សព្វ​ថ្ងៃ​នេះ លោក​ជែហ្វ(Geoff) ជា​គ្រូ​គង្វាល​យុវជន នៅ​ក្នុង​ទីក្រុង ដែល​គាត់​ធ្លាប់​ញៀន​ថ្នាំ កាល​ពី​មុន។ ព្រះ​ជា​ម្ចាស់​បាន​កែ​ប្រែ​ចិត្ត និង​កាលៈ​ទេសៈ​របស់​គាត់ តាម​របៀប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ គាត់​ថា គាត់​ចង់​ជួយ​ការពារ​ក្មេង​ៗ កុំ​ឲ្យ​ប្រព្រឹត្ត​ខុស និង​ជួប​ការ​ឈឺ​ចាប់ ដែល​គាត់​ធ្លាប់​ឆ្លង​កាត់ ហើយ​ព្រះ​យេស៊ូវ​នឹង​ជួយ​ពួក​គេ​ជាប្រាកដ។ កាល​ពី​មុន ព្រះ​ជា​ម្ចាស់​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​នៃ​ថ្នាំ​ញៀន ហើយ​ពេល​នេះ​ព្រះ​អង្គ​បាន​ប្រទាន​កិច្ចការ​ដ៏​សំខាន់​ឲ្យ​គាត់​ធ្វើ ទោះ​គាត់​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​ក៏​ដោយ។​

ពេល​ដែល​ក្តី​សង្ឃឹម​ហាក់​ដូច​ជា​រលាយ​អស់ ព្រះ​ជា​ម្ចាស់​អាច​នាំ​ការ​ល្អ​ចេញ​ពី​ស្ថាន​ភាព​ដ៏​អាក្រក់ តាម​របៀប​ដែលយើង​មិន​នឹក​ស្មាន​ដល់។ គេ​បាន​លក់​លោក​យ៉ូសែប ឲ្យ​ធ្វើ​ជា​ទាសករ​នៅ​នគរ​អេស៊ីព្ទ ហើយ​ក្រោយ​មក គេ​ក៏​បាន​ចោទបង្ខូច​គាត់ ហើយ​ចាប់​គាត់​ដាក់​គុក។ គាត់​បាន​ជាប់​គុក​អស់​ជា​ច្រើន​ឆ្នាំ ដោយ​មិន​មាន​នរណា​ម្នាក់​នឹក​ចាំ​ពី​គាត់។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​លើក​គាត់​ឡើង​វិញ ហើយ​ដាក់​គាត់​នៅ​ក្នុង​មុខ​តំណែង​ដ៏​មាន​អំណាច បន្ទាប់​ពី​ស្តេច​ផារ៉ោន ដែល​នៅទីនោះ គាត់​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ជា​ច្រើន រាប់​បញ្ចូល​ទាំង​បង​ប្អូន ដែល​បាន​បោះ​បង់​ចោល​គាត់​ផង​ដែរ។ នៅ​នគរ​អេស៊ីព្ទ លោក​យ៉ូសែប​ក៏​បាន​រៀបការ ហើយ​មាន​កូន។ គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ទីពីរ​របស់​គាត់​ថា អេប្រាអឹម(ជា​ភាសា​ហេព្រើរ​មាន​ន័យ​ថា “មាន​ផល​ផ្លែ​ទ្វេរ​ជា​ពីរ”) ហើយ​គាត់​ក៏​បាន​ប្រាប់​ថា មូល​ហេតុ​ដែល​គាត់​បាន​ដាក់ឈ្មោះ​ឲ្យ​កូន​ដូច​នេះ គឺ​ដោយ​សារ​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​មាន​កូន ក្នុង​ស្រុក​ដែល​គាត់​ជួប​ទុក្ខ​លំបាក​(លោកុប្បត្តិ ៤១:៥២)។

រឿង​របស់​លោក​ជែហ្វ និង​លោក​យ៉ូសែប កើត​ក្នុង​សម័យ​ខុស​គ្នា​ប្រហែល​បី ទៅ​បួន​ពាន់​ឆ្នាំ តែ​បាន​នាំ​យើង​ងាក​ទៅ​រកសេចក្តី​ពិត​ដែល​មិន​ចេះ​ប្រែ​ប្រួល គឺសេចក្តី​ពិត​ដែល​ថា កន្លែង​ដែល​ពិបាក​បំផុត​ក្នុង​ជីវិត​យើង អាច​ជា​កន្លែង​ដែល​មានជីវ​ជាតិ សម្រាប់​ឲ្យ​ព្រះ​ជា​ម្ចាស់​ជួយ និង​ប្រទាន​ពរ​ដល់​មនុស្ស​ជា​ច្រើន។ សេចក្តី​ស្រឡាញ់ និង​អំណាច​របស់​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង មិន​ដែល​ផ្លាស់​ប្តូរ​ឡើយ ហើយ​ព្រះ​អង្គ​តែង​តែ​ស្មោះ​ត្រង់ ចំពោះ​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​អង្គ​ជា​និច្ច។—JAMES BANKS