ជំរុំ​ប្រមូល​ផ្តុំ វេវិន​ប្រាក ជា​កន្លែង​ដែល​ពួក​ណាហ្ស៊ី​បាន​ប្រហារ​ជីវិត​ស្រ្តី​ស្លូត​ត្រង់​ អស់​ជិត​៥​ម៉ឺន​នាក់។ នៅ​ពេល​ដែល​កង​ទ័ព​រំដោះ​ចូល​ជំរុំ​ប្រមូល​ផ្តុំ​នេះ​ ពួក​គេ​ក៏​បាន​រក​ឃើញ​ក្រដាសមួយ​សន្លឹក​ដែល​បាន​ខ្ញុក​ខ្ញី នៅ​ក្នុង​ចំណោម​សាក​សព​ទាំង​ឡាយ។ ក្នុង​ក្រដាស​នោះ គេ​ឃើញ​មាន​សេចក្តី​អធិស្ឋាន មាន​ខ្លឹម​សារ​ដូច​តទៅ : ឱ​ព្រះ​អម្ចាស់​អើយ ​សូម​នឹក​ចាំ​បុរស និង​ស្រ្តី​ទាំង​ឡាយ ដែល​មាន​សុឆន្ទៈ តែ​ក៏​សូម​នឹក​ចាំ អំពី​អ្នក​ដែល​មាន​បំណង​អាក្រក់​ផង​ដែរ។ ប៉ុន្តែ សូម​កុំ​នឹក​ចាំ អំពី​ទុក្ខ​វេទនា ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​យើង​ខ្ញុំ​ឡើយ។ សូម​នឹក​ចាំ អំពី​ផល​ផ្លែ ដែល​យើង​ខ្ញុំ​បាន​បង្កើត​ចេញ​ពី​ទុក្ខ​វេទនា​នេះ ដែល​មាន​ដូច​ជា ​មិត្ត​ភាព និង​សាមគ្គី​ភាព​ ភាព​ស្មោះ​ត្រង់ ការ​បន្ទាប​ខ្លួន សេចក្តី​ក្លា​ហាន ភាព​សប្បុរស និង​ភាព​អស្ចារ្យ​នៃ​ចិត្ត ដែល​បាន​កើត​ចេញពី​ទុក្ខ​វេទនា​នេះ។ ហើយ​ពេល​ដែល​ពួក​គេ​ទទួល​ការ​ជំនុំ​ជម្រះ សូម​ឲ្យ​ផល​ផ្លែ​ដែល​យើង​ខ្ញុំ​បង្កើត​បាន​នេះ បាន​ក្លាយ​ជា​មូលហេតុ ដែល​ពួក​គេ​គួរ​តែ​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ​អង្គ។

ខ្ញុំ​មិន​ដឹង​ថា ស្រ្តី​ម្នាក់​នោះ មាន​ការ​ភ័យ​ខ្លាច និង​ការ​ឈឺ​ចាប់​ប៉ុណ្ណា​ទេ ពេល​ដែល​គាត់​កំពុង​តែ​សរសេរ​សេចក្តី​អធិស្ឋាន​នេះ។ ពាក្យ​ពេចន៍​ដែល​គាត់​បាន​សរសេរ​នេះ បាន​បង្ហាញ​ចេញ​នូវ​ការ​អត់​ឱន​ទោស ដែល​មិន​អាច​ពិពណ៌នា​បាន។ គាត់​បាន​ធ្វើ​នូវរឿង​មួយ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ គឺ​គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់ អត់​ឱន​ទោស​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ទារុណ​កម្ម​មក​លើ​នាង។

សេចក្តី​អធិស្ឋាន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អធិ​ស្ឋាន​របស់​ព្រះ​គ្រីស្ទ។ បន្ទាប់​ពី​គេ​បាន​ចោទ​បង្ខូច​ព្រះ​អង្គ ព្រម​ទាំង​ចម្អកឲ្យ វាយ​ដំ និង​បន្ទាប​បន្ថោក​ព្រះ​អង្គ នៅ​ចំពោះ​មុខ​ពួក​បណ្តា​ជន គេ​ក៏​បាន “ឆ្កាង​ព្រះ​អង្គ ជា​មួយ​នឹង​ឧក្រឹដ្ឋ​ជន​ពីរ​នាក់”(លូកា ២៣:៣៣)។ ព្រះ​កាយ​ព្រះ​អង្គ​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ​ឆ្កាង ដោយ​ការ​ចាក់​ទំលុះ​ព្រះ​ហស្ត និង​ព្រះ​បាទ ហើយ​ព្រះ​អង្គ​ពិបាក​ដក​ដង្ហើម​ណាស់ ដូច​នេះ តើ​ព្រះ​អង្គ​គួរ​តែ​ប្រកាស់​ការ​ជំនុំ​ជម្រះ​មក​លើ​ពួក​អ្នក​ដែល​ធ្វើ​ទារុណ​កម្ម​មក​លើ​ព្រះអង្គ ដើម្បី​ស្វែង​រកយុត្តិ​ធម៌ ឲ្យ​សម​នឹង​ទង្វើរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ឬ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​បន្លឺ​សម្លេង​អធិ​ស្ឋាន ដែល​ផ្ទុយ​នឹង​សុភាវ​គតិ​របស់​មនុស្ស​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(ខ.៣៤)។

ការ​អត់​ទោស​បាប ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន គឺ​ជា​អ្វី​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់ ប៉ុន្តែ ព្រះ​អង្គ​បាន​ប្រទាន​មក​យើង​ហើយ​។ ព្រះ​អង្គ​បាន​ចាក់​បង្ហូរ​ការ​អត់​ទោស​បាប​មក ដោយ​ព្រះ​គុណ​ដ៏​អស្ចារ្យ ដោយ​គ្មាន​ការ​ទើស​ទាល់​សោះ​ឡើយ។—Winn Collier