មាន​ពេល​មួយ យើង​បាន​ធ្វើ​ដំណើរ ដោយ​ទូរស័ព្ទ​យើង​គ្មាន​សេវា​ និង​គ្មាន​ផែន​ទី​កាន់​ក្នុង​ដៃ។ យើង​មាន​តែ​ការចង​ចាំ អំពី​ផែន​ទី​ដែល​គេ​បាន​បិទ នៅ​ច្រក​ចូល​ដើម្បី​នាំ​ផ្លូវ​យើង។ ជាង​១​ម៉ោង​ក្រោយ​មក ទី​បំផុត យើង​ក៏​បានចេញ​ពី​ក្នុង​ព្រៃ ចូល​ទៅ​ក្នុង​ចំណត​យាន​យន្ត។ យើង​បាន​បើក​ហួស​ផ្លូវ​បំបែក ដែល​ជា​ផ្លូវ​កាត់ សម្រាប់​ថ្មើរ​ជើង ចម្ងាយ​៨០០ម៉ែត្រ កាត់​ព្រៃ ដូច​នេះ យើង​ក៏​បាន​ដើរ​តាម​ផ្លូវ កាន់​តែ ឆ្ងាយ​ថែម​ទៀត។​

ជីវិត​របស់​យើង​អាច​មាន​លក្ខណៈ​ដូច​នេះ​ឯង។ ក្នុង​ការ​សម្រេច​ចិត្ត យើង​មិន​គ្រាន់​តែ​ត្រូវ​សួរ​ថា តើ​វា​ជា​ផ្លូវ​ត្រូវ ឬខុស​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​សួរ​ថា តើ​ផ្លូវ​នោះ​នឹង​នាំ​យើង​ទៅ​ដល់​ណា។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ប្រៀប​ធៀប​របៀប​នៃ​ការ​រស់​នៅ​ពី​ប្រភេទ គឺ​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​សុចរិត​(អ្នក​ដែល​ស្រឡាញ់​ព្រះ) និង​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​អាក្រក់​(សត្រូវ​របស់​អ្នក​ដែល​ស្រឡាញ់​ព្រះ)។ មនុស្ស​សុចរិត​ចម្រើន​ឡើង ដូចដើម​ឈើ តែ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្យល់​បក់​បោក​ប៉ើង​ទៅ​ឆ្ងាយ ដូច​អង្កាម(ខ.៣-៤)។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះបាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ការ​ចម្រើន​ឡើង​ពិត​ប្រាកដ មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ អ្នក​ដែល​មាន​ការ​ចម្រើន​ឡើង គឺ​ជា​អ្នក​ដែល​បាន​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ ដើម្បី​ទទួល​កម្លាំង​ជា​ថ្មី ក្នុង​ការ​រស់​នៅ។​

ដូច​នេះ តើ​យើង​អាច​ក្លាយ​ជា​មនុស្ស​ប្រភេទ​នេះ ដោយ​របៀប​ណា? បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ជំរុញ​យើង ឲ្យ​គេច​ចេញ​ពី​ទំនាក់​ទំនង ដែល​បង្ហិន​បំផ្លាញ និង​ទម្លាប់​អាក្រក់ ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យអរ​សប្បាយ​នឹង​សេចក្តី​បង្គាប់​របស់​ព្រះជា​ម្ចាស់​វិញ​(ខ.២)។ សរុប​មក យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​ជា​ម្ចាស់ “ថែរក្សា​ផ្លូវ​របស់​មនុស្ស​សុចរិត”(ខ.៦)។

ចូរ​ថ្វាយ​ផ្លូវ​របស់​អ្នក​ដល់​ព្រះ​ជា​ម្ចាស់ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ដឹក​នាំ​អ្នក ចេញ​ពី​ផ្លូវ​ចាស់ ដែល​គ្មាន​គោល​ដៅ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​គម្ពីរ​ធ្វើ​ជា​ទឹក​ទន្លេ ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ឫស​នៃ​ចិត្ត​របស់​អ្នក លូត​លាស់​ឡើង។—Glenn Packiam