នៅ​ឆ្នាំ​មួយ​នោះ កាល​ខ្ញុំ​កំពុង​រៀន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ទៅ​កាប់​ឈើ ចង់​ជា​បាច់ ហើយ​ដាក់​លក់ និង​ដឹក​ឲ្យ​គេ​ដល់​កន្លែង។ វា​ជា​ការងារ​ដ៏​ពិបាក ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អាណឹត​អ្នក​កាប់​ឈើដ៏​កំសត់ ក្នុង​រឿង ដែល​មាន​ចែង​ ក្នុង​បទ​គម្ពីរ ២​ពង្សាវ​តាក្សត្រ ជំពូក​៦។​

ក្នុង​រឿង​នេះ ថ្នាក់​បណ្តុះ​បណ្តាល ដែល​លោក​អេលីសេ​បង្កើត​សម្រាប់​ពួក​ហោរា មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង ហើយ​កន្លែង​ជួប​ជុំ​របស់​ពួក​គេ​ក៏កាន់​តែ​ចង្អៀត។ ពួក​គេ​ម្នាក់​ក៏​បាន​ឲ្យ​យោបល​ថា ពួក​គេ​គួរ​តែ​ចូល​ទៅ​ក្នុង​ព្រៃ​កាប់ឈើ ដើម្បី​ពង្រីក​ទី​កន្លែង​របស់​ពួក​គេ។ លោក​អេលីសេ​ក៏​បាន​យល់​ព្រម ហើយ​ក៏​បាន​រួម​ដំណើរ​ជា​មួយ​ពួក​គេ។ ពេល​ដែល​អ្វី​ៗ​កំពុង​មាន​ដំណើរ​ការ​ល្អ មាន​ពួក​គេ​ម្នាក់​បាន​របូត​ផ្លែ​ពូថៅ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក(ខ.៥)។  លោក​អេលីសេ​ក៏​បាន​បោះ​មែក​ឈើ​១​កំណាត់ ចូល​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​បាន​អណ្តែត​ឡើង​មក។ នេះជា​ការ​អស្ចារ្យ ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ ដោយ​ធ្វើ​ឲ្យ​ផ្លែ​ពូថៅ​អណ្តែត​ឡើង ដើម្បី​ឲ្យ​អ្នក​នោះ​អាច​លូក​ដៃ​ចាប់​ស្រង់​វា​ពី​ក្នុង​ទឹក(ខ.៦-៧)។

ការ​អស្ចារ្យ​ដ៏​សាមញ្ញ​នេះ បាន​បង្រៀន​យើង​ថា​ ព្រះ​ជា​ម្ចាស់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​រឿង​តូច​ៗ ក្នុង​ជីវិត​យើង ដែល​មាន​ដូច​ជា ផ្លែ​ពូថៅ​ដែល​បាន​បាត់ កូន​សោរ​ដែល​រក​មិន​ឃើញ វ៉ែនតា​ដែល​យើង​វង្វេង​ដៃ ឬ​ទូរស័ព្ទ​ដែល​បានជ្រុះ​បាត់​ជា​ដើម ដែល​សុទ្ធ​តែ​ជា​រឿង​តូច​ៗ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។ ព្រះ​អង្គ​មិន​តែង​តែ​ឲ្យ​យើង​រកឃើញ​របស់​ដែល​បាន​បាត់​នោះ​ឡើយ ប៉ុន្តែ ព្រះ​អង្គ​ជ្រាប​អំពី​បញ្ហា​របស់​យើង ហើយ​កម្សាន្ត​ចិត្ត​យើង ក្នុង​ពេលដែល​ពិបាក។

ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ធានា អំពី​សេចក្តី​សង្រ្គោះ​របស់​យើង ហើយ​ព្រះ​អង្គ​ក៏​បាន​ធានា​ផង​ដែរ​ថា ព្រះ​អង្គ​យកព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជា​និច្ច។ បើ​សិន​ជា​គ្មាន​ការ​ធានា​នោះ​ទេ យើង​នឹង​មាន​អារម្មណ៍​ឯកោ ក្នុង​លោកិយនេះ ដោយ​មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន។ វា​ជា​ការ​ល្អ ដែល​យើង​ដឹង​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង និង​ក៏​អាណឹត​យើង ពេល​យើង​មាន​ការ​បាត់​បង់ ​ទោះ​តិច​តួច ឬ​ច្រើន​ក្តី។ ក្តី​កង្វល់​របស់​យើង គឺ​ជា​ក្តី​កង្វល់​របស់​ព្រះ​អង្គ។—David H. Roper