មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​និយាយ​ថា  “នាង​មើល​តាម​បង្អូច​បណ្ណាគារ​ ឃើញ​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​នៅ​ខាង​ក្រៅ”។ របៀប​នៃ​ការ​និយាយ​របស់​នាង​បាន​បង្ហាញ​ថា នាង​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច។ យើង​ក៏​ដឹង​ផង​ដែរ​ថា អគារ​មហា​វិទ្យាល័យ​របស់​នាង គឺ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត សម្រាប់​នាង និង​និស្សិត​ជិត​៣​ពាន់​នាក់។ កាល​ពី​ឆ្នាំ​២០១៨ ភ្លើង​ឆេះ​ព្រៃ​វូលសេយ បាន​រាល​ដាល​យ៉ាង​ឆាប់​រហ័ស លឿន​ជាង​ការ​រំពឹង​គិត​របស់​មនុស្ស​គ្រប់​គ្នា ជា​ពិសេស​ភ្នាក់​ងារ​ពន្លត់​អគ្គី​ភ័យ។ ឆ្នាំ​នោះ​តំបន​ជ្រលង​ភ្នំ នៅ​រដ្ឋ​កាលីហ្វូញ៉ា មាន​អាកាស​ធាតុ​ក្តៅ និង​ស្ងួត​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត ទន្ទឹម​នឹង​នោះ បូក​រួម​នឹង​ខ្យល់​បក់​បោក​ខ្លាំង​ខុស​ធម្មតា ពី​តំបន់​សាន់​តា អាណា បាន​នាំ​ផ្កា​ភ្លើង​តែ​បន្តិច ចូល​ទៅ​ដុត​បំផ្លាញ​ព្រៃឈើ អស់​៤​ម៉ឺន​ហិចតា និង​បំផ្លិច​បំផ្លាញ​សំណង់​អគារ​អស់​១៦០០​ខ្នង ហើយ​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់ បាត់​បង់​ជីវិត។​ នៅ​ក្នុង​រូប​ថត ដែល​គេ​បាន​ថត បន្ទាប់​ពី​គេ​បាន​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ភ្លើង​ឆេះ​ព្រៃ​នេះ យើង​ឃើញ​តំបន់​ឆ្នេរ​បាន​ប្រែក្លាយ​ជា​វាល​រហោ​ស្ថាន ដែល​ក្រៀម​ក្រោះ គ្មាន​ជីវិត ដូច​ផ្ទៃ​ដី​នៅ​ស្ថាន​ព្រះ​ច័ន្ទ។​

ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប អ្នក​និពន្ធ​បាន​និយាយ​អំពី​វត្ថុ​តូច​ៗ តែ​មាន​អំណាច​ណាស់ ដែល​មាន​ដូច​ជា ​ដែក​បង្ខាំ​ក្នុង​មាត់​សេះ និង​ចង្កូត​សំពៅ​(៣:៣-៤)។ យើង​ប្រហែល​ជា​ធ្លាប់​ស្គាល់​ឧបករណ៍​ទាំង​នេះ​ហើយ។ ប៉ុន្តែ គាត់​បាន​និយាយ​អំពី​វត្ថុ​ម្យ៉ាង ដែល​យើង​គ្រប់​គ្នា​សុទ្ធ​តែ​ស្គាល់ សុទ្ធ​តែ​មាន​ដូច​គ្នា គឺ​អណ្តាត។ ជំពូក​នោះ​បាន​បង្រៀន​គ្រូ​បង្រៀន​ព្រះ​បន្ទូល​ទំាង​ឡាយ មុន​គេ​(ខ.១) បន្ទាប់​មក ការ​បង្រៀន​នេះ​ក៏​សម្រាប់​យើង​រាល់​គ្នា​ផង​ដែរ។​

អណ្តាត​តូច​ទេ តែ​វា​អាច​នាំ​មក​នូវ​វិនាស​កម្ម​ដ៏​ធ្ងន់​ធ្ងរ។​

អណ្តាត​ដ៏​តូច​របស់​យើង មាន​អំណាច​ណាស់ ប៉ុន្តែ ព្រះ​ដ៏​ធំ​របស់​យើង មាន​អំណាច​ជាង។ ជំនួយ​ដែល​ព្រះ​អង្គ​ប្រទានជា​រៀង​រាល់​ថ្ងៃ នាំ​ឲ្យ​យើង​មាន​កម្លាំង​គ្រប់​គ្រង​ពាក្យ​សម្តី​របស់​យើង។​—JOHN BLASÉ