មាន​ពេល​មួយ លោក​មីង តិច(Ming Teck)បាន​ភ្ញាក់​ពី​ដំណេក ដោយ​អាការៈ​ឈឺ​ក្បាល​យ៉ាង​ខ្លាំង ហើយ​គាត់​គិតថា គាត់​កំពុង​តែ​មាន​ជំងឺ​ប្រកាំង​ទៀត​ហើយ។ ប៉ុន្តែ ពេល​គាត់​ងើប​ពី​គ្រែ គាត់​ក៏​បាន​ដួល​ទៅ​លើ​កម្រាល​ឥដ្ឋ។ គេក៏​បាន​យក​គាត់​ទៅ​មន្ទីរ​ពេទ្យ ដែល​នៅ​ទីនោះ គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​គាត់​ថា គាត់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ហើយ។ ប៉ុន្តែ បន្ទាប់​ពី​គាត់​បាន​ទៅ​ទទួល​ការ​ស្តារនិតិ​សម្បទា​ឡើង​វិញ អស់​រយៈ​ពេល​៤​ខែ ​គាត់​ក៏​បាន​មានលទ្ធ​ភាព​គិត និង​និយាយ​ឡើង​វិញ ប៉ុន្តែ គាត់​នៅ​មាន​ការ​ឈឺ​ចាប់ នៅ​ក្នុង​ការ​ដើរ។ ជា​ញឹក​ញាប់ គាត់​បានព្យាយាម​ជម្នះ​ភាព​អស់​សង្ឃឹម ប៉ុន្តែ គាត់​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​អស្ចារ្យ នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប​។

លោក​យ៉ូប​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ និង​កូន​ៗ​របស់​គាត់ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ទោះ​គាត់​បាន​ទទួល​ដំណឹង​ដ៏​សោកសៅ​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ​មើល​ទៅ​ព្រះ​ជា​ទីមួយ ដោយ​សេចក្តី​សង្ឃឹម ហើយ​សរសេរ​ដំកើង​ព្រះ​អង្គ ដែល​បាន​ធ្វើ​ជា​ប្រភព​នៃ​អ្វី​ៗ​ទាំង​អស់។ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​ហស្ត​របស់​ព្រះ​បាន​ឃុំ​គ្រង​អ្វី​ៗ​ទាំង​អស់ ក្នុងពេល​ដែល​គាត់​មាន​ទុក្ខ​ភ័យ​(យ៉ូប ១:២១)។ យើង​ស្ញើច​សរសើរ​ជំនឿ​ដ៏​រឹង​មាំ​របស់​គាត់ ប៉ុន្តែ លោក​យ៉ូប​ក៏​បាន​តយុទ្ធ​នឹង​ភាព​អស់​សង្ឃឹម​ផង​ដែរ។ បន្ទាប់​ពី​គាត់​ធ្លាក់​ខ្លួន​ឈឺ​(២:៧) គាត់​ក៏​បាន​ពោល​ពាក្យ​ប្រទេច​ផ្តាសា ដល់​ថ្ងៃ​កំណើត​របស់​គាត់​(៣:១)។ គាត់​បាន​និយាយ​ប្រាប់​មិត្ត​ភក្តិ​របស់​គាត់ និង​ទូល​ថ្វាយ​ព្រះ​ជា​ម្ចាស់​ អំពី​ការ​ឈឺ​ចាប់របស់​គាត់ ដោយ​មិន​លាក់​លៀម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទី​បំផុត គាត់​ក៏​បាន​ទទួល​ស្គាល់​ថា ព្រះ​ហស្ត​ព្រះ​ គឺជា​អ្នក​អនុញ្ញាត​ឲ្យ​កា​រល្អ ក៏​ដូច​ជា​ការ​អាក្រក់ កើត​ឡើង​ចំពោះ​គាត់​(១៣:១៥ ១៩:២៥-២៧)។

ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់ យើង​ក៏​អាច​ជ្រើស​រើស​យក​ក្តី​សង្ឃឹម ឬ​ភាព​អស់​សង្ឃឹម ហើយ​ជ្រើស​រើស​ការសង្ស័យ ឬ​សេចក្តី​ជំនឿ។ ព្រះ​ជា​ម្ចាស់​មិន​តម្រូវ​ថា យើង​ត្រូវ​តែ​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក ដោយ​គ្មាន​ការ​ភ័យខ្លាច​ទាល់​តែ​សោះ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ដោយ​នាំ​សំណួរ​របស់យើង​ទូល​ថ្វាយ​ព្រះ​អង្គ​ផង​ដែរ។ ទោះ​ពេល​ខ្លះ ជំនឿ​របស់​យើង​មាន​ការ​ធ្លាក់​ចុះ ក៏​យើង​នៅ​តែ​អាច​ទុក​ចិត្ត​ថា ព្រះជា​ម្ចាស់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច។​—Poh Fang Chia