កាល​ពី​ឆ្នាំ ១៩៨៥ លោក​អាន់ថូនី រេយ ហ៊ីនតុន(Anthony Ray Hinton) ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បានសម្លាប់​អ្នក​គ្រប់​គ្រង​ភោជនីយ​ដ្ឋាន​ពីរ​នាក់។ គេ​បាន​ប្រឌិត​រឿង​នោះ ដើម្បី​ទម្លាក់​កំហុស​មក​លើ​គាត់​ ព្រោះ​គាត់ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​គីឡូ​ម៉ែត្រ ពី​កន្លែង​កើត​ហេតុ ពេល​ដែល​ឃាត​កម្ម​នោះ​កើត​ឡើង ប៉ុន្តែ គេ​បាន​ចោទ​ថា គាត់​ជា​អ្នក​ប្រព្រឹត្ត ហើយ​ក៏​បាន​កាត់​ទោស​ប្រហារ​ជីវិត​គាត់។ នៅ​ក្នុង​កន្លែង​ជំនុំ​ជម្រះ​ក្តី លោក​រេយ​បាន​អត់​ឱន​ទោស​ឲ្យ​អ្នក​ដែល​បាន​ប្រឌិត​រឿង​នេះ​ឡើង ហើយ​គាត់​និយាយ​ទៀត​ថា​ គាត់​នៅ​តែ​មាន​ក្តី​អំណរ ទោះ​គាត់​ទទួល​រងភាព​អយុត្តិ​ធម៌​យ៉ាង​ណា​ក៏​ដោយ។ គាត់​ប្រាប់​គេ​ថា “ពេល​ខ្ញុំ​ស្លាប់​ទៅ ខ្ញុំ​នឹង​បាន​ទៅ​នៅ​នគរស្ថាន​សួគ៌។ ចុះចំណែក​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ទៅ​ទីណា?

ការ​រស់​នៅ ក្នុង​ការ​រង់​ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត ​នាំ​ឲ្យ​លោក​រេយ​មាន​ការ​ពិបាក។ ភ្លើង​អំពូល​ក្នុង​ពន្ធ​ធនា​គារ​ញាក់ ពេល​ដែល​គេ​ប្រើ​កៅ​អី​អគ្គី​សនី​ដើម្បី​ប្រហារ​ជីវិត​អ្នក​ទោស​ដទៃ​ទៀត គឺ​ជា​ការ​រំឭក​ដ៏​សោក​សៅ អំពី​រឿងដែល​គាត់​នឹង​ជួប​នៅ​ពេល​ខាង​មុខ។ គេ​ក៏​បាន​ប្រើ​ម៉ាស៊ីន ដើម្បី​ធ្វើ​តេស្ត​ឲ្យ​ដឹង​ថា លោក​រេយ​និយាយកុហក​មែន​ឬ​អត់។​គាត់​ក៏​បាន​ជាប់​តេស្ត​នោះ តែ​គេ​នៅ​តែ​មិន​យក​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​នោះ​ជា​ការ​ដដែល។ រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​រឿង​អយុត្តិ​ធម៌​ជា​ច្រើន ដែល​គាត់​បាន​ជួប ពេលកាត់​ក្តី​ឡើង​វិញ។

ទី​បំផុត​ ក្នុង​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​សុក្រ​មុន​ថ្ងៃ​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ តុលាការ​កំពូល​ក៏​បាន​លុប​ចោល​សាល​ក្រម​ដ៏​អយុត្តិធម៌​នោះ។ គាត់​ស្ថិត​ក្នុង​ការ​រង់​ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត ជិត​៣០​ឆ្នាំ​ហើយ។ ការ​រស់​នៅ​របស់​គាត់ គឺ​ជា​ទី​បន្ទាល់​ដែល​បាន​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​មែន។ ដោយ​សារ​ជំនឿ​ដែល​គាត់មាន​ចំពោះ​ព្រះ​យេស៊ូវ គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម ទោះ​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​(១ពេត្រុស ១:៣-៥) ហើយ​ក៏​បាន​ពិសោធន៍​នឹង​ក្តី​អំណរ​ដ៏​អស្ចារ្យ នៅ​ចំពោះ​មុខ​នៃ​ភាព​អយុត្តិធម៌​(ខ.៨)។ បន្ទាប់​ពី​លោក​រេយ​ត្រូវ​បាន​គេដោះ​លែង​ឲ្យ​មាន​សេរីភាព គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “គេ​មិន​អាច​ដក​ក្តី​អំណរ​របស់​ខ្ញុំ​ចេញ​បាន​ឡើយ ទោះ​ខ្ញុំ​នៅ​ក្នុង​គុក​ក៏​ដោយ”។ ក្តី​អំណរ​យ៉ាង​នេះ គឺ​បាន​បង្ហាញ​ថា គាត់​មាន​ជំនឿ​ពិត​ប្រាកដ​(ខ.៧-៨)។

រឿង​ដែល​លោក​រេយ​មាន​អំណរ ក្នុង​ពេល​រង់​ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត គឺ​ជា​រឿង​ពិត ដែល​គេ​ពិបាក​នឹង​ប្រកែក​។ រឿង​នេះ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ព្រះ​មួយ​អង្គ ដែល​ពិត​ជា​មាន​មែន ទោះ​គេ​មើល​ទ្រង់​មិន​ឃើញ ​ហើយ​ព្រះ​អង្គ​តែង​តែ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ទ្រ​ទ្រង់​យើង ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក។ —SHERIDAN VOYSEY