ពេល​ដែល​ការ​វាយ​ប្រហារ​ដោយ​កាំបិត​មាន​ការ​កើន​ឡើង ពេញ​ទូទាំង​ចក្រ​ភព​អង់​គ្លេស មជ្ឈ​មណ្ឌល​ជាង​ដែក​អង់​គ្លេស​មាន​គំនិត​មួយ។ មជ្ឈ​មណ្ឌល​នេះ​បាន​ធ្វើ​ការ​ជា​មួយ​កង​កម្លាំង​ប៉ូលីស​ប្រចាំ​តំបន់ ដោយ​បង្កើត​ប្រអប់​ដាក់​កាំ​បិត​២​រយប្រអប់ យក​ទៅ​ដាក់​នៅ​ទូទាំង​ប្រទេស ហើយ​ក៏​បាន​ធ្វើ​យុទ្ធនា​ការណ៍​លើក​ទឹក​ចិត្ត ឲ្យ​គេ​យក​កាំបិត​មកប្រគល់​ក្នុង​ប្រអប់​នោះ។ ជា​លទ្ធ​ផល កាំបិត​ប្រហែល​១​សែន​ដើម​ ត្រូវ​បាន​គេ​យក​មក​ដាក់​ក្នុង​ប្រអប់​ទាំង​នោះ ជា​លក្ខណៈ​អនា​មិក ដែល​ក្នុង​នោះ មាន​កំាបិត​ខ្លះនៅ​មាន​ប្រឡាក់​ឈាម​នៅ​ឡើយ។ បន្ទាប់​មក គេ​ក៏​បាន​ដឹក​ជញ្ជូនកាំបិត​ទាំង​នោះ យក​ទៅ​ឲ្យ​លោក​អាលហ្វ៊ី ប្រេតលី(Alfie Bradley) ដែល​ជា​ជាងចម្លាក់។ គាត់​ក៏​បាន​ធ្វើ​ឲ្យ​មុខកាំបិត​ទាំង​នោះ​រិល​អស់ ហើយ​ក៏​បាន​ឆ្លាក់​ឈ្មោះ​ជន​រង​គ្រោះ ដោយសារ​ការ​វាយ​ប្រហារ​ដោយ​កាំបិត នៅ​លើ​ផ្លែកាំបិត​មួយ​ចំនួន ហើយ​ក៏​បាន​ឆ្លាក់​សារ​របស់​ជន​ល្មើស​ដែល​មាន​ការ​ស្តាយ​ក្រោយ ចំពោះ​ទង្វើរ​របស់​ខ្លួន នៅពីលើ​ផ្លែ​កាំបិត​ផ្សេង​ទៀត។ បន្ទាប់​មក គេ​ក៏​បាន​យក​កាំបិត​ទាំង​១​សែន​ដើម​នោះ មក​ផ្សា​ចូល​គ្នា បង្កើត​ជា​រូប​ចម្លាក់ទេវតាកាំបិត ដែល​មាន​កម្ពស់​៨​ម៉ែត្រ ដែល​មាន​ស្លាប​ធ្វើ​ពី​ដែក​ថែប​ពណ៌​ភ្លឺ​ផ្លេក។

ពេល​ខ្ញុំ​ឈរ​នៅ​ពី​មុខ​រូប​ចម្លាក់​ទេវតា​កាំបិត​នេះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ការ​កសាង​រូប​ចម្លាក់​នេះ បាន​ជួយ​ការពារ​ជីវិតមនុស្ស​ប៉ុន្មាន​ពាន់​នាក់ មិន​ឲ្យ​ត្រូវ​របួស ដោយសារ​ការ​វាយ​ប្រហារ​នឹង​កាំបិត។ ពេល​នោះ ​ខ្ញុំ​ក៏​បាន​គិត​ដល់​ការបើក​សម្តែង​របស់​ហោរា​អេសាយ អំពី​ផ្ទៃ​មេឃ និង​ផែនដី​​ថ្មី(​អេសាយ ៦៥:១៧) ជា​កន្លែង​ដែល​ក្មេង​ៗ​មិន​ស្លាប់ទាំង​អាយុ​ខ្លី (ខ.២០) ឬ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ភាព​ក្រីក្រ ដែល​នាំ​ឲ្យ​កើត​មាន​ឧក្រឹដ្ឋ​កម្ម​នោះ​ឡើយ(ខ.២២-២៣) ជា​កន្លែង​ដែល​លែង​មាន​ការ​វាយ​ប្រហារ​ដោយ​កាំបិត​ឬ​ដាវ ព្រោះ​ដាវ​ទាំង​អស់​នឹង​ត្រូវ​គេ​យក​ទៅ​កែ​ច្នៃ​ជា​វត្ថុ​ដែលមាន​ប្រយោជន៍​ជាង​នេះ​(២:៤)។

ផែនដី​ថ្មី​នេះ មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​ត្រូវ​តែ​អធិស្ឋាន និង​បម្រើ​រហូត​ដល់​ពេល​ដែល​វា​មក​ដល់​(ម៉ាថាយ ៦:១០)។ រូប​ចម្លាក់​ទេវតា​កាំបិត នៅ​ប្រទេស​អង់​គ្លេស បាន​ធ្វើ​ឲ្យ​យើង​គិត​ដល់​ពេល​អនាគត ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា។ ពេល​នោះ ដាវ​នឹង​ប្រែ​ក្លាយ​ជា​ផាល​នង្គ័ល។ អាវុធ​នឹង​ប្រែ​ក្លាយ​ជា​វត្ថុ​សីល្បៈ។ តើ​មាន​ការផ្លាស់​ប្រែ​អ្វី​ទៀត​នៅ​ពេល​អនាគត ដែល​យើង​អាច​គិត​ដល់? —Sheridan Voysey