លោកអឺនេស ស៊ែកក្លេតុន(Ernest Shackleton ឆ្នាំ1874–1922) បាន​បរាជ័យ នៅ​ក្នុង​ការ​ដឹក​នាំ​ដំណើរ​បេសកម្ម​ឆ្លង​កាត់​ទ្វីប​អត់តាកទិក កាល​ពី​ឆ្នាំ​១៩១៤។ នាវា​របស់​គាត់ ដែល​មាន​រហ័ស​នាម​ថា ស៊ូទ្រាំ បាន​ជាប់​គាំង នៅ​ក្នុង​ទឹក​កក​ក្រាស់​ៗ ក្នុង​សមុទ្រ​វេដេល។ វា​ជា​ពេល​ដែល​គាត់ និង​ក្រុម​នាវិក​របស់​គាត់​ត្រូវ​រត់​ប្រណាំង​នឹង​ពេល​វេលា​ដែលនៅ​សល់​កាន់​តែ​តិច​ទៅ​ៗ​ ដោយ​ការ​ស៊ូ​ទ្រាំ ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់។ ពួក​គេ​មិន​មាន​មធ្យោបាយ​ទំនាក់​ទំនង​ជា​មួយ តំបន់​ផ្សេង​ទៀត​នៃ​ពិភព​លោក​ទេ ដូច​នេះ ពួក​គេ​ក៏​បាន​ប្រើ​ទូក​សង្រ្គោះ ដើម្បី​ធ្វើ​ដំណើរ ទៅ​ឆ្នេរ ដែល​នៅ​ជិត​បំផុត នៅ​កោះ​អ៊ីលីហ្វិន។ លោក​ស៊ែក​ក្លេតុន និង​ពួក​នាវិក​៥​នាក់​បាន​អុំទូក​នោះ​ អស់​រយៈ​ពេល​២សប្តាហ៍ បាន​ចម្ងាយ​ប្រហែល​១២០០​គីឡូ​ម៉ែត្រ កាត់​មហា​សមុទ្រ ទៅ​ដល់​រដ្ឋ​ចចជា​ខាង​ត្បូង ដើម្បី​ស្វែង​រក​ជំនួយ សម្រាប់​ពួក​នាវិក​ភាគ​ច្រើន ដែល​កំពុង​រង់​ចាំ​នៅ​លើ​កោះ។ ដំណើរ​បេសកកម្ម “ដ៏​បរាជ័យ”នេះ ក៏​បាន​ក្លាយ​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ជោគ​ជ័យ ចូល​ទៅ​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្រ្ត ពេល​ដែល​នាវិក​ទាំង​អស់​របស់​លោក​ស៊ែកក្លេតុន​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ដោយ​សារ​សេចក្តី​ក្លាហាន និង​ការ​ស៊ូទ្រាំ​របស់​ពួក​គេ។​

សាវ័ក​ប៉ុល​បាន​យល់​អំពី​អត្ថ​ន័យ​នៃ​ការ​ស៊ូ​ទ្រាំ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​កាត់​សមុទ្រ​ដែល​មាន​ខ្យល់​ព្យុះ ទៅ​ទីក្រុង​រ៉ូម ដើម្បី​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស ដោយសារ​គាត់​ជឿ​ព្រះ​យេស៊ូវ គាត់​ក៏​បាន​ទទួល​ការ​បើក​សម្តែង​ពី​ទេវតា​របស់​ព្រះ​អម្ចាស់ ឲ្យ​ដឹង​ថា​ សំពៅ​នោះ​នឹង​លិច​មិន​ខាន​។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​ធ្វើ​ដំណើរជា​មួយ​គាត់​ថា ពួក​គេ​នឹង​រួច​ជីវិត​ទាំង​អស់​គ្នា តាម​ការ​សន្យា​របស់​ព្រះ ទោះ​ជា​នាវា​នោះ​ត្រូវ​បាត់​បង់​ក៏​ដោយ​(កិច្ចការ ២៧:២៣-២៤)។

ពេល​ដែល​យើង​ជួប​គ្រោះ​មហន្ត​រាយ យើង​ច្រើន​តែ​ចង់​ឲ្យ​ព្រះ​កែ​ប្រែ​អ្វី​ៗ ឲ្យ​មាន​ភាព​ល្អ​ឡើង​វិញ​ភ្លាម។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជំនឿ សម្រាប់​ស៊ូទ្រាំ និង​លូត​លាស់ ក្នុង​ទុក្ខ​លំបាក​នោះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម​ថា “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ”(រ៉ូម ៥:៣)។ កាល​ណា​យើង​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ នោះ​យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​បន្ត​ទុក​ចិត្ត​ព្រះ ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ —LINDA WASHINGTON