មុន​ពេល​ដែល​លោក​ស្រី​បាបារ៉ា ប៊ូស(Barbara Bush) ដែល​ជា​ភរិយា​របស់​អតីត​ប្រធានា​ធិបតី​អាមេរិក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លា​ចាក​លោក គាត់​បាន​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​ថា “ម៉ាក់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ម៉ាក់។ ហើយ​ម៉ាក់​មិន​ខ្លាច​សេចក្តី​ស្លាប់​ទេ”។ នេះ​ជា​ប្រសាសន៍ ដោយ​មាន​ទំនុក​ចិត្ត និង​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់ ដែល​បាន​ឆ្លុះ​បញ្ចាំង​ អំពី​ជំនឿ​ដ៏​រឹង​មាំ និង​បានចាក់​ឫស​ចូល​ជ្រៅ។ គាត់​បាន​ពិសោធន៍​នឹង​អំណោយ​នៃ​សន្តិ​ភាព​របស់​ព្រះ​ជាម្ចាស់ ដែល​បាន​កើត​ឡើង ពី​ការ​ស្គាល់​ព្រះ​យេស៊ូវ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​កំពុង​តែ​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ក៏​ដោយ។​

លោក​ស៊ីម្មាន​ដែលជា​អ្នក​ក្រុង​យេរូសាឡិម នៅ​សតវត្សរ៍​ទី​១ ក៏​បាន​ពិសោធន៍​នឹង​សន្តិភាព​ដ៏​អស្ចារ្យ​នេះ តាម​រយៈ​ព្រះយេស៊ូវ​ផង​ដែរ។ នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បានប៉ះ​ពាល់​ចិត្ត​គាត់ គាត់​ក៏​បាន​ទៅ​ព្រះវិហារ ទន្ទឹម​នឹងពេល ដែល​នាង​ម៉ារា និង​លោក​យ៉ូសែប បាន​នាំព្រះ​ឱរ៉ស​យេស៊ូវ ទៅ​កាត់​ស្បែក នៅ​ព្រះវិហារ តាម​ការ​តម្រូវ​របស់​ក្រឹត្យ​វិន័យ សម្រាប់​កូន​ប្រុស​ដែល​ទើប​តែ​កើត។ ព្រះ​គម្ពីរ​មិន​បាន​និយាយ​ច្រើន អំពី​លោក​ស៊ីម្មាន​នោះ​ទេ តែ​តាមរយៈ​ការ​ពិពណ៌នា​របស់​លោក​លូកា គេ​អាច​និយាយ​បាន​ថា គាត់​ជា​មនុស្ស​ពិសេស​របស់​ព្រះ ដែល​សុចរិត និង​មាន​ជំនឿ​ខ្លាំង ដែល​កំពុង​តែ​រង់​ចាំ​ការ​យាង​មក​នៃ​ព្រះ​មែស៊ី ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ “ព្រះ​វិញ្ញាណ​បរិសុទ្ធ​បានសណ្ឋិត​លើ​គាត់”(លូកា ២:២៥)។ ប៉ុន្តែ ទាល់​តែ​គាត់​បាន​ឃើញ​ព្រះ​យេស៊ូវ ទើប​គាត់​បាន​ពិសោធន៍​នឹង​សន្តិភាព​ដ៏​ពិត ក្នុង​ជម្រៅ​ចិត្ត​គាត់។​

ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ពរ​ព្រះ​យេស៊ូវ ក្នុង​ដៃ​គាត់ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​សរសើរ​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​ការ​ពេញ​ចិត្ត​ទាំង​ស្រុង​ចំពោះ​ព្រះ​អង្គ​ថា “សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់”(ខ.២៩-៣០)។ គាត់​មាន​សន្តិ​ភាព​ក្នុង​ចិត្ត​ ព្រោះ​គាត់​បាន​មើល​ឃើញ​ក្តី​សង្ឃឹម ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​មក​ពិភព​លោក។​

ខណៈ​ពេល​ដែល​យើង​អប​អរ​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​សង្រ្គោះ ដែល​បាន​យាង​មក​តាម​ព្រះ​បន្ទូល​សន្យា ចូរ​យើង​អរសប្បាយ​នឹង​អំណោយ​នៃ​សន្តិ​ភាព ដែល​ព្រះ​ទ្រង់​បាន​ប្រទាន។​—Estera Pirosca Escobar