ដើម្បី​ភ្ជួរ​ដី​ឲ្យ​ត្រូវ​ជួរ កសិករ​ចាំ​បាច់​ត្រូវ​បើក​ត្រាក់​ទ័រ ដោយ​មើលទៅ​មុខ​ឲ្យ​ត្រូវទិសដៅ ហើយ​កាន់​ចង្កូត​ឲ្យ​នឹង។ ប៉ុន្តែ ​សូម្បី​តែ​អ្នក​ដែល​មាន​ភ្នែក​ភ្លឺ​ល្អ​បំផុត ក៏​នៅ​តែ​ភ្ជួរ​ខុសជួរ​ ហើយ​សូម្បី​តែ​អ្នក​ដែល​មាន​ដៃ​រឹង​មាំ​បំផុត ក៏​នៅ​តែ​មាន​ការ​ចុករោយ​ដែរ។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ នៅ​ប្រទេស​ជឿន​លឿន គេ​បាន​ប្រើ​ចង្កូត​ស្វ័យ​ប្រវត្តិ ដែល​ជា​បច្ចេក​វិទ្យា​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​ជីភីអេស ដែល​អនុញ្ញាត​ឲ្យ​ត្រាក់​ទ័រ​ភ្ជូរ​ដី ដាំ​ដំណាំ ប្រមូល​ផល និង​បាញ់​ថ្នាំ ឬ​ជី ត្រូវ​ជួរ​ល្អ។ វិធី​សាស្រ្ត​នេះ​គឺ​ពិត​ជា​មានប្រសិទ្ធ​ភាព​ណាស់ ដោយ​កសិករ​មិន​ចាំ​បាច់​កាន់​ចង្កូត​ឡើយ។​ សូម​ស្រមៃ​ថា អ្នក​កំពុង​តែ​អង្គុយ​នៅ​លើ​ត្រាក់​ទ័រ​ធំ​មួយគ្រឿង ដែល​កំពុង​តែ​ភ្ជួរ​ដី ដោយ​អ្នក​មិន​ចាំ​បាច់​ត្រូវ​កាន់​ចង្កួត តែ​បែរ​ជា​អាច​កាន់​នំប៉័ង​សាំង​វិច​សាច់​គោ​ញាំ​យ៉ាង​ឆ្ងាញ់ពិសារ​។ ព្រោះ​ឧបករណ៍​ដ៏​អស្ចារ្យ​នេះ​បាន​ធ្វើ​ឲ្យ​ត្រាក់​ទ័រ​របស់​អ្នក​បើក​ត្រង់​ទៅ​មុខ ត្រូវ​តាម​គន្លង ដោយ​មិន​ពិបាក​ទប់​ចង្កូត​។​

អ្នក​ប្រហែល​ជា​នៅ​ចាំ​ព្រះ​នាម​របស់​ស្តេច​យ៉ូសៀស។ ទ្រង់​បាន​ឡើង​សោយ​រាជ្យ​ជា​ស្តេច ក្នុង​ព្រះ​ជន្ម “៨​ឆ្នាំ”(២ពង្សាវតាក្សត្រ ២២:១)។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​ទ្រង់​មាន​ព្រះ​ជន្ម​ប្រហែល​២៥​ឆ្នាំ លោក​ហ៊ីល​គីយ៉ា​ដែល​ជា​សម្តេច​សង្ឃ​ក៏បាន​រក​ឃើញ “គម្ពីរ​ក្រឹត្យ​វិន័យ” ក្នុង​ព្រះ​វិហារ(ខ.៨)។ បន្ទាប់​មក គេ​ក៏​បាន​អាន​គម្ពីរ​នោះ​ឲ្យ​ស្តេច​វ័យ​ក្មេង​អង្គ​នេះ​ស្តាប់។ ទ្រង់​ក៏​បាន​ហែក​ព្រះ​ពស្ត្រ​ទ្រង់ ដោយការ​សោក​សង្រេង ចំពោះ​ការ​ដែល​ពួក​ឰយុកោ​របស់​ទ្រង់​មិន​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់។ ស្តេច​យ៉ូសៀស​ក៏​បាន​ប្រព្រឹត្ត​អំ​ពើ​ដ៏ “ត្រឹម​ត្រូវ នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អម្ចាស់”(ខ.២)។ គម្ពីរ​ក្រឹត្យ​វិន័យ​នោះ​ក៏​បានក្លាយ​ជា​ឧបករណ៍​សម្រាប់​ដឹក​នាំ​រាស្រ្ត​របស់​ព្រះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​រេរា​ម្តង​ទៅ​ឆ្វេង ម្តង​ទៅ​ស្តាំ​នោះ​ឡើយ។ ការ​បង្រៀន​របស់​ព្រះ​អម្ចាស់ ក្នុង​ព្រះ​គម្ពីរ​នោះ​បាន​តម្រង់​ផ្លូវ​របស់​ពួក​គេ។​

ការ​អនុញ្ញាត​ឲ្យ​ព្រះ​គម្ពីរ​ដឹក​នាំ​ជីវិត​យើង ជា​រៀង​រាល់​ថ្ងៃ ជួយ​ឲ្យ​ជីវិត​យើង​រស់​នៅ​ស្រប​តាម​ការ​ស្គាល់​ព្រះ​ជា​ម្ចាស់ និងស្រប​តាម​ព្រះ​ទ័យ​ទ្រង់។ ព្រះ​គម្ពីរ​ប៊ីប​ជា​ឧបករណ៍​ដ៏​អស្ចារ្យ ដែល​ជួយ​ឲ្យ​យើង​បោះ​ជំហាន​ត្រង់​ទៅ​មុខ តាម​ផ្លូវ​ព្រះ ដរាប​ណា​យើង​ដើរ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ដែល​មាន​ចែង​ខាង​ក្នុង​ព្រះ​គម្ពីរ។​​—John Blasé