បន្ទាប់​ពី​ក្មេង​ប្រុស​ម្នាក់ បាន​ជួប​បញ្ហា​ប្រឈម នៅ​សាលា ឪពុក​របស់​គាត់ ក៏​បាន​ចាប់​ផ្តើម​បង្រៀន​គាត់ ឲ្យ​ទន្ទេញ​ការប្តេជ្ញា​ចិត្ត​មួយ​ឲ្យ​ចាំ ហើយ​រៀង​រាល់​ពេល​ព្រឹក មុន​ទៅ​សាលា គាត់​ត្រូវ​សូត្រ​ថា “ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ដាស់​ខ្ញុំ​ឡើង នៅ​ថ្ងៃ​នេះ។ ខ្ញុំ​ទៅ​រៀន​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ តាម​បំណង​ព្រះ​ទ័យ​ព្រះ”។ បុរស​ជា​ឪពុក​សង្ឃឹម​ថា ការ​ប្តេជ្ញា​ចិត្ត​នេះ​នឹង​ជួយ​ឲ្យ​កូន​ប្រុស​គាត់ អនុវត្ត​តាម​អ្វី​ដែល​គាត់​បាន​ប្តេជ្ញា​ចិត្ត ហើយ​អាច​ជម្នះ​បញ្ហា​ប្រឈម​ក្នុង​ជីវិត ដែល​មិន​អាច​ជៀស​រួច។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ កាល​ពួក​គេ​នៅ​វាល​រហោ​ស្ថាន​។ កាល​នោះ​​ព្រះ​អង្គ​បាន​បង្គាប់​ថា “សេចក្តី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង”(ចោទិយកថា ៦:៦-៧)។

បន្ទាប់​ពី​ពួក​អ៊ីស្រា​អែល​បាន​វង្វេង​នៅ​វាល​រហោ​ស្ថាន អស់​រយៈ​ពេល​៤០​ឆ្នំា អ្នក​ជំនាន់​ថ្មី​ក៏​បាន​ត្រៀម​ខ្លួន​ចូល​ទឹក​ដី​សន្យា។ ព្រះ​ជា​ម្ចាស់​ជ្រាប​ថា ការ​នេះ​មិន​ងាយ​ទទួល​ជោគ​ជ័យ​ឡើយ ទាល់​តែ​ពួក​គេ​ផ្តោត​ទៅ​លើ​ព្រះ​អង្គ។ ដូចនេះហើយ ព្រះ​អង្គ​ក៏​បាន​ជំរុញ​ពួក​គេ​តាម​រយៈ​លោក​ម៉ូសេ ឲ្យ​ចង​ចាំ និង​ស្តាប់​បង្គាប់​ព្រះ​អង្គ ហើយ​ជួយ​កូន​ពួក​គេ ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះ ដោយ​ជជែក​គ្នា​អំពី​ព្រះ​បន្ទូល​ព្រះ​អង្គ “កាល​ពួក​គេ​អង្គុយ​នៅ​ផ្ទះ និង​នៅ​ពេល​ពួក​គេ​ដើរ​តាមផ្លូវ ពេល​ដែល​ពួក​គេ​អង្គុយ​ចុះ ក្នុង​កាល​ដែល​ដេក និង​ក្រោក​ឡើង​ផង”(ខ.៧)។

ជា​រៀង​រាល់​ថ្ងៃ យើង​ក៏​អាច​ប្តេជ្ញា​ចិត្ត អនុញ្ញាត​ឲ្យ​ព្រះ​គម្ពីរ​ដឹក​នាំ​ចិត្ត និង​គំនិត​យើង​ ខណៈ​ពេល​ដែល​យើង​កំពុង​រស់​នៅ ដោយ​ការ​ដឹង​គុណ​ដល់​ព្រះ​អង្គ។—ALYSON KIEDA