នៅ​លើ​ឆក​នៃ​កោះ​ហាតេរ៉ាស ដែល​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​ឆ្នេរ​នៃ​រដ្ឋ​ឃែរ៉ូឡៃណា​ខាង​ជើង សហរដ្ឋ​អាមេរិក មាន​ប៉ម​បញ្ចាំង​ពន្លឺ​មួយ ដែល​ជា​ទី​រំឭក​ដល់​អ្នក​ដែល​បាន​ធ្វើ​ការ​ក្នុង​ស្ថានីយ​បញ្ចាំង​ពន្លឺ តាំង​ពី​ឆ្នាំ​១៨០៣។ គេ​បាន​ហៅអ្នក​ទាំង​នោះ​ថា “អ្នក​បញ្ចាំង​ពន្លឺ”។ គេ​បាន​ផ្លាស់​ប្តូរ​ទីតាំង​របស់​សំណង់​អគារ​នោះ ឲ្យ​នៅ​ឆ្ងាយ​ពី​សមុទ្រ ដោយ​សារ​ខ្សែ​បន្ទាត់​ឆ្នេរ​មាន​ការ​សឹក​រីក​រិល ហើយ​មិន​យូរ​ប៉ុន្មាន គេ​ក៏​បាន​ឆ្លាក់​ឈ្មោះ​របស់​អ្នក​បញ្ចាំង​ពន្លឺ​ទាំង​នោះ នៅ​លើ​ថ្ម​របស់​គ្រឹះ​ចាស់ ដោយ​រៀប​ចំ​ផ្លាក​ឈ្មោះ​នោះ​ ឲ្យ​បែរ​មុខ​ទៅ​រក​ទីតាំង​ថ្មី។​ នៅ​លើ​ផ្លាក​នោះ គេ​ក៏​បាន​ឆ្លាក់អក្សរ​ដើម្បី​ពន្យល់​ថា ការ​រៀប​ចំ​ដូច​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ក្នុង​ពេល​សព្វ​ថ្ងៃ អាច​ដើរ​តាម​គំរូ​របស់​អ្នក​បញ្ចាំង​ពន្លឺ​ទាំង​នោះ ហើយ​ “ថែរក្សា” ប៉ម​បញ្ចាំង​ពន្លឺ​ផង​ដែរ។​

ព្រះយេស៊ូវ​ជា​អ្នក​ប្រទាន​ពន្លឺ។ ព្រះ​អង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ ការ​អះ​អាង​របស់​ព្រះ​អង្គ​ត្រង់​ចំណុច​នេះ បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ ព្រះ​​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ ដើម្បី​បញ្ជាក់​ អំពី​ទំនាក់​ទំនង​ដែល​ព្រះ​អង្គ​មាន​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ជា​អ្នក​បង្កើត​ពន្លឺ និង​ជីវិត និង​ជា​អ្នក​ចាត់ព្រះ​អង្គ​ឲ្យ​យាង​ចុះ​មក។

ពេល​ណា​យើង​ទទួល​សេចក្តី​សង្រ្គោះ​ពី​ព្រះ​យេស៊ូវ ហើយ​ដើរ​តាម​ការ​បង្រៀន​របស់​ព្រះ​អង្គ គឺ​មាន​ន័យ​ថា យើង​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ ហើយ​ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​មាន​អំណាច និង​គោល​បំណង​ថ្មី។ ព្រះ​ជន្ម និង​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ មាន​អំណាច​កែ​ប្រែ​ជីវិត​មនុស្ស និង​ជា “ពន្លឺ​សម្រាប់​មនុស្ស​ទាំង​អស់”(១:៤) ដែលបាន​ចែង​ចាំង​ក្នុង​យើង និង​តាម​រយៈ​យើង ចូល​ទៅ​ក្នុង​លោកិយ​ដែល​ងងឹត ហើយ​ពេល​ខ្លះ មាន​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់។​

ក្នុង​នាម​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា “អ្នក​បញ្ចាំង​ពន្លឺ” ដល់​លោកិយ។ សូម​ឲ្យ​អ្នក​ដទៃ​បានឃើញ​ពន្លឺ​ព្រះ​អង្គ​ចេញ​ពី​យើង ហើយ​រក​ឃើញ​ជីវិត និង​ក្តី​សង្ឃឹម ដែល​មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​ប្រទាន​ឲ្យ​បាន!—James Banks