មាន​ពេល​មួយ អ្នក​កែ​សម្លេង​ព្យាណូ​បាន​ព្យាយាម​កែ​សម្លេង​ព្យាណូ​ធំ​មួយ​គ្រឿង ឲ្យ​មាន​សម្លេង​ត្រឹមត្រូវ​ឡើង​វិញ។ ពេល​​ខ្ញុំ​កំពុង​តែ​ស្តាប់​សម្លេង​ដែល​គាត់​កំពុង​តែ​កែ​នោះ ខ្ញុំក៏​បាន​គិត​ដល់​ពេល​មួយ ដែល​ខ្ញុំ​ធ្លាប់​ស្តាប់​សម្លេង​ដ៏​ពិរោះ​ក្រៃ​លែង​របស់​ព្យាណូ ក្នុង​ការ​ប្រគុំ​បទ “វ័រស័រ ខុនសឺតូ” និង​បទ “ទ្រង់​ធំ​អស្ចារ្យ”។ ប៉ុន្តែ ពេល​នេះឧបករណ៍​តន្រ្តី​នេះ កំពុង​ត្រូវ​ការ​ឲ្យ​គេ​កែ​សម្លេង​វា។ ខ្ទង់​ខ្លះ​មាន​សម្លេង​ត្រូវ​ហើយ តែ​ខ្ទង់​ខ្លះ​ទៀត​មាន​សម្លេង​ទាប​ពេក ឬ​ខ្ពស់​ពេក ស្តាប់​ទៅ​មិន​ពិរោះ។ គេ​មិន​ដែល​ជួល​អ្នក​កែ​សម្លេង​ព្យាណូ ឲ្យ​កែ​សម្រួល​ខ្ទង់​នីមួយ​ៗ ឲ្យ​មាន​សម្លេង​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ គេ​ត្រូវ​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្ទង់​នីមួយ​ៗ​មាន​សម្លេង​ពិសេស​ខុស​គ្នា ហើយ​រួម​ផ្សំ​គ្នា បង្កើត​ជា​ទំនុក​ដ៏​ពិរោះ​រណ្តំ។​

សូម្បី​តែ​នៅ​ក្នុង​ពួក​ជំនុំ ក៏​យើង​អាច​សង្កេត​ឃើញ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ផង​ដែរ។ អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ខ្ពស់ ឬ​មាន​អំណោយ​ទាន​ខុស​គ្នា អាច​បង្កើត​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា ពេល​ណា​ពួក​គេ​ធ្វើ​ការ​ជា​មួយ​គ្នា។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​កាឡាទី ជំពូក​៥ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​អស់​ឲ្យ​លះ​បង់ “ការ​ស្អប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្ស​ពួក” ដែល​អាច​បំផ្លាញ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយព្រះ ឬ​បំផ្លាញ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ឱប​ក្រសោប​យក ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​វិញ ដែល​មាន​ដូច​ជា : “សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(ខ.២០,២២-២៣)។

ពេល​ណា​យើង​រស់​នៅ តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ យើង​នឹង​មិន​ពិបាក​ជៀស​វាង​ការ​ប៉ះ​ទង្គិច ដោយ​សារបញ្ហា​ដែល​មិន​ចាំ​បាច់​នោះ​ឡើយ។ ការ​មាន​គោល​បំណង​រួម និង​ចុះ​សម្រុង​គ្នា អាច​សំខាន់​ជាង​ការ​មាន​បំណង​ខុស​គ្នា។ ហើយ​ដោយ​មាន​ជំនួយ​មក​ពី​ព្រះ នោះ​យើង​ម្នាក់​ៗ​អាច​លូត​លាស់ ក្នុង​ព្រះ​គុណ និង​ការ​រួប​រួម ដោយ​មាន​ចិត្ត​គំនិត​ដែល​ស្រប​នឹង​បំណង​ព្រះ​ទ័យ​ទ្រង់។​—Cindy Hess Kasper