លោក​រ៉ូបឺត(Robert) និង​អ្នក​ស្រី​ខូលីន(Colleen) បាន​រស់​នៅ​ជា​ប្តី​ប្រពន្ធ យ៉ាង​សុខ​សាន្ត​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​មើល​មិត្ត​ភក្តិ​ទាំង​ពីរ​នាក់​នេះ​ទំនាក់​ទំនង​គ្នា​។ ខ្ញុំ​ឃើញ​ពួកគេ​ហុច​បឺរ​ឲ្យ​គ្នា ក្នុង​ពេល​អាហារ​ពេល​ល្ងាច ទាំង​មុន​ពេល​ដែល​ពួក​គេ​ណា​ម្នាក់​សុំ​បឺរ​នោះ។ ពួក​គេ​ក៏​បាន​ចាក់​ទឹក​ចូល​កែវ​ឲ្យ​គ្នា ចំ​ពេល​ដែលគូរ​ស្នេហ៍​របស់​ខ្លួន​ត្រូវ​ការទឹក។ ពេល​ពួក​គេ​និយាយ​រឿង ពួក​គេ​ក៏​បាន​ជួយ​បញ្ចប់​ឃ្លា​ប្រយោគ​ឲ្យ​គ្នា​ទៀត។ ជួន​កាល ពួក​គេ​ហាក់​ដូច​ជា​ដឹង​ថា ស្វាមី​ឬ​ភរិយា​ខ្លួន​កំពុង​គិត​ពី​អ្វី។​

យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា​ ព្រះ​ជា​ម្ចាស់​ជ្រាប ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង លើស​លទ្ធភាព​ដែល​មនុស្ស​អាច​ស្គាល់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ ពេល​ដែល​ហោរា​អេសាយ​ពិពណ៌នា អំពី​ទំនាក់ទំនង​ដែល​ព្រះ​ជា​ម្ចាស់ មាន​ជា​មួយ​រាស្រ្ត​របស់​ព្រះ​អង្គ នៅ​ក្នុង​នគរ​ដែល​ត្រូវ​មក​ដល់ គាត់​បាន​និយាយ​ថា​ ព្រះ​អង្គមាន​ទំនាក់​ទំនង​ដ៏​ទន់​ភ្លន់ និង​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មានប​ន្ទូល​អំពី​រាស្រ្ត​របស់​ព្រះ​អង្គ​ថា មុន​ពេល​ដែល​ពួក​គេ​អំពាវ​នាវ​រក​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​តប​រួច​ទៅ​ហើយ ហើយ​កាល​ដែល​ពួក​គេ​កំពុង​តែនិយាយ នោះ​ព្រះ​អង្គ​ក៏​ជ្រាប​ថា ពួក​គេ​នឹង​និយាយ​ពី​អ្វី​(អេសាយ ៦៥:២៤)។

ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដឹង​ថា នេះ​ជា​ការ​ពិត​មែន? មាន​ការ​ជា​ច្រើន ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​អស់​ជាច្រើន​ឆ្នាំ តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ តែ​ខ្ញុំ​ជឿ​ថា​ ពេល​ណា​យើង​មាន​ការ​លូត​លាស់ នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដោយ​មាន​ចិត្ត​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ នោះ​យើង​អាច​រៀន​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ឆ្លើយ​តបតាម​ពេល​វេលា និង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ។ ពេល​នោះ យើង​អាច​ចាប់​ផ្តើម​មាន​សេចក្តី​ប្រាថ្នា ដែល​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់។ ពេល​យើង​អធិ​ស្ឋាន យើង​អាច​ទូល​សូម​នូវ​សេចក្តី ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​៦៥ ដែល​មាន​ដូច​ជា : ចុង​បញ្ចប់​នៃ​ការ​សោក​សង្រេង​(ខ.១៩) គ្រួសារ​ដ៏​សុខ​សាន្ត និង​មាន​អាហារ​គ្រប់​គ្រាន់ ក៏​ដូច​ជា​ការ​ងារ​សម​រម្យ​សម្រាប់​មនុស្ស​ទាំង​អស់​(ខ.២១-២៣) និងសុខ​សន្តិភាព​ជា​ដើម​(ខ.២៥)។ ពេល​ណា​នគរព្រះ​មក​ដល់​ទាំង​ស្រុង ព្រះ​ជា​ម្ចាស់​នឹង​ឆ្លើយ​តប ចំពោះ​ការ​អធិ​ស្ឋាន​ទាំង​នេះ​ទាំង​ស្រុង។ —AMY PETERSON