ពេល​ដែល​លោក​ម៉ាទីន លែដ(Martin Laird) ដែល​ជា​អ្នក​និពន្ធ​ចេញ​ដើរ​លេង គាត់​បាន​ជួប​បុរស​ម្នាក់ ដែល​មាន​ឆ្កែរ​ពូជ​ប្រម៉ាញ់ Blue Terriers បួន​ក្បាល។ ក្នុង​ចំណោម​ឆ្កែ​ទំាង​នោះ ឆ្កែ​បី​ក្បាល​កំពុង​តែ​រត់​ចុះ​ឡើង ដោយ​សេរី​នៅ​ក្នុង​ទីធ្លា  តែ​ឆ្កែ​មួយ​ក្បាល​ទៀត​ចេះ​តែ​រត់​ជុំវិញ ជា​រង្វង់​តូច​ៗ​តែ​ម្នាក់​ឯង នៅ​កន្លែង​ដដែល នៅ​ក្បែរ​ម្ចាស់​វា។ ទី​បំផុត លោក​លែដ​ក៏​បាន​សួរ​បុរស​នោះ អំពី​អត្ត​ចរិក​ដ៏​ចម្លែក​របស់​ឆ្កែ​នោះ។ បុរស​នោះ​ក៏​បាន​ពន្យល់​គាត់​ថា វា​ជា​សត្វឆ្កែ​ដែល​គេ​បាន​រំដោះ ពី​កន្លែង​ដែល​គេ​បាន​ឃុំ​ឃាំង​វា​នៅ​ក្នុង​ទ្រុង​អស់​ជា​ច្រើន​ឆ្នាំ។ សត្វ​ឆ្កែ​នោះ​បាន​បន្ត​រត់​ជុំវិញ​ជារង្វង់​ដូច​នេះ ដោយ​សារ​វា​ធ្លាប់​តែ​រត់​ជា​រង្វង់​នៅ​ក្នុង​ទ្រុង​អស់​ជា​ច្រើន​ឆ្នាំ។

ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ពេល​ណា​យើង​ជាប់​អន្ទាក់ ដោយ​គ្មាន​ក្តី​សង្ឃឹម គឺ​មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ ដែល​អាច​ជួយ​រំដោះ​យើង​បាន។ ត្រង់​ចំណុច​នេះ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “​ចំណង​នៃ​សេចក្តី​ស្លាប់​បាន​រុំ​ជុំវិញ​ទូលបង្គំ ហើយ​ជំនន់​នៃ​សេចក្តី​ទុច្ចរិត​បាន​បំភ័យ​ទូលបង្គំ ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូលបង្គំ

អន្ទាក់​នៃ​សេចក្តី​ស្លាប់​បាន​ទាក់​ទូលបង្គំ (ទំនុកដំកើង ១៨:៤-៥)។ ពេល​ដែល​គាត់​ស្ថិត​ក្នុង​ភាព​ទាល់​ច្រក គាត់​ក៏​បាន​អំពាវ​នាវ​ឲ្យ​ព្រះ​ជា​ម្ចាស់​ជួយ​(ខ.៦)។ ហើយ​ព្រះ​អង្គ​ក៏​បាន​ចុះ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់គាត់​ចេញ​ពី​ទឹក​ធំ​នោះ។

ព្រះ​ជា​ម្ចាស់​ក៏​អាច​ធ្វើ​ដូច​នេះ សម្រាប់​យើង​ផង​ដែរ។ ព្រះ​អង្គ​អាច​វាយ​បំបាក់​ច្រវ៉ាក់ និង​រំដោះ​យើង ឲ្យ​រួច​ពី​ទ្រុង​ដែល​កំពុង​តែ​ឃុំ​ឃាំង​យើង។ ព្រះ​អង្គ​អាច​រំដោះ​យើង ហើយ​នាំ​យើង​ចេញ​ទៅ​ទី​ធំ​ទូលាយ​(ខ.១៩)។ ពិត​ជា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ បើ​យើង​នៅ​តែ​បន្ត​រស់​នៅ ដូច​មនុស្ស​ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​ទ្រុង​ទៀត​នោះ។ ដោយ​កម្លាំង​របស់​ព្រះអង្គ ​ចូរ​យើង​កុំ​មាន​ការ​ភ័យ​ខ្លាច ក្តី​អាម៉ាស់ ឬ​ការ​គាប​សង្កត់​នោះ​ឡើយ។ ព្រះ​អង្គ​បាន​រំដោះ​យើង ឲ្យ​រួច​ពី​ទ្រុង​នៃ​សេចក្តី​ស្លាប់​ហើយ។ ដូច​នេះ យើង​អាច​រត់​លេង​នៅ​ខាង​ក្រៅ​ទ្រុង ដោយ​សេរី។​—WINN COLLIER