កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន សត្វ​ត្រី​បាឡែន​ពិឃាត​មួយ​ក្បាល​ទៀត ឈ្មោះ តាលេខ្វះ(Talequah)បាន​បង្កើត​កូន។ ហ្វូងរបស់​ត្រី​បាឡែន​ពិឃាត តាលេខ្វះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សត្វ​ដែល​ជិត​ផុត​ពូជ ហើយ​កូន​របស់​វា ដែល​ទើប​តែ​កើតថ្មី​នោះ គឺ​ជា​ក្តី​សង្ឃឹម​របស់​ពួក​គេ សម្រាប់​ពេល​អនា​គត។ ប៉ុន្តែ កូន​របស់​វា​ក៏​បាន​ស្លាប់ បន្ទាប់​ពី​កើត​បាន​រយៈពេល​មិន​ដល់​១​ម៉ោង។ ​មេត្រី​បាឡែន​មួយ​ក្បាល​នេះបាន​រុញ​សាក​សព​របស់​កូន​វា កាត់​តាម​តំបន់​ទឹក​ត្រជាក់ ក្នុង​មហាសមុទ្រ​បាស៊ីភិច អស់​រយៈ​ពេល​៧០​ថ្ងៃ ទំរាំ​តែ​វា​អាច​ព្រលែង​សាក​សព​របស់​កូន​វា។ គេ​ក៏​បាន​ថតព្រឹត្តិការណ៍ដ៏​សោក​សៅ​នេះ ហើយ​ចាក់​ផ្សាយ​ឲ្យ​មនុស្ស​ទូទាំង​ពិភព​លោក​ទស្សនា។

ជួន​កាល អ្នក​ជឿ​ព្រះ​យេស៊ូវ ក៏​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ជម្នះ​ភាព​សោក​សង្រេង​ផង​ដែរ។ ជួន​កាល យើង​ខ្លាច​គេគិត​ថា ភាព​សោក​សង្រេង​របស់​យើង គឺ​ជា​សញ្ញា​បង្ហាញ​ថា យើង​កំពុង​តែ​ខ្វះ​សេចក្តី​សង្ឃឹម។ ប៉ុន្តែ ព្រះ​គម្ពីរ​បានចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​ស្រែក​រក​ព្រះ  ពេល​ដែល​ពួក​គេ​សោក​សង្រេង។ ការ​ពោល​ទំនួញ និង​ក្តី​សង្ឃឹម អាច​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប ដ៏​ស្មោះ​ត្រង់។

កណ្ឌ​គម្ពីរ​បរិទេវ ជា​កណ្ឌ​គម្ពីរ​ដែល​មាន​បទ​កំណាព្យ​៥​បទ ដែល​បង្ហាញ​ភាព​សោក​សង្រេង​របស់​អ្នក​ដែល​បានបាត់​បង់​ផ្ទះ​សម្បែង ត្រូវ​ពួក​ខ្មាំង​សត្រូវ​តាម​សម្លាប់ ហើយ​ក៏​ស្ទើរ​តែ​បាត់​បង់​ជីវិត(៣:៥២-៥៤) ហើយ​ពួក​គេ​ក៏​បានទួញ​យំ និង​ទូល​អង្វរ​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ភាព​យុត្តិ​ធម៌​(ខ.៦៤)។ ពួក​គេ​ស្រែក​រក​ព្រះ មិន​មែន​ដោយ​សារ​ពួក​គេអស់​សង្ឃឹម​នោះ​ទេ តែ​គឺ​ដោយ​សារ​ពួក​គេ​ជឿ​ថា​ ព្រះ​ជា​ម្ចាស់​កំពុង​តែ​ស្តាប់​ពួក​គេ។ ហើយ​ពេល​ដែល​ពួក​គេស្រែក​រក​ព្រះ​អង្គ ព្រះជា​ម្ចាស់​ក៏​បាន​យាង​មក​ជិត​ពួក​គេ​(ខ.៥៧)។

ការ​សោក​សង្រេង​អំពី​រឿង​ដ៏​សោក​សៅ​ក្នុង​ពិភព​លោក ឬ​ក្នុង​ជីវិត​យើង គឺ​មិន​មែន​ជា​ទង្វើរ​ខុស​ឆ្គង​ទេ។ ព្រះ​ជាម្ចាស់​តែង​តែ​ស្តាប់​យើង​អធិស្ឋាន​ជា​និច្ច ហើយ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​ប្រាកដ​ជា​នឹង​ទត​មើល​យើង ពីស្ថាន​សួគ៌​មក​មិន​ខាន។—Amy Peterson