ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ ការ​ស្វែង​រក និង​ឆក់​យក​ឱកាស​ឲ្យ​ទាន់​ពេល​វេលា គឺ​ជា​កត្តា​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​យើង​អាច​ទទួល​ជោគ​ជ័យ នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​អ្វី​មួយ។ ដើម្បី​ឆក់​ឱកាស​ឲ្យ​ទាន់​ពេល​វេលា យើង​ត្រូវ​មាន​ភាព​រហ័ស​រហួន និង​ឆ្លាត​វ័យ តែ​ក៏​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ជា​អ្នក​ប្រទាន​ឱកាស​នោះ​ផង​ដែរ ដ្បិត​ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង​ពេល​វេលា និង​អ្វី​ៗ​ទាំង​អស់។

យើង​ងាយ​នឹង​ផ្តោត​ចិត្ត ឬ​ថែម​ទាំង​មាន​ចិត្ត​ងប់​ងល់​ចំពោះ​កិច្ចការ​របស់​យើង ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ឱកាស ឲ្យ​បាន​ច្រើន​ជា​អតិបរមា។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មាន​ចិត្ត​ឆេះ​ឆួល​ដូច​នេះ នៅ​ក្នុង​ការ​ស្វែង​រក​ឱកាស​ខាង​វិញ្ញាណ ឲ្យ​ច្រើន​ជា​អតិបរមា​ឬ​ទេ?

សាវ័ក​ប៉ុល​ដឹង​ថា យើង​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រុង​ប្រៀប​ជា​ស្រេច ដើម្បី​ឆក់​ឱកាស​ធ្វើ​ការ​បម្រើ​ព្រះ។ ក្នុង​បទ​គម្ពីរ​កូល៉ុស ជំពូក​៤ គាត់​បាន​បង្រៀន​ឲ្យ​យើង​អធិស្ឋាន​ទូល​សូម​ឱកាស សម្រាប់​ផ្សាយ​ដំណឹង​ល្អ​(ខ.៣)។ បន្ទាប់​មក គាត់​ក៏​បាន​ជំរុញ​ចិត្ត​យើង​ថា “ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង”(ខ.៥)។ គាត់​មិន​ចង់​ឲ្យ​យើង​ខក​ខាន មិន​បាន​ឆក់​ឱកាស ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ​នោះ​ឡើយ ។ ប៉ុន្តែ ដើម្បី​នាំ​គេ​ឲ្យ​ស្គាល់​ព្រះ​អង្គ យើង​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​តម្រូវ​ការ​របស់​ពួក​គេ រួច​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះអង្គ ដោយ​ប្រើ​ពាក្យ​សម្តី ប្រកប​ដោយ​ព្រះ​គុណ(ខ.៦)។

ក្នុង​ពិភព​លោក​យើង​សព្វ​ថ្ងៃ មាន​រឿង​ជា​ច្រើន ដែល​កំពុង​ដណ្តើម​ពេល​វេលា និង​ការ​ចាប់​អារម្មណ៍​របស់​យើង។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ឲ្យ​ចូល​ទៅ​ក្នុង​សង្គម ដោយ​ស្វែង​រក​ឱកាស​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​នាំ​គេ​ឲ្យ​ស្គាល់​ព្រះអង្គ​។—Adam Holz