គ្រួសារ​ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “មែគ”(Max) ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​៤០​គីឡូ​ក្រាម។ មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​បាយ ហើយ​ក៏​បាន​លាន់​មាត់​ថា “អូហ៍ ទេ!”។ ភ្លាម​នោះ មែគ​ក៏បាន​ស្ទុះ​រត់​ចេញ​ពី​បន្ទប់​មក។ យើង​បាន​បាត់​ជើង​សត្វ​ចៀម​មួយ​ជំហៀង ដែល​យើង​បាន​ដាក់​នៅ​គែម​តុ​ចង្រ្កាន​បាយ។  មែគ​បាន​ស៊ី​ជើង​សត្វ​ចៀម​នោះ​អស់ ដោយ​បន្សល់​ទុក​ខ្ទះ​មួយ នៅ​ទទេ។ វា​បាន​ព្យាយាម​លាក់​ខ្លួន នៅក្រោម​គ្រែ​គេង ប៉ុន្តែ​ វា​អាច​ចូល​បាន​តែ​ក្បាល និង​ស្មា​របស់​វា​ប៉ុណ្ណោះ។ គូទ កន្ទុយ​វា​បាន​លយ​ចេញ​មក​ក្រៅ ដូចនេះ​ខ្ញុំ​ក៏​មិន​ពិបាក​ដើរ​រក​វា​ទេ។

ខ្ញុំ​ក៏​បាន​រអ៊ូ​ដាក់​វា​ថា “អូហ៍ មែក បាប​ឯង​តាម​ឯង​ទាន់​ហើយ”។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំ​ពី​ប្រសាសន៍​របស់​លោក​ម៉ូសេ ពេល​ដែល​គាត់​បាន​បង្គាប់​ពួក​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​ពីរ ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ហើយ​គោរព​ពាក្យ​សន្យា​របស់​ពួក​គេ។ គឺ​ដូច​ដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា “តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះយេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់”(ជនគណនា ៣២:២៣)។

អំពើ​បាប​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​តែ​មួយ​រយៈ​ពេល​ តែវា​នាំ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​ជា​ទី​បំផុត ដោយ​សារ​ការ​ដាច់​ចេញ​ពី​ព្រះ​ជា​ម្ចាស់។ កាល​នោះ លោក​ម៉ូសេ​កំពុង​តែ​រំឭក​រាស្រ្ត​របស់​ព្រះ​ថា គ្មាន​អំពើ​បាប​មួយ​ណា ដែលព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រាប​នោះ​ឡើយ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់”(ហេព្រើរ ៤:១៣)។

ព្រះ​ជាម្ចាស់​ដ៏​បរិសុទ្ធ​នៃ​យើង​ទត​មើល​ឃើញ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ តែ​ព្រះ​អង្គ​នៅ​តែ​ដាស់​តឿន​យើង​ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​សារភាព​អំពើ​បាប ប្រែ​ចិត្ត​(ងាក​ចេញ​ពី​បាប) ហើយ​ដើរ​ដោយ​សុចរិត ជា​មួយ​ព្រះ​អង្គ​(១យ៉ូហាន ១:៩)។ នៅ​ថ្ងៃ​នេះ ចូរ​យើង​ដើរ​តាម​ព្រះ ដោយ​សេចក្តី​ស្រឡាញ់។—James Banks