំលង​មនុស្ស​ដែល​រស់​នៅ​ជិត​ខាង​យើង។ ឱ​ព្រះយេស៊ូវ សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ចំណាយ​ពេល​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ ដែល​ព្រះ​អង្គ​បាន​ដាក់​នៅ​ជុំវិញ​យើង​ខ្ញុំ! —KIRSTEN HOLMBER