នៅ​សតវត្សរ៍​ទី​១៥ លោក​ថូម៉ាស់ អា ខេមភីស(Thomas à Kempis) បាន​និពន្ធ​សៀវ​ភៅ​ដ៏​ពេញ​និយម ដែល​មាន​ចំណង​ជើង​ថា ការ​ត្រាប់​តាម​ព្រះ​គ្រីស្ទ ។ ក្នុង​សៀវភៅ​នេះ​ គាត់​បាន​និយាយ​អំពី​ការ​ល្បួង តាម​របៀប​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច។ គាត់​បាន​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​ផ្តោត​ទៅ​លើ​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក ដែល​យើង​ទទួល​បាន​ពី​ការ​ល្បួង​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ការ​ល្បួង​មាន​ប្រយោជន៍ ព្រោះ​វា​អាច​នាំ​ឲ្យ​យើង​បន្ទាប​ខ្លួន លាង​សម្អាត​យើង និង​បង្រៀន​យើង​ផង​ដែរ។ គាត់​ក៏​បាន​ពន្យល់​ថា “គន្លឹះ​ដើម្បី​ឲ្យ​យើង​ទទួល​ជ័យ​ជម្នះ​ ត្រូវ​មាន​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់​ពិតប្រាកដ​។ ព្រោះ​យើង​អាច​ឈ្នះ​ខ្មាំង​សត្រូវ ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់”។

បើ​សិន​ជា​ខ្ញុំ​ឆ្លើយ​តប​ចំពោះ​ការល្បួង ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់ នោះ​របៀប​ដែល​ខ្ញុំ​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ​នឹងមាន​ការ​ផ្លាស់​ប្តូរ។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ឆ្លើយ​តប​ចំពោះ​ការ​ល្បួង ដោយ​ការ​ខ្មាស់​អៀន ចិត្ត​នឿយ​ណាយ និង​ការ​ប៉ុន​ប៉ងបញ្ចប់​ការ​លំបាក​នោះ ដោយ​ខ្វះ​ការ​អត់​ធ្មត់​ជា​ដើម។​

ប៉ុន្តែ តាម​បទ​គម្ពីរ​យ៉ាកុប ១ ការ​ល្បួង និង​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ គឺ​បាន​កើត​ឡើង ដោយ​មាន​គោល​បំណង គឺមិន​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង ដែល​យើង​ត្រូវ​ស៊ូទ្រាំ​ប៉ុណ្ណោះ​ឡើយ។ ការ​ចុះ​ចាញ់​ការ​ល្បួង អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ភាព​អន្ត​រាយ​(ខ.១៣-១៥) តែ​ពេល​ណា​យើង​ងាក​បែរ​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ចិត្ត​ដែល​បន្ទាប​ចុះ ដើម្បី​ស្វែង​រក​ប្រាជ្ញា និង​ព្រះ​គុណ​របស់​ព្រះ នោះ​យើង​នឹង​ដឹង​ថា ព្រះ​អង្គ​នឹង​ប្រទាន​ដល់​មនុស្ស ដោយ​សេចក្តី​សប្បុរស ឥត​បន្ទោស​ឡើយ(ខ.៥)។ តាម​រយៈ​អំណាច​ចេស្តា​របស់​ព្រះ​អង្គ ដែល​មាន​ក្នុង​យើង ទុក្ខ​លំបាក និង​ការ​តស៊ូ​ប្រឆាំង​នឹង​អំពើ​បាប នាំ​ឲ្យ​យើង​មាន​ការ​ស៊ូ​ទ្រាំ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ(ខ.៤)។

កាល​ណា​យើង​ទុក​ចិត្ត​ព្រះ​យេស៊ូវ នោះ​យើង​គ្មាន​ហេតុ​ផល ដែល​ត្រូវ​រស់​នៅ ​ក្នុង​ការ​ភ័យ​ខ្លាច​ឡើយ។ ក្នុង​នាម​ជា​កូនស្ងួន​ភ្ងា​របស់​ព្រះ យើង​អាច​រក​ឃើញ​សន្តិ​ភាព នៅ​ក្នុង​ការ​សម្រាក ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់ សូម្បី​តែ​នៅ​ពេលដែល​យើង​កំពុង​តែ​ប្រឈម​មុខ​ដាក់​ការ​ល្បួង​ក៏​ដោយ។​—Monica Brands