កាល​ខ្ញុំ​រៀន នៅ​មហា​វិទ្យាល័យ មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ នៅ​ពេល​វិស្សម​កាល។ ឪពុក​ម្តាយ​ខ្ញុំ​ក៏​បាននាំ​ខ្ញុំ​ទៅ​ញាំ​អាហារ​ពេល​ល្ងាច នៅ​ភោជនី​ដ្ឋាន​មួយ។ ខ្ញុំ​មិន​បាន​នៅ​ផ្ទះ​មួយ​រយៈ​ ដូច​នេះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ពេល​ដែល​ពួក​គាត់​ប៉ាវ​ខ្ញុំ​ញាំ​អាហារ​ក្រៅ​ផ្ទះ។ ពេល​ខ្ញុំ​ញាំ​អាហារ​រួច ខ្ញុំក៏​បាន​ដាក់​កន្សែង​ជូត​មាត់​នៅ​លើ​តុ​ភោជនីដ្ឋាន ហើយ​ក៏​បាន​អរ​គុណ​ប៉ា​ខ្ញុំ សម្រាប់​អាហារ​ពេល​ល្ងាច។ ប៉ា​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​អរគុណ​គាត់គ្រប់​រឿង​នោះ​ទេ។ គាត់​ដឹង​ថា ខ្ញុំ​បាន​ចេញ​ទៅ​រស់​នៅ​ក្នុង​សង្គម ដោយ​ខ្លួន​ឯង តែ​ខ្ញុំ​នៅ​តែ​ជា​កូន​ស្រី​របស់​គាត់ និងជា​ផ្នែក​មួយ​នៃ​គ្រួសារ​យើង។ ខ្ញុំ​ក៏​បាន​ញញឹម ហើយ​និយាយ​ថា “អរគុណ ប៉ា”។

ក្នុង​គ្រួសារ​ខ្ញុំ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​មួយ ដើម្បី​ទទួល​សេចក្តី​ស្រឡាញ់​ពី​ឪពុក​ម្តាយ​របស់​ខ្ញុំ ឬ​ដើម្បី​ឲ្យ​ពួក​គាត់ ធ្វើ​អ្វី​មួយសម្រាប់​ខ្ញុំ​នោះ​ទេ។ ប៉ុន្តែ ប្រសាសន៍​របស់​ប៉ា​ខ្ញុំ បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ខ្លួន​ខ្ញុំ​សក្តិ​សម​នឹង​ធ្វើជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ​ដែរ។

ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​អាន​របស់​គាត់​ថា ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ពួក​គេ “ប្រយោជន៍​ឲ្យ​ពួកគេ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន”(១:៤ ៥:២៥-២៧)។ តែ​ការ​នេះ​អាច​សម្រេច​ទៅ​បាន តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ក្នុង​ទ្រង់ យើង​បាន​សេចក្តី​ប្រោស​លោះ​ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់ (១:៧)។ យើង​មិន​អាច​ធ្វើ​ការ​ល្អ​ណា​មួយ ដើម្បី​ឲ្យ​បាន​ព្រះ​គុណព្រះ ការ​អត់​ទោស​បាប ឬ​ផ្លូវ​ចូល​ទៅ​ក្នុង​មហា​គ្រួសារ​របស់​ព្រះ​អង្គ​ឡើយ។ តែ​យើង​គ្រាន់​តែ​ទទួល​យក អំណោយនេះ ដោយ​ឥត​គិត​ថ្លៃ។​

ពេល​ណា​យើង​ថ្វាយ​ជីវិត​យើង​ដល់​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា​កូន​ព្រះ បាន​សេចក្តី​ថា យើង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច និង​មាន​មរតក​កំពុង​រង់​ចាំ​យើង នៅ​នគរ​ស្ថាន​សួគ៌។ សូម​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ប្រទាន​អំណោយ​ដ៏​អស្ចារ្យ​នេះ!—Julie Schwab