ពេល​ដែល​បដិវត្តន៍​អាមេរិក​បាន​បញ្ចប់ ដោយ​ចក្រ​ភព​អង់​គ្លេស​ព្រម​ចុះ​ចាញ់ និង​ប្រគល់​ឯក​រាជ្យ​ឲ្យ​អាមេរិក មាន​អ្នក​នយោ​បាយ និង​អ្នក​ដឹក​នាំ​កង​ទ័ព​ជា​ច្រើន បាន​ព្យាយាម​លើក​លោក​ឧត្តម​សេនីយ​ចច វ៉ាស៊ីនតោន(George Washington) ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​ប្រទេស​ថ្មី​មួយ​នេះ។ ពិភព​លោក​កំពុង​តែ​តាម​ដាន ដោយ​ចង់​ដឹង​ថា តើ​លោក​ឧត្តម​សេនីយ​ចច វ៉ាស៊ីនតោន(George Washington) នៅ​តែ​បន្ត​ប្រកាន់​យក​គោល​ការណ៍​នៃ​សិទ្ធិ​សេរីភាព​ឬ​ទេ ពេល​ដែល​គាត់អាច​កាន់​កាប់​អំណាច​ផ្តាច់​ការ​នៅ​ពេល​ណា​ក៏​បាន។  ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នោះ ស្តេច​ចច ទី​៣​(George III) នៃ​ចក្រ​ភព​អង់​គ្លេស​មាន​ការ​យល់​ឃើញ​ខុស​ពី​នេះ។ ទ្រង់​ជឿ​ថា បើ​លោក​វាស៊ីនតោន​ប្រឆាំង​ការ​ទាក់​ទាញ​ឲ្យ​ឡើងកាន់​អំណាច ហើយ​វិល​ត្រឡប់ទៅ​កសិដ្ឋាន​របស់​គាត់ នៅ​រដ្ឋ​វើជីនា​វិញ គាត់ “នឹង​ក្លាយ​ជា​មនុស្ស​ឧត្តុង​ឧត្តម្ភ​បំផុត ក្នុង​ពិភព​លោក”។ ត្រង់​ចំណុច​នេះ ទ្រង់​ជ្រាប​ថា ការ​ប្រឆាំង​នឹង​ការ​ទាញ់​ទាញ​ឲ្យ​ឡើង​កាន់​អំណាច គឺ​ជា​ភស្តុតាង​បញ្ជាក់ថា គាត់​ជា​មនុស្ស​ដែល​ពិត​ជា​គួរ​ឲ្យ​គោរព និង​មាន​តម្លៃ។​

សាវ័ក​ប៉ុល​បាន​ដឹង​អំពី​សេចក្តី​ពិត​នេះ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ដើរ​តាម​ព្រះ​គ្រីស្ទ ដោយ​ការ​បន្ទាប​ខ្លួន។ ទោះ​ព្រះ​យេស៊ូវ “មាន​លក្ខណៈ​ជា​ព្រះ​ទាំង​ស្រុង”ក៏​ដោយ ទ្រង់​មិន​បាន​ចាត់​ទុក​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ(ភីលីព ២:៦)។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​លះ​បង់​អំណាច​របស់​ព្រះ​អង្គ ដោយ​ក្លាយ​ជា​ “អ្នក​បម្រើ” និង​​ “បន្ទាប​ព្រះ​កាយ ដោយ​ស្តាប់​បង្គាប់​ព្រះ​វរបិតា ដល់​អស់​ព្រះ​ជន្ម”(ខ.៧-៨)។ ព្រះ​ដែល​មាន​គ្រប់​អំណាច​ចេស្តា បានលះ​បង់​អំណាច​របស់​ព្រះ​អង្គ​ទាំង​អស់ ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង​រាល់​គ្នា។​

តែ​បន្ទាប់​ពី​ព្រះ​គ្រីស្ទ​លះ​បង់​ព្រះ​ជន្ម ព្រះ​វរបិតា​ក៏​បាន​លើក​ដំកើង​ព្រះ​អង្គ ពី​ភាព​ជា​អ្នក​ទោស​នៅ​លើ​ឈើ​ឆ្កាង “ទៅ​កន្លែងដែល​ខ្ពស់​បំផុត”(ខ.៩)។ ព្រះ​យេស៊ូវ​អាច​ទាម​ទា​ការ​សរសើរ និង​អាច​បង្ខំ​យើង​ឲ្យ​ស្តាប់​បង្គាប់​ទ្រង់ តែ​ព្រះ​អង្គ​បាន​លះ​បង់អំណាច​របស់​ព្រះ​អង្គ តាម​របៀប​ដែល​គួរ​ឲ្យ​កោត​សរសើរ​បំផុត ដែល​សម​នឹង​ឲ្យ​យើង​ថ្វាយ​បង្គំ និង​មាន​ភាព​ស្ម័គ្រ​ស្មោះចំពោះ​ព្រះ​អង្គ។ តាម​រយៈ​ការ​បន្ទាប​ខ្លួន​ឲ្យ​ទាប​បំផុត ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ​នូវ​ភាព​ធំ​ប្រសើរ​ដ៏​ពិត ដែល​នាំ​មក​នូវការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ​សម្រាប់​ពិភព​លោក។—Winn Collier