កាល​ពី​ក្មេង ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អ​ជា​ច្រើន ជា​មួយ​នឹង​ការ​អាន ឬ​ស្តាប់​រឿង​និទាន។ ថ្ងៃ​មួយ ម្តាយ​ខ្ញុំ​បាន​ត្រឡប់មក​ផ្ទះ​វិញ ដោយ​នាំ​សៀវ​ភៅ​រឿង​ក្នុង​ព្រះ​គម្ពីរ​អម​ដោយ​រូប​ភាព។ វា​ជា​សៀវ​ភៅ​ធំ​មួយ​ក្បាល​ មាន​ក្រប​ក្រាស់​ និង​មាន​ចំណង​ជើង​ថា អ្នក​គង្វាល​ល្អ សៀវភៅ​រឿង​ក្នុង​ព្រះ​គម្ពីរ ។ រៀង​រាល់​ពេល​ល្ងាច មុន​ពេល​ចូល​គេង ខ្ញុំ និង​បងប្រុស​ខ្ញុំ​អង្គុយ​ស្តាប់​គាត់​អាន​រឿង​ឲ្យ​យើង​ស្តាប់ យ៉ាង​ជក់​ចិត្ត។ រឿង​ទាំង​នោះ​ត្រូវ​បាន​និពន្ធ​មក តាំង​ពី​សម័យ​យូរលង់​មក​ហើយ ដោយ​និយាយ​អំពី​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​និយាយ​អំពី​ព្រះ​ជា​ម្ចាស់ ដែល​ស្រឡាញ់​ពួក​គេ។ រឿង​ទាំង​នោះ បាន​ក្លាយ​ជា​កែវ​ពង្រីក​មួយ ដែល​យើង​អាច​ប្រើ ដើម្បី​មើល​ទៅ​ពិភព​លោក​ដ៏​ធំ​ធេង។

ព្រះយេស៊ូវ​ជា​អ្នក​តំណាល​រឿង​ដ៏​អស្ចារ្យ​បំផុត ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ផ្ទឹម​បាន។ ព្រះ​អង្គ​ជ្រាប​ថា យើងម្នាក់​ៗ​សុទ្ធ​តែ​ចូល​ចិត្ត​ស្តាប់​រឿង ហេតុ​នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​ប្រើ​ការ​តំណាល​រឿង ជា​មធ្យោបាយ ដើម្បីផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ។ ក្នុង​ចំណោម​រឿង​ទាំង​នោះ មាន​ដូច​ជា រឿង​បុរស​ព្រោះ​គ្រាប់​ពូជ​(ម៉ាកុស ៤:២៦) រឿង​គ្រាប់​ពូជ​ដ៏​តូច​ល្អិត ដែល​ដុះ​ចេញ​ជា​ដើម​ដ៏​ធំ (ខ.៣១) ។ល។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស បាន​បង្ហាញ​យ៉ាងច្បាស់​ថា ព្រះ​យេស៊ូវ​បាន​ប្រើ​ការ​តំណាល​រឿង នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ទូទៅ​(ខ.៣៤) ដើម្បី​ជួយពួក​គេ ឲ្យ​មើល​ឃើញ​លោកិយ​កាន់​តែ​ច្បាស់ និង​មាន​ការ​យល់​ដឹង​កាន់​តែ​ត្រឹម​ត្រូវ​ អំពី​ព្រះ ដែល​ស្រឡាញ់​ពួកគេ​។

ការ​ចាំ​រឿង​ក្នុង​ព្រះ​គម្ពីរ ​គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ព្រោះ​យើង​អាច​ប្រើ​រឿង​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ផ្សាយ​ដំណឹងល្អ នៃ​សេចក្តី​មេត្តា និង​ព្រះ​គុណ ដល់​អ្នក​ដទៃ។—John Blasé