អ្នក​ដឹក​នាំ​ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​របស់​យើង​បាន​ដឹក​នាំ​ក្រុម និង​បាន​ប្រគុំ​បទ​ចម្រៀង​ជា​មួយ​យើង ដោយ​លេង​ព្យាណូ។ គាត់​បាន​ថ្លឹង​ថ្លែង​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ យ៉ាង​ប៉ិន​ប្រសប់។ ពេល​ដែល​ការ​ប្រគុំ​តន្រ្តី​មួយ​បាន​បញ្ចប់ មើល​ទៅ​គាត់​ដូច​ជា​មាន​ភាព​ហត់​នឿយ​ណាស់ ដូច​នេះ ខ្ញុំ​ក៏​បាន​សួរ​សុខ​ទុក្ខ​គាត់។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា គាត់​មិន​ដែល​បាន​ធ្វើ​ដូច​នេះ​ពី​មុន​មក​ទេ។ បន្ទាប់​មក​គាត់​ក៏​បាន​រៀប​រាប់​ថា​ គាត់​ពិបាក​លេង​ព្យាណូ​នោះ​ឲ្យ​ត្រូវ​តុង ហេតុ​នេះ​ហើយ ក្នុង​ការ​ប្រគុំ​តន្រ្តី​នេះ​ទាំង​មូល គាត់​បាន​លេង​ព្យាណូ​នេះ ដោយ​ប្រើ​ឃី​ពី​ផ្សេង​គ្នា ដោយ​ដៃ​ម្ខាងលេង​ឃី​មួយ ហើយ​ដៃ​ម្ខាង លេង​ឃី​មួយ​ទៀត។ ខ្ញុំ​មាន​ការ​ស្ញើច​សរសើរ ចំពោះ​ជំនាញ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គាត់ ហើយ​ខ្ញុំ​ក៏​ស្ងប់​ស្ងែង​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​បាន​បង្កើត​មនុស្ស ឲ្យ​មាន​សមត្ថ​ភាព​ដូច​នេះ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ស្តេច​ដាវីឌ​ដែល​បាន​បង្ហាញ​ចេញ​នូវ​ព្រះ​ទ័យ​ស្ងប់​ស្ងែង​លើស​នេះ​ទៀត ចំពោះ​ព្រះជា​ម្ចាស់ ដោយ​បន្លើ​សំឡេង​ឡើង​ថា “ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ​(ទំនុកដំកើង ១៣៩:១៤)។ ទោះ​យើង​មាន​ភាព​ស្ងប់​ស្ងែង​ចំពោះ​សមត្ថ​ភាព​របស់​មនុស្ស ឬ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ក្តី សូម​យើង​ចាំ​ថា​ ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ សុទ្ធ​តែ​បាន​នាំ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះ​អង្គ ដែល​ជា​ព្រះ​អាទិករ​របស់​យើង។​

ថ្ងៃ​ណា​មួយ ពេល​ណា​យើង​បាន​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ក្នុង​នគរ​ស្ថាន​សួគ៌ យើង​នឹង​បាន​ឃើញ​មនុស្ស​គ្រប់​ជំនាន់ថ្វាយ​បង្គំ​ព្រះ​អង្គ ដោយ​ពោល​ឡើង​ថា “ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរីល្អ កិត្តិនាម និង​ព្រះចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង”(វិវរណៈ ៤:១១)។ ជំនាញ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​យើង និងសម្រស់​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​បង្កើត គឺ​សុទ្ធ​តែ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​ថ្វាយ​បង្គំ​ព្រះ​អង្គ។​—BILL CROWDER