ពេល​ដែល​កូន​ច្បង​របស់​ខ្ញុំ ចូល​ដល់​វ័យ​ជំទង់ ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ប្រគល់​សៀវភៅ​កំណត់​ហេតុ​មួយ​ក្បាល​ឲ្យ​នាង ដែល​យើង​បាន​សរសេរ​តាំង​ពី​នាង​ចាប់​កំណើត។ យើង​បាន​កត់​ត្រា អំពី​អ្វី​ដែល​នាង​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត ក៏​ដូច​ជា​ការ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ឲ្យ​ចង​ចាំ។ នៅ​ត្រង់​ចំណុច​ខ្លះ សំណេរ​របស់​យើង​មាន​លក្ខណៈ​ដូច​សំបុត្រ ដោយ​វា​បាន​ពិពណ៌នា អំពី​អ្វី​ដែល​យើង​បាន​មើល​ឃើញ​មាន​ក្នុង​ជីវិត​នាង និង​ឃើញ​របៀប​ដែល​ព្រះ​អង្គកំពុង​ធ្វើ​ការ​ក្នុង​ជីវិត​នាង។ ពេល​យើង​ឲ្យ​សៀវ​ភៅ​នោះ​ទៅ​នាង ពេល​នាង​មាន​អាយុ​១៣​ឆ្នាំ នាង​មាន​ការ​ជក់​ចិត្តនឹង​វា​យ៉ាង​ខ្លាំង។ វា​ជា​អំណោយ ដែល​បាន​ជួយ​ឲ្យ​នាង​ដឹង អំពី​ផ្នែក​ដ៏​សំខាន់​មួយ នៃ​ដើម​កំណើត​នៃ​អត្ត​សញ្ញាណ​របស់​នាង។

កាល​ព្រះ​យេស៊ូវ​លើក​នំប៉័ង​ឡើង ដើម្បី​ប្រទាន​ពរ គឺ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​អត្ត​សញ្ញាណ​របស់​វា។ ព្រះ​អង្គ​បានបង្កើត​វា និង​អ្វី​ៗ​ទាំង​អស់​មក ដើម្បី​ឆ្លុះ​បញ្ចាំង អំពី​សិរី​ល្អ​របស់​ព្រះ។ ខ្ញុំ​ជឿ​ថា​ ព្រះ​យេស៊ូវ​ក៏​កំពុង​តែ​ចង្អុល​បង្ហាញ អំពី​អនាគត​នៃ​ពិភព​លោក​ផង​ដែរ។ ថ្ងៃ​ណា​មួយ ស្នា​ព្រះ​ហស្ត​ទាំង​អស់​របស់​ព្រះ​ជាម្ចាស់ នឹង​ពេញ​ទៅ​ដោយ​សិរីល្អ​របស់​ព្រះ។ ដូច​នេះ ពេល​ព្រះ​យេស៊ូវ​ប្រទាន​ពរ​ដល់​នំប៉័ង​នោះ​(ម៉ាថាយ ២៦:២៦) គឺ​ព្រះអង្គ​កំពុង​តែ​ចង្អុលបង្ហាញ អំពីដើម​កំណើត និងជោគ​វាសនា នៃ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ(រ៉ូម ៨:២១-២២)។

អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា “ដើម​ដំបូង”នៃ​ឆាក​ជីវិត​របស់​អ្នក ហាក់​ដូច​ជា​មាន​ភាព​រញេរញ៉ៃ។ អ្នក​ប្រហែល​គិត​ថា អ្នក​មិន​មាន​អនាគត​វែង​ឆ្ងាយ​ទេ។ ប៉ុន្តែ រឿង​នៃ​ជីវិត​របស់​អ្នក នៅ​វែង​ឆ្ងាយ​ជាង​នេះ​ទៀត។ វា​ជា​រឿង ដែល​និយាយ​អំពី​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​អ្នក ដោយ​មាន​គោល​បំណង និង​ដើម្បី​បំពេញ​គោល​បំណង ហើយ​ព្រះអង្គ​ស្រឡាញ់​អ្នក។ វា​ជា​រឿង​ដែល​និយាយ​អំ​ពី​ព្រះ​ដែល​បាន​យាង​មក​សង្រ្គោះ​អ្នក​(ម៉ាថាយ ២៦:២៨) និង​បាន​ដាក់​វិញ្ញាណ​ព្រះ​អង្គ​ក្នុង​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រែ​ជា​ថ្មី​ឡើង ហើយ​ស្គាល់​អត្ត​សញ្ញាណ​ពិត​របស់​អ្នក។ វា​ជា​រឿង ដែលនិយាយ​អំពី​ព្រះ ដែល​សព្វ​ព្រះ​ទ័យ​នឹងប្រទាន​ពរ អ្នក។​—Glenn Packiam